GuidePedia

0
សមាគមកីឡាបាល់គប់ភ្នំពេញ PPDA បាន ប្រកាសរៀបចំការប្រកួតកីឡាបាល់គប់ (Dodgeball) ទូទាំងប្រទេសកម្ពុជាជាលើកដំបូង ឆ្នាំ២០១៥នៅ លើទីលានក្លឹបកីឡាវាយសីខេមរៈ ជាមួយនឹងអ្នកចូលរួមប្រមាណ ១០០ នាក់ដោយរាប់បញ្ចូលទាំងកីឡាករកម្ពុជា និងបរទេសជាង ៧០នាក់មកពីមជ្ឈដ្ឋានបុគ្គលិកអង្គការក្រៅ រដ្ឋាភិបាល សិស្ស និស្សិត និងពាណិជ្ជករជាដើម ។


គោលបំនងនៃការប្រកួតនេះគឺ ដើម្បីពង្រីកការលូតលាស់ នៃកីឡាដ៏ថ្មីស្រឡាងនៅក្នុងសហគមន៍កីឡា ក្នុងទីក្រុងភ្នំពេញ ។ លើសពីនេះទៀត ក៏ដើម្បីលើកទឹកចិត្តដល់ប្រជាជនឲ្យបានយល់ ដឹងកាន់តែច្រើនអំពីកីឡាគប់បាល់នេះ ដែលផ្តល់នូវ ភាពសប្បាយ និងការផ្លាស់ប្តូរបទពិសោធន៏ រវាងប្រជាជនកម្ពុជា និងជនបរទេសដើម្បីទទួលបាននូវសុខភាព ល្អក្នុងបរិយាកាសដ៏រីករាយ ។

ការចាប់ផ្តើមនូវយុទ្ធនាការលើកដំបូងនេះដែរ ត្រូវបានចែកចេញជា៨ក្រុម ដោយក្នុងមួយក្រុមមានគ្នា៩នាក់ធ្វើការប្រកួត វិលជុំនៃវគ្គជម្រុះ វគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជ័យលាភីលេខ១ ខណៈដែលវគ្គលើកទឹក ចិត្តក៏ត្រូវបានធ្វើឡើងផងដែរ សម្រាប់ក្រុមដែលមិនអាចឈានទៅ វគ្គដណ្តើមជើងឯកបាន ។

ក្រៅពីទិដ្ឋភាពនៃការប្រកួតប្រជែង ក្រុមនីមួយៗនឹងត្រូវ បង្ហាញនូវរហសនាមដ៏ពិសេស និងមានតែមួយគត់ របស់ពួកគេក៏ដូចជាការបង្ហាញនូវក្បាច់រាំ ដើម្បីទទួលរង្វាន់ដែលឧបត្ថម្ភដោយ ហាងតែ និងការ៉េម បាប់ប៊ល (Bubbles), អានា ប៊ែលឡាតាកូស (Anabella’s Tacos), និងហាងកាហ្វេ អាល់ម៉ា (ALMA) ។ ទាំងនេះសរបញ្ជាក់ពីការ ចាប់ផើ្តមដ៏អស្ចារ្យសម្រាប់អនាគត នៃកីឡាបាល់គប់នៅទីក្រុងភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះដែរលោក ចន ម៉ាង់ហ្គើ (John Munger) ស្ថានិក និងកីឡាករម្នាក់ផងដែរនោះបានថ្លែង ឲ្យដឹងថា “ការប្រកួតនេះជាបទ ពិសោធន៍ដ៏អស្ចារ្យមួយ និងមានការចូលរួមពីកីឡាករពិសេសៗជាច្រើន ដែលបានចូលរួមចែករំលែក នូវភាពសប្បាយរីករាយ និងបង្កើនមិត្តភាពតាមរយៈការលេងកីឡាគប់បាល់នេះ ។ជាមួយនឹងភាពសប្បាយរីក រាយនេះ អ្នកពិតជាមិនគួរឲ្យជឿទេថា វាជាការធ្វើលំហាត់ប្រាណផងដែរក្នុងពេលជាមួយគ្នានេះ” ។


សូមបញ្ជាក់ដែរថា សមាគមកីឡាបាល់គប់ភ្នំពេញ គឺជាសម្ព័ន្ធកីឡាដែលបានចាប់កំណើត ឡើងនៅចុងខែកក្កដា ឆ្នាំ២០១៤ ដោយស្ថាបនិក John Munger ដោយមានកើនឡើងបន្តិចម្តងៗពីការចូលរួមលេងពីសំណាក់កីឡាករ កម្ពុជា និងជនបរទេស ។ហើយមិនយូរមិន ឆាប់នៅថ្ងៃអនាគតដ៏ខ្លី សមាគមកីឡាបាល់គប់ភ្នំពេញ នឹងពង្រីកសក្តានុពលភាព របស់ខ្លួនទៅដល់ការប្រកួតលក្ខណៈអន្តរជាតិ ជាមួយបណ្តាក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ផងដែរ ៕

Post a Comment

 
Top