GuidePedia

0
សិស្ស​និស្សិត​របស់​សាកល​វិទ្យាល័យភូមិន្ទ​​ភ្នំពេញ ជិត​១០០​នាក់ កំពុង​បង្កើន​ការ​ហ្វឹក​ហាត់​តេក្វាន់ដូ យ៉ាង​សស្រាក​សស្រាំ នៅ​ក្នុង​ក្លិប​តេ​ក្វាន់​ដូ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ តែ​ម្តង​ ដើម្បី​បង្កើន​សមត្ថ​ភាព​បែប​ជា​អ្នក​ហាត់​គុន បន្ថែម​ទៅ​លើ​​ការសិក្សា​យក​ជំនាញ​ផ្សេងៗ​គ្នា​របស់​ពួក​គេ។

គួរ​បញ្ជាក់​ថា ក្លិប​តេ​ក្វាន់​ដូ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ត្រូវ​បាន​បង្កើត​ឡើង ក្រោម​ការផ្ដួចផ្ដើម​របស់​ម​ជ្ឈ​មណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូ​រ៉េ ដោយ​មាន​​គ្រូ​បង្វឹក​ជន​ជាតិ​កូរ៉េ និង​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​តេក្វាន់​ដូ​កម្ពុជា​ លោក ឆយ យ៉ុងសុក ជា​អ្នក​គ្រប់​គ្រង​ផ្ទាល់ និងមាន​គ្រូ​បង្វឹក​ខ្សែ​ក្រវាត់​ខ្មៅ ជា​អ្នក​បង្ហាត់​ជា​ប្រចាំ​ថ្ងៃគឺ​​នៅ​រៀង​រាល់​ពេល​ល្ងាច​ចាប់​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​អាទិត្យ​តែ​ម្តង ហើយ​តាម​រយៈ​ការ​បើក​ឲ្យ​ដំណើរ​ការ​អស់​រយៈពេល​៣​ខែ​កន្លង​មក​នេះ ក្លិប​តេក្វាន់ដូថ្មី​មួយ​នេះ មាន​អ្នក​ចូល​ហាត់​កាន់​តែ​ច្រើន ហើយ​សមត្ថ​ភាព​ប្រកួត​របស់​ពួក​គេ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។

លោក​ ឃួន ថា​វុ​ធ ​​នាយក​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​កម្ពុ​ជា-កូ​រ៉េ បាន​ថ្លែង​​ថា​៖​«នៅ​ថ្ងៃ​បើក​ក្លិប​ដំបូង ​កីឡាករ​​កីឡាការិនី​របស់យើង ពាក់​ខ្សែក្រវាត់​ពណ៌ស តែ​មក​ដល់ពេលនេះ​គ្រប់គ្នា​ ​បាន​ពាក់​ខ្សែក្រវាត់​ពណ៌​លឿងទាំង​អស់ ហើយ​​ពួកគេ​កំពុងតែ​ធ្វើដំណើរ​ឆ្ពោះ​​ទៅកាន់ការ​ទទួល​បាន​​ខ្សែក្រវាត់​ពណ៌​ខ្មៅ ព្រោះ​ការហ្វឹក ហាត់​របស់​ពួក​គេ​មានការ​រីកចម្រើន​ល្អ​ណាស់​។ ប៉ុន្តែ​យើង​មិន​អាច​បញ្ជូន​ឲ្យ​ពួក​គេ ទៅ​ចូល​រួម​ការ​ប្រកួតជ្រើសរើស​​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ២០១៥​នេះទេ ​ព្រោះ​ពួកគេ​នៅ​ខ្ចី​​ពេក ​តែ​ឆ្នាំក្រោយ​​យើង​​នឹង​​ចូលរួម​ជាមិនខាន»។​

​ក្លិប​តេក្វាន់ដូ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ពេល​នេះ មាន​កីឡាករ កីឡាការិនី​ចូល​ហាត់​ប្រហែល​៩០​​នាក់ ដែល​មាន​អាយុ​ចាប់​ពី​១០​ឆ្នាំ ដល់​២៨​ឆ្នាំ ហើយ​អ្នក​ទាំង​នេះ​ត្រូវ​បានបែង​ចែក​ការ​ហ្វឹក​ហាត់ទៅ​តាម​វេន​យ៉ាង​ត្រឹម​ត្រូវ ដោយ​​ក្នុង​១វេនមាន​គ្នា​​មិន​លើស​ពី​៤០​នាក់​នោះ​ទេ ក្រោម​ការ​បង្ហាត់​​របស់​គ្រូ​ជំនាញចំនួន​២​រូប​គឺ​ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ពួក​គេ​ត្រូវ​​ហាត់​ជាមួយ​គ្រូ​បង្វឹក​មក​ពី​សាលាករុកោសល្យលោក លឹម ធា ឯ​​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ត្រូវ​ហ្វឹក​ហាត់​ជាមួយ​កីឡាករជម្រើស​ជាតិ រិន ប៊ុនហួត។

លោក លឹម ធា ដែល​​មាន​កម្រិត​​ខ្សែ​ក្រវាត់​ខ្មៅ​២​ដាន់​នោះ បាន​ប្រាប់​កាល​ពី​ម្សិល​មិញ​ថា៖​«ខ្ញុំ​​បង្ហាត់​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ដោយ​ចែក​ជា​២​វេន គឺ​វេន​ទី​១​ចាប់​ពី​ម៉ោង​៥​ល្ងាច់​ដល់​ម៉ោង​៦:៣០ និង​វេន​ទី​២ ចាប់​ពី​ម៉ោង​៦:៣០ ដល់​ម៉ោង ៧:៣០ ហើយ​​​អ្នក​មក​ហាត់​នៅ​ទី​នេះ​ភាគ​ច្រើន​ជា​សិស្ស​និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​​មាន​មក​ពី​តាម​សាលា​ផ្សេងៗ​ខ្លះ​ដែរ»។


គ្រូ​បង្វឹក​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា៖​« ការ​ហ្វឹក​ហាត់​របស់​ពួក​គេ​មាន​ការ​រីក​ច្រើន​​ឆាប់​រហ័ស ព្រោះ​​​​ម្នាក់ៗ​​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ខិត​ខំ​ប្រឹង​ប្រែងក្នុង​ការ​ហ្វឹក​ហាត់​ ហេតុ​នេះ​ខ្ញុំ​គិត​ថា ទម្រាំង​ដល់ការ​ប្រកួត​កីឡា​តេក្វាន់​ដូ ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០១៦ គឺ​​អត្ត​ពលិក​​នៅ​ក្នុង​ក្លិប​តេក្វាន់ដូ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​ក្លិប​ផ្សេងៗ​ទៀត​បាន»៕

Post a Comment

 
Top