GuidePedia

0
ក្រុមកីឡាករទ្រីយ៉ាត្លុងកម្ពុជា៤រូបដែលចូលរួម ប្រកួតពានរង្វាន់ The 2nd Golden Triangle International Triathlon 2015 លើកដំបូងនៅប្រទេសថៃ បានទទួល លទ្ធផល យ៉ាងល្អប្រសើរ ។ នេះបើយោងតាមការអះអាង របស់លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធ កីឡាទ្រីយ៉ាត្លុងកម្ពុជា រាយការណ៍ ពីខេត្តឈាងរ៉ៃ ប្រទេសថៃនៅរសៀលថ្ងៃទី២៩ ខែមីនានេះ ។


លោក ងិន សុបញ្ញា បានថ្លែងឲ្យដឹងថា ដំបូងឡើយកម្ពុជាបានត្រៀមកីឡាករតែ ២រូបប៉ុណ្ណោះ ដើម្បីចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍អន្ដរជាតិខាងលើ ដែលជា កីឡាកររបស់សមាគមកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃ ប៉ុន្ដែដោយសារមានការផ្លាស់ប្ដូរកម្មវិធី ដែលក្រសួងទេសចរណ៍ថៃ ស្នើឲ្យមានការចូលរួមបន្ថែមនោះ ស្រប ពេលកម្ពុជាមានកីឡាករហ្វឹកហាត់នៅប្រទេសថៃស្រាប់ កម្ពុជាក៏បានបញ្ចូលឈ្មោះកីឡាករ២រូបទៀតតែម្ដង ។ កីឡាករទាំង៤រូបរួមមាន ចេង ចាន់តារា, ឆោម ប៊ុនថន, ឆោម ប៊ុនថា និងកីឡាករ នាង ពេជ្រពិសិដ្ឋ ។

លោកបានបន្ដថា ក្នុងការប្រកួតដែលមានកីឡាករប្រមាណ ២០០នាក់ មកពីជិត ១០ប្រទេសក្នុងតំបន់ចូលរួមនោះ ទោះបីកីឡាករ កម្ពុជា មិនបានចំណាត់ថ្នាក់ លេខ ១ ប៉ុន្ដែក្រោយការហ្វឹកហាត់រយៈពេល១ខែនៅថៃ ពួកគេមានការរីកចម្រើនជាងមុន ដែលអាចប្រកួតប្រជែងជាមួយកីឡាករខ្លាំងៗបានដូចជា ចេង ចាន់តារា ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្នុងវិញ្ញាសាអាយុលើស ២៩ឆ្នាំ ដោយប្រើថិរវេលា ២ម៉ោង និង ២៥នាទី ខណៈកីឡាករ នាង ពេជ្រពិសិដ្ឋ ជាប់លេខ៦ លើវិញ្ញា សា អាយុក្រោម២៩ឆ្នាំ ដោយប្រើថិរវេលា២ម៉ោង និង១៩នាទី ។

ចំណែកីឡាករ ឆោម ប៊ុនថន គឺជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមអត្តពលិកជិត២០០នាក់ ដែលប្រកួតលើវិញ្ញាសាអាយុលើ ២៩ឆ្នាំ ដោយប្រើថិរវេលា ២ម៉ោង និង ២៦នាទី ប៉ុន្ដែកីឡាករ ឆោម ប៊ុនថា ជាប់លេខ៨ លើវិញ្ញាសាអាយុក្រោម២៩ឆ្នាំ ដោយប្រើថិរវេលា២ម៉ោង និង២៣នាទី ។

លោក ងិន សុបញ្ញា បានបញ្ជាក់ថា លទ្ធផលនៅពេលនេះ ត្បិតតែមិនសូវល្អក៏ពិតមែន ប៉ុន្ដែលោកអាចចាត់ទុកជាលទ្ធផលល្អប្រសើរ ព្រោះការហ្វឹកហាត់របស់ កីឡាករ ទ្រីយ៉ាត្លុងកម្ពុជា នៅប្រទេសថៃ ពិតជាមានការរីកចម្រើនពិតមែន ហើយវាក៏ជាក្ដីសង្ឃឹមថា ដំណើរឆ្ពោះទៅដណ្ដើមមេដាយ SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី ជូនប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខផងដែរ ។


ចំពោះកីឡាករកម្ពុជា ដែលកំពុងហ្វឹកហាត់នៅថៃ នឹងបន្ដហ្វឹកហាត់រហូតដល់ព្រឹត្តិការណ៍កីឡា SEA Games ជិតចាប់ផ្ដើម ទើបពួកគេត្រឡប់មកកម្ពុជាវិញ ៕

Post a Comment

 
Top