ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះនឹងបើកទ្វារទទួលស្វាគមន៍ ជំនួបមិត្តភាពអន្ដរជាតិមួយ ប្រកួតជាមួយនឹងក្រុម Singapore Selection Team របស់ប្រទេសសិង្ហបុរីមុននឹងចេញ ទៅប្រទេសម៉ាកាវ ដើម្បីធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិម្ចាស់ផ្ទះ ក្នុងវគ្គជម្រុះពាន រង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ ។
យោងតាមមន្ដ្រីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឲ្យដឹងថា ជំនួបមិត្តភាពអន្ដរជាតិរវាងក្រុម ជម្រើសជាតិកម្ពុជា និងក្រុម Singapore Selection Team នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនៅលើទីលាន ពហុកីឡដ្ឋានខេត្តស្វាយរៀងវេលាម៉ោង៤រសៀល ។
ប្រភពព័ត៌មានដដែលបានបន្ដថា ការប្រកួតនេះគឺជាឱកាសដ៏ល្អ សម្រាប់ធ្វើតេស្ដសមត្ថភាពកីឡាកររបស់កម្ពុជាដែល មានឈ្មោះក្នុងបញ្ជីជម្រើសជាតិ ក្រោម ការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon ។
គិតមកដល់ពេលនេះលោក Lee នៅមិនទាន់ជម្រុះកីឡាករ សម្រាប់ត្រៀមជួបជាមួយក្រុម ជម្រើសជាតិម៉ាកាវ ក្នុងវគ្គ ជម្រុះតំបន់អាស៊ីនៃពាន World Cup ឆ្នាំ២០១៨នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ខាងមុខនៅឡើយទេ។ ដូច្នេះហើយ ក្នុងឱការប្រកួតជាមួយក្រុម Singapore Selection Team របស់សិង្ហបុរី ចុង ខែកុម្ភៈនេះ លោក Lee នឹងចាប់ផ្ដើមជម្រុះ កីឡាករជាបណ្ដើរៗ ខណៈកីឡាករសរុបក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាឆ្នាំ២០១៥ មានរហូតដល់ ៣៣ នាក់ឯណោះ ។
គួរបញ្ជាក់ផងដែរថាជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុម Singapore Selection Team ក៏នឹង មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV ផងដែរ ។ ប៉ុន្ដែសម្រាប់អ្នកចូលទស្សនាការប្រកួតផ្ទាល់វិញ គឺត្រូវ ទិញសំបុត្រចូលទស្សនា ដោយសំបុត្រសម្រាប់អ្នកឈរមើលមានតម្លៃ ១.០០០រៀល រីឯ សំបុត្រអ្នកអង្គុយ មានតម្លៃ ៤.០០០រៀល ៕
Post a Comment