ខ្សែប្រយុទ្ធ Wayne Rooney របស់ក្រុមបិសាចក្រហម Manchester United បានព្រមឡើងសង្វៀន WWE ហើយ ដើម្បីវ៉ៃជាមួយអ្នកកីឡាកាសលំដាប់ពិភពលោក Wade Barrett នៅក្នុងព្រឹត្តិការណ៍ Wrestlemania។ នេះបើតាមការសន្ទនាគ្នារបស់ពួកគេ នៅលើ Twitter កាលពីយប់ថ្ងៃអង្គារ។
បន្ទាប់ពីមើលការប្រកួត ឃើញ Rooney ធ្វើពុតជាដួលបានបាល់ប៉េណាល់ទីសម្រាប់ក្រុម Man Utd ក្នុងការប្រកួត FA Cup ជុំទី៥ ឈ្នះក្រុម Preston កាលពីយប់ថ្ងៃច័ន្ទ អ្នកកីឡាកាសដែលមានទម្ងន់ ១១២គីឡូក្រាម ដែលធ្លាប់រស់នៅទីក្រុង Preston កាលពីរូបគេនៅក្មេងដែរនោះ បានសរសេរនៅលើ Twitter ថា៖ “ហេតុអ្វី Wayne Rooney ត្រូវធ្វើពុតដើម្បីបានប៉េណាល់ទី? គាត់នឹងមិនហ៊ានធ្វើពុតទេ បើប៉ះខ្ញុំ..”។
កីឡាករប្រធានក្រុមអង់គ្លេស Rooney ក៏បានឆ្លើយតបដោយផ្គើនឲ្យ Barrett ប៉ះអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WWE អ្នកកីឡាកាស Stone Cold។ បន្ទាប់មក Wade Barrett ក៏បានឆ្លើយតប ឲ្យវ៉ៃជាក្រុម (Tag Team) វិញ ដោយ Rooney ចាប់ដៃគូជាមួយ Stone Cold វ៉ៃជាមួយនឹងលោក ដែលចាប់ដៃគូជាមួយ Kevin Davies (ខ្សែប្រយុទ្ធក្រុម Preston)។
អ្នកកីឡាកាស Wade Barrett
អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WWE: Stone Cold (ដៃគូ Rooney)
ខ្សែប្រយុទ្ធក្រុម Preston: Kevin Davies (ដៃគូ Wade Barrett)
បន្ទាប់មកពួកគេទាំង៤នាក់ ក៏បានព្រមព្រៀងគ្នាដោយនឹងឡើងវ៉ៃនៅក្នុងព្រឹត្តិការណ៍ Wrestlemania នៅរយៈពេល៦សប្ដាហ៍ទៀត។
ទោះយ៉ាងណា នេះគ្រាន់តែជាការសន្ទនាឌឺដងគ្នា នៅលើបណ្ដាញសង្គម Twitter តែប៉ុណ្ណោះ។ ការពិតយ៉ាងណា នោះមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែជឿជាក់ថា អ្នកគាំទ្រក្រុមបិសាចក្រហមប្រាកដជាចង់ឲ្យការប្រកួតនេះកើតឡើង៕
Post a Comment