ក្លិបប្រដាល់គុនខ្មែរ«តាឡីដំរីមានរិទ្ធិ»ដែលមានអាយុកាលជិត៤០ឆ្នាំហើយនោះមានទីតាំងស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។ កាលពីដើមឡើយ ក្លិបនេះឈ្មោះ«តាឡីដំរីមានព្រិច»ដែលជាសមិទ្ធផលរបស់លោកគ្រូប្រដាល់ ញ៉ូវ ម៉ាក ដែលបានបង្កើតឡើងតាំងពីដើមឆ្នាំ១៩៨០ ប៉ុន្តែដើមឆ្នាំ១៩៩០លោកបានដូរឈ្មោះជា «តាឡីដំរីមានរិទ្ធិ»វិញ។ តើហេតុអ្វីបានជាលោកគ្រូដាក់ឈ្មោះ«តាឡីដំរីមានព្រិច»?
លោកគ្រូ ញ៉ូវ ម៉ាក់ បានប្រាប់ថា ចន្លោះឆ្នាំ១៩៧០ទៅ១៩៨០ នៅតំបន់សង្កាត់ដង្កោជាកន្លែងសំបូរព្រៃនៅឡើយ ជាពិសេសសំបូរដោយដើមឫស្សីព្រិច។ ទីនោះក៏សំបូរសត្វព្រៃ ហើយក៏មានទាំងសត្វដំរីដ៏កាចសាហាវថែមទៀតដែលរស់នៅតាមគុម្ពឫស្សីព្រិច។
«ប្រហែលចុងឆ្នាំ១៩៧០ មានបុរសម្នាក់ឈ្មោះ តាឡី បានវង្វេង ហើយដើរតាមព្រៃព្រិចនោះក៏ត្រូវសត្វដំរីចុះព្រេងដ៏កាចសាហាវបោលបុកស្លាប់។ រឿងនេះពិតជារន្ធត់ណាស់ ហើយមនុស្សគ្រប់គ្នានៅម្តុំនោះតែងតែនិយាយពីរឿងតាឡីដ៏កម្សត់នេះ។ ពេលខ្ញុំរៀបចំបង្កើតក្លិបប្រដាល់បាននឹកឃើញដល់តាឡី ហើយក៏ដាក់ឈ្មោះតាឡីដំរីមានព្រិចតែម្តង»។ លោកគ្រូ ញ៉ូវ ម៉ាក់បានរៀបរាប់ និងបានបន្ថែមថា ពាក្យថា តាឡីសំដៅដល់បុរសឈ្មោះតាឡី ហើយនៅសង្កាត់ដង្កោមានព្រៃឫស្សីព្រិចដែលសត្វដំរីរស់នៅ។
លោកគ្រូ ញ៉ូវ ម៉ាក ដែលមានអាយុជាង៧០ឆ្នាំហើយ តែសុខភាពនៅមាំមួនជាអតីតកីឡាករល្បីឈ្មោះម្នាក់អំឡុងឆ្នាំ១៩៧០ ប៉ុន្តែលោកមិនធ្លាប់បានប្រកួតនឹងកីឡាករបរទេសឡើយ។ សព្វថ្ងៃស្ថិតក្នុងគ្រួសារធូរធារសមរម្យ លោកគ្រូប្រដាល់រូបនេះក៏ជាសមាជិកក្រុមប្រឹក្សាសង្កាត់ដង្កោ និងជាប្រធានការងារសាងសង់អនុវិទ្យាល័យទូលអំពិល។ ក្រៅពីបង្ហាត់ប្រដាល់ លោកក៏ជួយបង្ហាត់បង្រៀនក្បាច់គុនដល់សន្តិសុខ និងនគរបាលខណ្ឌដង្កោទាំងអស់គ្នាផងដែរ៕
Subscribe to:
Post Comments (Atom)
Post a Comment