GuidePedia

0
សម្រាប់កម្មវិធីប្រកួតប្រដាល់អន្ដរជាតិ នៅលើសង្វៀនចំនួន ៣ផ្សេងគ្នា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ សុទ្ធតែទទួលបានការ គាំទ្រយ៉ាងពេញច្រើន ពីអ្នកគាំទ្រ ក្រោយពីកីឡាករលំដាប់ កំពូលកម្ពុជា៣រូបរួមមានកីឡាករ ឡុង សុភី, វង្ស ណយ និង អ៊ុង វីរៈ បានផ្ដួលជើងខ្លាំងរុស្ស៊ីម្នាក់ និងអ្នកលេងថៃ២រូប ឲ្យសន្លប់ក្នុងរយៈពេលត្រឹម៣ទឹកប៉ុណ្ណោះ ។


ចំពោះកីឡាករ ឡុង សុភី សិស្សគុនក្លឹបសាលវ័ន្ដកីឡាដែលប្រកួតមិត្តភាពអន្ដរជាតិ នៅលើសង្វៀន TV3 នោះ គឺបានប្រើរយៈពេលត្រឹមតែ ២នាទីកន្លះប៉ុណ្ណោះ អ្នកលេងជង្គង់ទិព្វរូបនេះ បានផ្ដួលកីឡាកររុស្ស៊ី Mario Vidolov Todorov ឲ្យសន្លប់តែម្ដង ។ការប្រកួតនេះ សុភី មានប្រៀបជាងតាំងពីជួងបន្លឺឡើងម្ល៉េះដោយ កីឡាករជើងខ្លាំង កម្ពុជារូបនេះ បានព្យាយាមប្រើកណ្ដាប់ដៃ កែង និងជង្គង់ សម្រុកវាយទៅលើ Mario រហូតដល់អាជ្ញាកណ្ដាលរាប់ចំនួន៨ម្ដងហើយក៏បន្ដការ ប្រកួត បានប្រហែលកន្លះនាទីទៀត ដោយមិនអាចទ្រាំទ្រ នឹងជង្គង់ទិព្វ សុភី បាននោះ កីឡាករជនជាតិរុស្ស៊ីក៏ដួលសន្លប់បោះបង់ការប្រកួតតែម្ដង ។

ងាកទៅមើលការប្រកួត ស្ដារមុខមាត់ របស់អ្នកលេងកែងឆេះ វង្ស ណយ ដែលទើបសន្លប់ ក្រោមថ្វីជើងកីឡាករ ឡៅ ស៊ីណាត កាលពីពេលថ្មីៗកន្លងទៅនៅលើ សង្វៀន SEA-TV ឯណោះវិញ វង្ស ណយ មិនបានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តឡើយ ទោះបីអាក់ខានឡើង សង្វៀនអស់រយៈពេល ជាច្រើនក៏ខែក៏ដោយ ។

ប្រកួតជាមួយកីឡាករថៃ Phit Chak Krit ទឹកទី១ និងទឹកទី២ វង្ស ណយ មានប្រៀបជាង Phit Chak បន្ដិចបន្ទួចប៉ុណ្ណោះ ដោយសារអ្នកលេងឆ្លងដែន ថៃរូបនេះ ក៏មានផ្លែសម្លាប់ល្អដែរ ។

មិនត្រឹមតែប៉ុណ្ណោះ នៅដើមទឹកទី៣ ស្របពេលកម្លាំងស៊ុប វង្ស ណយ ចាប់ផ្ដើមស្រុតចុះនោះ Phit Chak Krit ក៏ចាប់ផ្ដើមវាយបកវិញ ដែលធ្វើឲ្យ វង្ស ណយ ប៊ិះៗ នឹងដាច់ផ្ងារម្ដងទៀតផង ។ ប៉ុន្ដែសំណាងដោយសារ កីឡាករថៃរូបនេះ អន់ក្បាលពោះ វង្ស ណយ ក៏បានព្យាយាមប្រើជង្គង់ និងកែងរួមគ្នា បណ្ដាលឲ្យ Phit Chak ទប់ទល់មិនបានក៏ដួលសន្លប់ឈឹងតែម្ដង ។ ប៉ុន្ដែប្រសិនបើ Phit Chak មិនសន្លប់ទេនោះ វង្ស ណយ ក៏មិនប្រាកដថា អាចឈ្នះ Phit Chak ដែរ ។

រីឯកម្មវិធីប្រដាល់អន្ដរជាតិប្រចាំសប្ដាហ៍ នៅលើសង្វៀន បាយ័នស្ទឹងមានជ័យ ឯណោះវិញ កីឡាករ អ៊ុង វីរៈ សិស្សគុនក្លឹបកងទ័ពឆ័ត្រយោងលេខ៩១១ក៏បាន ផ្ដួលកីឡាករ Phakao របស់ថៃឲ្យសន្លប់ ក្នុងទឹកទី៣ផងដែរ ។ មិនខុសគ្នា នឹង វង្ស ណយ ប៉ុន្មានទេ ព្រោះរយៈពេល ចុងក្រោយនេះ អ៊ុង វីរៈ ក៏មិនសូវជាបាន បង្ហាញវត្តមានលើសង្វៀនដែរ ដោយសាររវល់បំពេញ ភារកិច្ចយោធា ដើម្បីការពារជាតិ ។

ទឹកទី១ វីរៈ មានប្រៀបជាងបន្ដិច ព្រោះកម្ពស់ខ្ពស់ជាង Phakao ដែលជាឱកាសប្រើជង្គង់ និង កណ្ដាប់ដៃបានច្រើន ។ ប៉ុន្ដែដោយមើលឃើញពីចំណុចចន្លោះប្រ ហោងក្រោមរបស់ អ៊ុង វីរៈ កីឡាករថៃ Phakao ក៏ព្យាយាមប្រើកណ្ដាប់ដៃដាល់ ទៅលើក្បាលពោះ វីរៈ ប៊ិះស្ទើរដាច់ផ្ងារម្ដងៗទៀតផង ។ សំណាងល្អចុងទឹកទី៣ អ៊ុង វីរៈ គ្រាន់តែលើកជើងទាត់ បន្ដិចចំក្បាលពោះកីឡាករ Phakao ក៏ដួលសន្លប់ផ្កាប់មុខ ក្រោកលែងរួច ដូច្នេះអាជ្ញាកណ្ដាល ក៏កាត់សេចក្ដីឲ្យ អ៊ុង វីរៈ ឈ្នះគូប្រកួតក្នុងទឹកទី៣ នោះតែម្ដង ៕



Post a Comment

 
Top