ក្នុងថ្ងៃតែមួយកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ អ្នកគាំទ្រក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានខកចិត្ដជាខ្លាំង ចំពោះលទ្ធផល បរាជ័យយ៉ាងចាស់ដៃក្រោមថ្វី ជើងក្រុមភ្ញៀវ Hwaseong FC របស់កូរ៉េ ដោយលទ្ធផលបច្ចេកទេស ២-៥ ប៉ុន្ដែភ្លេចគាំទ្រ ក្លឹបជើងឯកលីកកំពូលកម្ពុជាភ្នំពេញក្រោនដែលបានបំបាក់ក្រុម Bayon Wanderers ដោយលទ្ធផល ៧-២ ។
សម្រាប់ជំនួបមិត្តភាពអន្ដរជាតិរវាងក្រុម U-23កម្ពុជា និងក្រុមជើងឯកលីកលំដាប់ទី៣ កូរ៉េខាងត្បូង Hwaseong FC គឺទទួលបានការគាំទ្រ យ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡា ជាពិសេសគឺបងប្អូន ប្រជាពលរដ្ឋខេត្តស្វាយរៀងតែម្ដង ព្រោះការប្រកួតធ្វើឡើង នៅលើកីឡដ្ឋានខេត្តស្វាយរៀងនោះ ។
ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្រខកចិត្ត គឺដោយសារក្រុមឈុតទី២ របស់លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបណ្ដោយឲ្យរបូត៣គ្រាប់ជាប់ៗ គ្នាក្នុងតង់ទី២ ធ្វើឲ្យក្រុម Hwaseong FC យកឈ្នះដោយ លទ្ធផលប្រកួតពេញម៉ោង ៥-២ ខណៈតង់ទី១ ក្រុមឈុតទី១ ទាំង១១នាក់ដែលកំពុងរង់ចាំការជម្រុះពី គ្រូបង្វឹកជនជាតិកូរ៉េនោះ បានរក្សាលទ្ធផលស្មើគ្នា ២-២ ។
ងាកទៅមើលការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជើង ឯកលីកកំពូលកម្ពុជា ភ្នំពេញក្រោន និងក្រុមជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជាមានឈ្មោះថាក្រុម Bayon Wanderers ដែលបានធ្វើការប្រកួត នៅលើទីលាន RSN របស់ម្ចាស់ផ្ទះភ្នំពេញក្រោនវិញ ទោះបីសមាជិកឆ្នើម៦រូប របស់ក្លឹបភ្នំពេញក្រោន ជាប់កាតព្វកិច្ច លេងក្នុងក្រុមជម្រើសជាតិកម្ពុជា ក៏ពិតមែន ក៏ក្លឹបការពារតំណែងជើង ឯកនារដូវកាលថ្មីខាងមុខនេះ នៅតែអាចបំបាក់ក្រុម Bayon Wanderers បានយ៉ាងងាយ ក្នុងលទ្ធផល ៧-២ ។
ទាំង៧គ្រាប់ ដែលភ្នំពេញក្រោន ទទួលបានពីការប្រកួត លក្ខណៈមិត្តភាពអន្ដរជាតិនោះ គឺទទួលបានមកពីកីឡាករ Jeongho Kim ចំនួន២គ្រាប់ម្នាក់ឯងខណៈ មិត្តរួមក្រុម ឡេង មករា, ឡុង បុរាណ, សរ ប៉ូឡូ, ជ័យ ចិត្រា និងកីឡាករស្បែកខ្មៅ Odion Obadin សុទ្ធតែរកបានម្នាក់១គ្រាប់ដូចៗគ្នា ។
ចំពោះកីឡាករក្លឹបភ្នំពេញក្រោនចំនួន៦រូប ដែលមានកាតព្វកិច្ចជួយជាតិ ជាមួយលោក Lee នោះរួមមានកីឡាករ ធារី ចត្ថាប៊ីន, សុះ ស៊ូហាណា, វ៉ា សុខ, សារី ម៉ាត់ណូរ៉ូទីន, ងយ ស្រ៊ីន, និង កីឡាករ ថោង ដា ដែលពួកគេសុទ្ធ តែបានលេងក្នុងការប្រកួត មិត្តភាពចាញ់ក្រុម Hwaseong FC កាលពីថ្ងៃទី០៧ ខែកុម្ភៈ ចុងសប្ដាហ៍មុននេះទាំងអស់ ៕
Post a Comment