GuidePedia

0
អ្នក​ប្រដាល់​សៀវ ង៉ុ​យ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នឹង​ជួប​ប្រកួត​ជាមួយ​ ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នា​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ​ខាង​មុខ​នេះ នៅ​លើ​សង្វៀន​SEA-TV ដើម្បី​សាក​កណ្ដាប់ដៃ​គ្នា​។​


សៀវ ង៉ុ​យ និង ម៉ន សា​ម៉េ​ត នេះ ពួកគេ​មិន​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​កន្លងមក​។ ង៉ុ​យ​ ធ្លាប់តែ​ជួប​ជាមួយ​ ម៉ន វិ​រះ ម៉ន ភី​រម្យ ដែល​ជា​មិត្ត​រួម​គ្រូ​របស់​ សា​ម៉េ​ត​។ ​ការ​ជួប​ជាមួយ​ត្រកូល ​ម៉ន​នេះ សៀវ ង៉ុ​យ ពិបាក​ស៊ី​ណាស់​ព្រោះ​ពួកគេ​នោះ​សុទ្ធតែ​ស៊ូ​ និង​ខ្លាំង​ក្នុង​ការ​ប្រកួត​។​

ជា​ការ​ពិបាក​សម្រាប់​ សៀវ ង៉ុ​យ ក្នុង​ការ​យកឈ្នះ​លើ​ ម៉ន សា​ម៉េ​ត ដោយសារ​ សា​ម៉េ​ត គេ​ខ្លាំង​ជាង ​ម៉ន វិ​រះ ម៉ន ភី​រម្យ​ទៅទៀត​។ ម៉ន សា​ម៉េ​ត គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ទម្ងន់​៥៧​គីឡូក្រាម ក្រោយពី​គេ​បាន​យកឈ្នះ​ ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពីដើម​ខែវិច្ឆិកា​កន្លងមក​នោះ​។​

សា​ម៉េ​ត មាន​កណ្ដាប់ដៃ និង​ជើង​ទាត់​ខ្លាំង ជង្គង់​ក៏​ល្អ​ដែរ​។ ជាមួយ​នឹង​មាន​ស្នៀត​ប្រដាល់​ល្អ សា​ម៉េ​ត​ គេ​ហ៊ាន​ថែមទៀត នៅ​ពេល​ដែល​គេ​ដឹងខ្លួន​ចាញ់​ប្រៀប​គូប្រកួត​នោះ សា​ម៉េ​ត រឹតតែ​ហ៊ាន​ប្ដូរ​មិន​ខ្លាចញញើត​នោះ​ឡើយ​។ សៀវ ង៉ុ​យ គេ​ខ្លាំង​និង​ល្អ​កែង​និង​ជង្គង់​។ ក្នុង​ខណៈ​ដែល​គេ​ខ្ពស់​ស្រាប់​នោះ ង៉ុ​យ គេ​ពូកែ​ធាក់​ និង​ពូកែ​ជង្គង់ ប៉ុន្តែ​គេ​អាច​ចាញ់​កម្លាំង​របស់​ សា​ម៉េ​ត និង​ចាញ់កល​ល្បិច​ប្រកួត។ ប៉ុន្តែ​យ៉ាងណា ម៉ន សា​ម៉េ​ត ក៏​ពិបាកធ្វើ​ សៀវ ង៉ុ​យ​ដែរ ប្រសិនបើ ​ង៉ុ​យ ​គេ​រឹងមាំ​បន្តិច និង វាយ​ប្រយោល​មិន​ចូល​កៀក​នោះ គឺ​ សា​ម៉េ​ត​ យ៉ាប់​ជាមួយ​ស្នៀត​ជើង​ទាត់ និង​ជង្គង់​របស់ ​ង៉ុ​យ​ហើយ​។ ដូច្នេះ ចាំ​មើល​រវាង​ពីរ​នាក់​នេះ​ជួបគ្នា តើន​រណា​ជា​អ្នកឈ្នះ​នោះ​?​

ការប្រកួត​ចុងក្រោយ​របស់​ សៀវ ង៉ុ​យ គឺ​វាយ​ឈ្នះ​ ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ ឯ​ការប្រកួត​ចុងក្រោយ​របស់ ​ម៉ន សា​ម៉េ​ត​វិញ គឺ​វាយ​ឈ្នះ​ សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ក្លិប​កីឡាប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ​ដែរ​។​

សេក ណារ៉ាក់ អ្នក​ប្រដាល់​ក្លិប​សឹក​រង​សៀមរាប​នឹង​ឡើង​សងសឹក​ជាមួយ​តូច ទូ អ្នក​ប្រដាល់​ក្លិប​កងយោធពល​ខេមរភូមិន្ទ​។ ពីរ​នាក់​នេះ ជួបគ្នា​ម្តង​កាលពី​មួយឆ្នាំ​មួយ​មុន ដោយ​ សេក ណារ៉ាក់​ចាញ់​តូច ទូ​ដោយ​ពិន្ទុ​។​

តូច ទូ និង សេក ណារ៉ាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​។​ ការ​ឡើង​សងសឹក​របស់​ណារ៉ាក់​នេះ ទំនងជា​មិនបាន​សម្រេច​នោះ​ទេ ព្រោះថា​ តូច ទូ គេ​ល្អ​ និង​ខ្លាំង​ជាង ដែល​ផ្ទុយ​ពី​ណារ៉ាក់ មានចិត្ត​ប្រដាល់​តូច​និង​អន់​ផ្លែ​នោះ​។​

សេក ណារ៉ាក់ ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់ ​នេន វណ្ណា អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ដោយ​ពិន្ទុ​។​ ចំណែក តូច ទូ ប្រកួត​ចុងក្រោយ​នេះ ក៏​វាយ​ចាញ់ ​ពុធ ផន​កុសល អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ក្នុង​ទឹក​ទី​២​។​


សុខ ទូ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​គេ​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ​ សយ សី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម​។ ពួកគេ​ពីរ​នាក់​នេះ ពុំ ដែល​ប៉ះ​គ្នា​នោះ​ទេ​កន្លង​មក​។ ទោះជា​យ៉ាងនេះ​ក្តី​សម្រាប់​ការ​ជួបគ្នា​លើកដំបូង​នេះ ក្រុម​អ្នកវិភាគ​ប្រដាល់​អះអាង ថា សយ សី ប្រហែលជា​ទៅ​មិន​រួច​ជាមួយ ​សុខ ទូ នោះ​ទេ​។ សុខ ទូ គេ​មាន​ផ្លែ​ល្អ​ជាង​សយ សី​។ ការប្រកួត​ចុងក្រោយ​របស់ ​សុខ ទូ គឺ​វាយ​ឈ្នះ ​ធឿន គឹម​សេក អ្នក​ប្រដាល់​ក្លិប​កងពល​លេខ​៨​ភ្នំ​ទ្រព្យ​ក្នុង​ទឹក​ទី​៤ រីឯ​ការប្រកួត​ចុងក្រោយ​របស់​ សយ សី​វិញ គឺ​វាយ​ចាញ់​ សំណាង ​ឌី​ណា អ្នក​ប្រដាល់​ក្លិប​បាត់ដំបង​ពាយ័ព្យ​ដោយ​ពិន្ទុ​៕

Post a Comment

 
Top