GuidePedia

0
ម៉ឺន សុភា អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អឺរ៉ុប​ជនជាតិ​ស្វីស​ឈ្មោះ Gligor Stojanoy នា​យប់​ថ្ងៃទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​ស្ទឹង​មាន​ជ័យ​ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​កម្ពុជា​-​ថៃ​។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧០​គីឡូក្រាម​។


សុភា កាលពី​ជាង​កន្លះ​ខែ​មុន (ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០១៥) គេ​បាន​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Kong Kiat Muang Kaeo ហើយ​គេ​បាន​យក​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​នោះ​ដោយ​ពិន្ទុ ហើយ​កាលពី​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៤​កន្លងមក​នេះ​ដែរ សុភា​ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Than Vallek ដោយ​ពិន្ទុ​។ ​និយាយ​រួម ក្នុង​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ចំនួន​១១​នាក់ ដែល​មាន​ថៃ បារាំង អង់គ្លេស ប្រេស៊ីល និង​អ៊ីរ៉ង់​នោះ សុភា​ វាយ​ចាញ់​ពិន្ទុ​ប្រេ​ស៊ី​ល​ម្នាក់ បារាំង​ម្នាក់​ និង​ថៃ​ម្នាក់​ប៉ុណ្ណោះ ក្រៅពី​ហ្នឹង​គេ​វាយ​ឈ្នះ​ទាំងអស់​។​

ចំពោះ​អ្នក​ប្រដាល់​ស្វី​ស​ដែល​នឹង​មក​ជួប ​ម៉ឺន សុភា​វិញ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ណា​នោះ​ទេ​។ Gligor Stojanoy នេះ​បើ​តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ​ថា មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង​គួរសម​ដែរ ប៉ុន្តែ​បទពិសោធន៍​លើ​រេញ​របស់​គេ​មិនជា​ប៉ុន្មាន​ទេ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ទើបតែ​បាន​២០​ដង​ប៉ុណ្ណោះ ក្នុង​នោះ​វាយ​ឈ្នះ​១៦​ដង និង​ចាញ់​៤​ដង មិនដែល​ស្មើ និង​មិនដែល​វាយ​ដៃគូ​ឲ្យ​សន្លប់​នោះ​ឡើយ​។

ដូច្នេះ​ ម៉ឺន សុភា ដែល​ជួប​ប្រកួត​ជាមួយ Gligor Stojanoy​លើក​នេះ​ប្រហែលជា​មិន​យ៉ាប់​ប៉ុន្មាន​ទេ ព្រោះ​បើ​តាម​កម្រិត​សមត្ថភាព​របស់ ​ម៉ឺន សុភា អាច​ថា​ សុភា​ ស៊ី​ផុយ​ហើយ​។ ​សុភា គេ​មាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​៤២​ដង ក្នុង​នោះ​ឈ្នះ​៣៥​ដង ចាញ់​៦​ដង និង​ស្មើ​ម្តង ហើយ​សុភា​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​៩​ដង​។ តែ​យ៉ាងណា សុភា ក៏​ត្រូវ​ប្រយ័ត្ន​ដែរ​។ ម៉ឺន សុភា ខ្លាំង​កណ្ដាប់ដៃ ពិសេស​កណ្ដាប់​ដៃ​ឆ្វេង​។​ ដូច្នេះ​ចាំ​មើល តើន​រណា​ឈ្នះ​រវាង ​ម៉ឺន សុភា​ និង Gligor Stojanoy នេះ​? ​

អ្នក​ប្រដាល់ ពេជ្រ សីហា ជើង​ខ្លាំង​របស់​កម្ពុជា​ដែល​មាន​បទពិសោធន៍​ជោគជាំ​ជាមួយ​ប្រដាល់​នោះ​នឹង​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ​Tilek Pithak Meungkan ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៩ គីឡូក្រាម​។ សីហា កាលពី​ឡើង​ប្រកួត​លើក​មុន​គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​អាមេរិក​ដោយ​ពិន្ទុ​(ថ្ងៃ​ទី​០១ ខែកុម្ភៈ​)​ និង​វាយ​ស្មើ​ពិន្ទុ​ជាមួយ​ថៃ​Rarueng Luk Cha pachai (ថ្ងៃទី​០៤​ ខែមករា​)​ដោយសារតែ​អ្នក​ប្រដាល់​ថៃ​រូប​នោះ​ខ្ពស់​ពេក​។ សម្រាប់​ការ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើក​នេះ មាន​កម្ពស់​ប្រហាក់​ប្រហែល​គ្នា ដោយ​ សីហា​១,៧០​ទល់​១,៧៣​ម៉ែត្រ ដូច្នេះ​មិន​មាន​បញ្ហា​អ្វី​ឡើយ​។​

អ្នក​ប្រដាល់​ថៃ ​Rarueng Luk Cha pachai រូប​នេះ មើលទៅ​ប្រហែលជា​មិន​អន់​នោះ​ទេ ព្រោះ​គេ​មាន​ស្ថិតិ​ប្រកួត​ច្រើន​គួរសម​ដែរ គឺ​បាន​៨០​ដង ក្នុង​នោះ​ឈ្នះ​៦៥​ដង ចាញ់​១៥​ដង​មិនដែល​ស្មើ​។ ចំណែក​ ពេជ្រ សីហា គេ​កំណត់ត្រា​ប្រកួត​៩៧​ដង ឈ្នះ​៧៥​ដង ចាញ់​១៦​ដង​និង​ស្មើ​៦​ដង​។ គ្រាន់តែ ​សីហា ​វាយ​ដៃគូ​ឲ្យ​សន្លប់​មាន​ចំនួន​២៦​ដង ឯ​ថៃ ​Rarueng Luk Cha pachai គេ​ធ្លាប់​ផ្ដួល​ដៃគូ​បានតែ​១២​ដង​ប៉ុណ្ណោះ​។​



ទោះជា​យ៉ាងណា​រវាង ​ពេជ្រ សីហា ​និង ថៃ​Rarueng Luk Cha pachaiនេះ ការ​ឈ្នះ​ចាញ់​នោះ គឺ​មិនអាច​ទស្សន៍ទាយ​មុន​បាន​ឡើយ ព្រោះ​ជួប​អ្នក​ប្រដាល់​ថៃ​មិនអាច​មើលស្រាល​បាន​ឡើយ​៕

Post a Comment

 
Top