ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey ជើងទីមួយរវាងក្រុមម្ចាស់ផ្ទះ Barcelona និង Villarreal បានបញ្ចប់ទៅដោយលទ្ធផល ៣-១ ដោយកីឡាករ Lionel Messi ក្លាយជាតួឯកដោយសារបានស៊ុតចូលមួយគ្រាប់ និង Assists បានមួយគ្រាប់ ខណៈដែលខ្សែប្រយុទ្ធ Neymar ទាត់បាល់ពិន័យ១១ម៉ែត្រមិនចូល។
ក្រុមម្ចាស់ផ្ទះ Barcelona វាយសម្រុកក្រុមភ្ញៀវយកតែមែនទែន ដោយអាចគ្រប់គ្រងបាល់បានរហូតដល់ទៅ៧៤% ឯណោះ ប៉ុន្តែមិនអាចបំបែកពងមាន់បានភ្លាមៗនោះទេ ពោលគឺត្រូវរង់ចាំរហូតដល់នាទី៤១ឯណោះ ទើបខ្សែប្រយុទ្ធ Messi អាចរកគ្រាប់បាល់បានមួយគ្រាប់ក្រោយទទួលបានបាល់ពី Suarez ។ ប៉ុន្តែគ្រាន់តែចូលដល់តង់ទី២ភ្លាម ក្រុម Villarreal អាចរកបានមួយគ្រាប់វិញដោយកីឡាករ Manu Trigueros នៅនាទី៤៨។ Iniesta អាចរកគ្រាប់បាល់នាំមុខសាជាថ្មីវិញភ្លាមតែម្ដងនៅនាទី៤៩ បន្ទាប់ពីកែបាល់ ខណៈដែលខ្សែការពារ Pique ជាអ្នករកបានគ្រាប់បាល់ទី៣នៅនាទី៦៤ ដោយទទួលបាល់ពី Messi ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតនោះដែរ គឺខ្សែប្រយុទ្ធ Neymar មានឱកាសរកបានមួយគ្រាប់ទៅហើយ ពេលដែលក្រុម Barca ទទួលបានបាល់ពិន័យ១១ម៉ែត្រ ខណៈដែល Messi បដិសេធមិនទាត់ ហើយឱ្យឱកាសនេះទៅខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល។ ជាអកុសលខ្សែប្រយុទ្ធរូបនេះបែរជាស៊ុតតិចៗឱ្យអ្នកចាំទី Asenjo សង្គ្រោះបានទៅវិញ។
មួយគូទៀតក្នុងការប្រកួតពានរង្វាន់ Copa del Rey នេះដែរគឺក្រុម Athletic Bilbao បានត្រឹមស្មើ Espanyol ក្នុងលទ្ធផល ១-១ ។ ការប្រកួតជើងទី២របស់ក្រុមទាំង៤ខាងលើនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិនាខាងមុខនេះ៕
Post a Comment