តារាបាល់ទាត់ Luis Suarez បាននិយាយយ៉ាងទទូចថា លោកមិនតក់ស្លុត និងមិនដែលភិតភ័យម្តងណាទេ ដោយហេតុថា លោកដឹងច្បាស់ខ្លួនឯងថា គ្រាប់បាល់នឹងកើតមានចំពោះរូបលោក នៅក្នុងក្រុម Barcelona។អតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Li-verpool ម្នាក់នេះ ពិបាកក្នុងការរកគ្រាប់បាល់ខ្លាំងណាស់ អំឡុងការប្រកួតនៅក្នុងទឹកដី Nou Camp ប៉ុន្តែពេលនេះ គាត់រកគ្រាប់បាល់បានហើយ ពេលប៉ះជាមួយក្រុម Athletic Bilbao ដែលនៅសល់គ្នាត្រឹម១០នាក់ កាលពីរាត្រីថ្ងៃអាទិត្យ អំឡុងជ័យជម្នះ៥-២របស់ក្រុម Barcelona។តម្លៃខ្លួន៧៥លានផោនរបស់កីឡាករស្ថិតក្នុងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយម្នាក់នេះ ជាមួយនឹងការរំពឹងទុកខ្ពស់ ហើយគាត់ចាប់ផ្តើមតបស្នងជំនឿចិត្តរបស់ក្រុម Barcelona នៅក្នុងឆ្នាំ២០១៥នេះ។កីឡាករ Suarez បាននិយាយប្រាប់កាសែត Canal Plus ថា លោកមិនបានភិតភ័យម្តងណាទេ ពីព្រោះថា រឿងតែមួយគត់ដែលលោកព្រួយបារម្ភនោះ គឺការមិនអាចជួយក្រុមរបស់លោកបាន។ លោកពិតជាឈឺចាប់ខ្លាំងណាស់ នៅពេលដែលគាត់លេងមិនសូវកើតនោះ ហើយក៏ក្តៅក្រហាយណាស់ដែរ។លោកបានបន្តទៀតថា ប៉ុន្តែរឿងម្យ៉ាងដែលលោកប្រាកដនិយមបំផុតនោះ គ្រាប់បាល់នឹងមកដល់ក្នុងថ្ងៃណាមួយជាក់ជាពុំខានឡើយ ហើយដោយមានការគាំទ្រពីមិត្តរួមក្រុម និងក្រុមគ្រួសារ ឥឡូវនេះ គ្រាប់បាល់មកដល់ពិតមែន។ ម្យ៉ាងវិញទៀត វាគឺជារឿងអស្ចារ្យខ្លាំងណាស់កាលដែលមានឱកាសបានលេងជាមួយកីឡាករលំដាប់កំពូលដូចជា កីឡាករ Lionel Messi និងកីឡាករ Neymar៕
Post a Comment