បញ្ជីឈ្មោះបេក្ខភាព៤រូបចុងក្រោយសម្រាប់តំណែងប្រធាន FIFA ត្រូវបានប្រកាសឲ្យដឹងហើយដោយគណៈគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ។
ប្រធានបច្ចុប្បន្នលោក Sepp Blatter ទទួលការងារមួយនេះ ចាប់តាំងពីឆ្នាំ១៩៩៨មក ប៉ុន្តែលើកនេះ ការប៉ុនប៉ងចង់បានអាណត្តិទី៥របស់គាត់ ទំនងជាជួបបញ្ហាច្រើនហើយ ដោយសារតែករណីពុករលួយនៅក្នុងអង្គភាពរបស់គាត់។
ក្រោយពីពិនិត្យយ៉ាងដិតដល់រួចមក បេក្ខភាពរបស់លោក Sepp Blatter នៅក្នុងបញ្ជីឈ្មោះ ត្រូវបានប្រកាសឲ្យដឹងជាមួយនឹងបេក្ខជន៣នាក់ផ្សេងទៀត គឺលោក Luis Figo ដែលជាអតីតវីរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ប្រធានសមាគមបាល់ទាត់ហុល្លង់ លោក Michael van Praag និងអនុប្រធាន FIFA បច្ចុប្បន្នគឺព្រះអង្គម្ចាស់ Ali Bin Al Hussein។
សេចក្តីថ្លែងការណ៍មួយរបស់ FIFA បានឲ្យដឹងថា ក្រោយធ្វើការវាយតម្លៃដោយយកចិត្តទុកដាក់រួចមក នៅថ្ងៃនេះ គណៈកម្មាធិការ ជ្រើសរើសបេក្ខជនសម្រាប់តំណែងប្រធាន សូមធ្វើការប្រកាសជាឱឡារិកនូវឈ្មោះបេក្ខជន ចំនួន៤រូបដែលត្រូវឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅឯ FIFA Congress នាទីក្រុង Zurich ប្រទេសស្វីស នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ខាងមុខ ។ បេក្ខជនទាំង៤រូបនោះរួមមាន លោក Sepp Blatter មកពីប្រទេសស្វីស ព្រះអង្គម្ចាស់ Ali Bin Al Hussein របស់ប្រទេសហ្សកដានី លោក Luis Figo មកពីប្រទេសព័រទុយហ្គាល់ និងលោក Michael van Praag មកពីប្រទេសហុល្លង់៕
Post a Comment