ទីបំផុតក្លឹបបឹងកេតអង្គរ ពិតជាសម្រេចចិត្ត ជ្រើសរើសលោក ប្រាក់ សុវណ្ណារ៉ា មកធ្វើជាគ្រូបង្វឹកថ្មី ជំនួសកៅអី លោក John Mcglynn គ្រូបង្វឹកជនជាតិអូស្ដ្រាលី មែន សម្រាប់រដូវកាលថ្មី នៃពាន Metfone C-League ឆ្នាំ២០១៥ នេះ ។
អ្នកចាត់ការទូទៅរបស់ ក្លឹបបឹងកេតអង្គរលោក បែ មករា បានថ្លែងឲ្យដឹងថា មុននឹងលោក ប្រាក់ សុវណ្ណារ៉ា ធ្វើដំណើរ ទៅបង្ហាត់បង្រៀនវគ្ក C-License ចាប់ពី ថ្ងៃទី ១៣-២៨ ខែកុម្ភៈ នៅប្រទេសឥណ្ឌូនេស៊ី នោះលោកក៏បានមកធ្វើតេស្ដ បង្ហាញសមត្ថភាព ដល់កីឡាករក្លឹបបឹងកេត ចំនួន ២ពេលផងដែរ ។
លោកបន្ដថា ស្របពេលក្លឹបកំពុង ជួបប្រទះនឹងលទ្ធផលមិនល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសក្នុងយុទ្ធ នាការប្រកួតបាល់ទាត់ ពានរង្វាន់ សម្ដេច តេជោ ហ៊ុន សែន ឬពាន Hun Sen-Cup ជាបន្ដបន្ទាប់នោះ ក្លឹបក៏សម្រេចចិត្ត ជ្រើសរើសលោក ប្រាក់ សុវណ្ណារ៉ា មកធ្វើជាគ្រូបង្វឹកថ្មីតែម្ដង ក្រោយក្លឹបចែកផ្លូវ ជាមួយគ្រូបង្វឹកជនជាតិអូស្ដ្រាលី លោក John Mcglynn កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ ។
លោក បែ មករា បានបញ្ជាក់ថា លោក ប្រាក់ សុវណ្ណារ៉ា ពិតជាមានបទពិសោធន៍ ច្រើនឆ្នាំមកហើយ ក្នុងការដឹកនាំក្លឹបបាល់ទាត់ និងធ្លាប់ដឹកនាំ ក្រុមជម្រើស ជាតិកម្ពុជា ហើយក៏មានសញ្ញាប័ត្រខ្ពស់ A-License ទៀតផង ។ ដូច្នេះទើបថ្នាក់ ដឹកនាំក្លឹបអង្គរសម្រេចចិត្ត ជ្រើសរើសរូបលោក បែបនេះ ។
ប៉ុន្ដែចំពោះការចុះកិច្ចសន្យាលោក បែ មករា មិនទាន់បញ្ជាក់ពី ពេវេលាច្បាស់លាស់នោះទេ គ្រាន់តែលោកបានឲ្យដឹងថា ជំហានដំបូងក្លឹប នឹងចុះកិច្ចសន្យា ជា មួយលោក ប្រាក់ សុវណ្ណារ៉ា រយៈពេល ១រដូវកាលសិន ពោលគឺក្នុងរដូវកាលថ្មីនៃ League កំពូលកម្ពុជា ក្នុងឆ្នាំ២០១៥នេះតែម្ដង ។ រីឯពេលវេលាចុះ កិច្ចសន្យា នឹងធ្វើនៅពេលណាមួយ ក្រោយលោក ប្រាក់ សុវណ្ណារ៉ា វិលត្រឡប់មកពី ប្រទេសឥណ្ឌូនេស៊ីវិញ ៕
Post a Comment