GuidePedia

0
ក្រុមបាល់ទាត់អាជីពបឹងកេតអង្គរ មិនអាចសម្រេច បំណងសងសឹកក្រុមណាហ្គាវើលបានឡើយក្នុងជំនួបមិត្ត ភាពកម្ដៅសាច់ដុំកាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈម្សិល មិញ ដោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១ បើទោះបីជា ណាហ្គា វើលធ្លាប់បានទម្លាក់បឹងកេត ក្នុងវគ្គ៨ក្រុម ចុងក្រោយនៃពាន Hun Sen-Cup ក្នុងលទ្ធផល ៣-០ ។


បន្ទាប់ពីសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា បានពន្យាពេលការ ប្រកួតលីកកំពូល Metfone ពីខែមីនាទៅប្រកួតនៅខែ កក្កដាឆ្នាំ ២០១៥វិញនោះ ក្លឹបបាល់ទាត់ជាតិ ស្ទើរទាំងអស់ ក៏បានរៀបចំការប្រកួតមិត្តភាពដោយខ្លួនឯងដើម្បីរង់ចាំ ការប្រកួតពានរង្វាន់ដ៏ធំប្រចាំទេសកម្ពុជាចូលមកដល់ផងដែរ ។

មិនមែនទើបឆ្នាំនេះទេដែលក្លឹបបឹងកេតអង្គរមិនអាចឆ្លងផុតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនោះពោលគឺ៣ឆ្នាំមកហើយដែលបឹងកេតបានហាលអាវត្រឹមវគ្គ នេះប៉ុន្ដែសម្រាប់ ឆ្នាំ២០១៥នេះបឹងកេតបានបាក់មុខបាក់មាត់ យ៉ាងខ្លាំងក្រោយគ្មានឱកាស ធ្វើអ្វីក្លឹបណាហ្គាវើល ផ្ទុយទៅវិញបែរជាត្រូវក្លឹបជើងឯករងណាហ្គាវើលបំបាក់យ៉ាង ចាស់ដៃក្នុងលទ្ធផល ៣-០ ទៀត។

យ៉ាងណាក្ដីក្នុងជំនួបមិត្តភាពម្សិលមិញ ដែលជាការប្រកួតមានកីឡាករចម្រុះលាយបរទេសថ្នាក់ដឹកនាំបឹងកេត រំពឹង ថានឹងទទួលបានលទ្ធផលល្អដើម្បីស្ដារ មុខ មាត់ ឡើងវិញ ប៉ុន្ដែលទ្ធផលមិនទទួលបានល្អប្រសើរណាស់ណាទេដោយ គ្រាន់តែទប់ទល់បានស្មើគ្នាប៉ុណ្ណោះ ។

លទ្ធផល ១-១ រវាងក្លឹបលំដាប់កំពូលកម្ពុជាទាំង២ គឺធ្វើសម្រេចដោយកីឡាករ ថុល សុធារិទ្ធ ដែលជាការអ្នកស៊ុត បាល់នាំមុខមុនឲ្យបឹងកេតនៅនាទីទី៥ មុនពេល កីឡាករស្បែកខ្មៅ Barry បានជួយឲ្យណាហ្គាវើលតាមស្មើនៅនាទី ទី១៧វិញ ។


ទោះជាយ៉ាងណាថ្នាក់ដឹកនាំក្លឹបបឹងកេត បានអះអាងថានេះគ្រាន់តែជាការប្រកួតកម្ដៅសាច់ដុំដកស្រង់បទពិសោធន៍ ទៅវិញទៅមកប៉ុណ្ណោះ ចំពោះលទ្ធផល ចាញ់ឬឈ្នះនោះមិនសំខាន់ទេ ។ ម្យ៉ាងវិញទៀត កីឡាករជួរមុខក្លឹបបឹងកេត ចំនួន៥នាក់ ក៏បានចូលរួមក្នុងការប្រកួតនេះដែរ ក្នុងនោះមានអ្នកចាំទី ស៊ូ យ៉ាទី កីឡាករ ទូច បញ្ចរ៉ុង, ឃួន ឡាបូរ៉ាវី, សុខ សុវណ្ណ និងកីឡាករ រស់ សំអឿន ៕

Post a Comment

 
Top