GuidePedia

0
ខ្សែ​បម្រើ Arjen Robben ទទួល​ស្គាល់​ថា ក្រុម Bayern Munich មាន​ការ​​ភិត​ភ័យ​បន្តិច​បន្តួច ខណៈ​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដាច់​ដោច​ដោយ​សង្គ្រាម​​​អ៊ុយ​ក្រែន​ដើម្បី​ទៅ​ជួប​ក្រុម Shakhtar Donetsk សម្រាប់​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​១ នៅ​រាត្រី​នេះ​។


ដោយ​សារ​តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​រវាង​កង​កម្លាំង​រដ្ឋា​ភិបាល និង​ក្រុម​ឧទ្ទាម​គាំ​ទ្រ​រុស្ស៊ី ក្រុម Shakhtar ត្រូវ​ធ្វើ​ការ​ប្រកួត​លីក​ក្នុង​​ទឹក​ដី​របស់​ពួក​គេ​ក្នុង​ទីក្រុង​គៀវ ប៉ុន្តែ បាន​ជ្រើស​រើស​យក​លេង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​ក្នុង​ទីក្រុង Lviv ក្បែរ​ព្រំ​ប្រទល់​ប្រទេស​ប៉ូ​ឡូញ​។


ពួក​គេ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ Bayern នៅ​កីឡ​​ដ្ឋាន Arena Lviv ចម្ងាយ​ប្រមាណ​ជា​១​ពាន់​គីឡូ​​ម៉ែត្រ​ពី​កីឡ​ដ្ឋាន Donbass ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ក្នុង​ទីក្រុង Donetsk ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​​ជា​កន្លែង​ផ្តល់​ជំនួយ​មនុស្ស​ធម៌​​។ ក្រុម​ប្រជុំ​ដោយ​តា​រា​ឆ្នើម Bayern របស់​លោក Pep Guardiola នឹង​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ភាគ​​ខាង​កើត​ដោយ​ដឹង​យ៉ាង​ច្បាស់​​ពី​ស្ថាន​​ភាប​ក្នុង​តំបន់​នោះ ពោល​គឺ​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះ ៨-០ លើ​ក្រុម Hamburg កាល​ពី​ថ្ងៃ​សៅរ៍​។

Robben ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​​នៅ​ពេល​ជួប​ក្រុម Hamburg បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់ យើង​​ដឹង​យ៉ាង​ច្បាស់​ពី​ស្ថាន​ភាព​នោះ ហើយ​វា​ជះ​ឥទ្ធិ​ពល​ដល់​​យើង​គ្រប់​គ្នា​​។ អ្នក​មិន​អាច​ទៅកាន់​ទីនោះ ហើយ​ព្រងើយ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​ឡើយ​»​។ ក្រុម Bayern បាន​​ចេញ​ដំណើរ​ពី​ទីក្រុង Munich ទៅកាន់​ទីក្រុង​ Lviv កាលពី​ថ្ងៃ​ចន្ទ ហើយ​​គ្រោង​ត្រឡប់​មក​វិញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​។ ការ​នៅក្នុង​រយៈ​ពេល​​តិច​ជាង​៣៦​​ម៉ោង​​នៅ​លើ​ទឹក​ដី​​​នៃ​ប្រទេស​អ៊ុយ​ក្រែន មាន​ន័យ​ថា ក្រុម​ម្ចាស់​ជើង​ឯកអាល្លឺ​ម៉ង់​មួយ​នេះ ចង់​ចំ​ណាយ​ពេល​តិច​តួច​បំផុត​តាម​​ដែល​អាច ហើយ​ពួក​គេ​បាន​លុប​ចោល​កកម្ម​វិធី​ជប់​លាង​​ជា​ធម្មតា​នៅ​មុន​ការ​ប្រកួត​របស់​ពួក​គេ​។ លោក Guardiola បាន​ទទួល​ស្គាល់​ថា លោក «មាន​ការ​ខ្វល់​ខ្វាយ​អំ​ពី​ស្ថាន​ភាព​ក្នុង​ប្រទេស​អ៊ុយក្រែន» ខណៈ​ដែល​លោក Karl-Heinz Rummenigge ដែល​ជា​ប្រធាក្លិប បាន​ឲ្យ​ដឹង​ថា «ករណី​បទ​ឈប់​​បាញ់​កាលពី​​ចុង​សប្តាហ៍មុន បាន​ធ្វើ​ឲ្យ​បញ្ហា​ទាំង​មូល​មាន​ភាព​ធូរ​ស្រាល​សម្រាប់​យើង​​»​។


អង្គ​ភាព​គ្រប់​គ្រង​កីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុប​ហៅកាត់​ថា UEFA បញ្ជាក់​ថា វា​គ្មាន​អ្វី​​ត្រូវ​ព្រួយ​បារម្ភ​នោះឡើយ​។ អ្នក​នាំ​ពាក្យ​ម្នាក់​របស់ UEFA បាន​ប្រាប់​ថា៖ «សុវត្ថិ​ភាព​រាល់​អ្នក​ចូល​រួម​ទាំង​​អស់​ត្រូវ​បាន​ធា​នា​»​។ ក្រុម Bayern បាន​កម្តៅ​សាច់​ដុំ​តាម​រយៈការផ្តួល​ក្រុម Hamburg យ៉ាង​ចាស់​ដៃ​ក្នុង​ទីក្រុង Munich ខណៈ​ដែល , Thomas Mueller និង Mario Geotze សុទ្ធ​សឹង​បាន​​ស៊ុត​បាល់​​បញ្ចូល​ទី​​២​គ្រាប់​ដូច​គ្នា​​។ វា​ជា​ការ​រង​បរា​ជ័យ​ដ៏​ធំ​បំផុត​របស់​ក្រុម Hamburg ​និង​ជា​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំ​បំផុត​​ក្នុង​ការ​ប្រកួត​លីក​សម្រាប់​ក្រុម Bayern ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​។ ក្រុម​ទាំង​ពីរ​មិន​ធ្លាប់​បាន​ជួប​ប្រកួត​គ្នា​ពីមុន​មកឡើយ​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២:៤៥​ទៀប​ភ្លឺ (ម៉ោង​នៅ​កម្ពុជា)​៕

បី​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម Shakhtar

08.02.15 Shakhtar 2-1 Aalborg

05.02.15 Murcia 1-2 Shakhtar

02.02.15 Shakhtar 1-1 D. Zagreb

បី​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម Bayern

14.02.15 Bayern Munich 8-0 Hamburger SV

07.02.15 VfB Stuttgart 0-2 Bayern Munich

04.02.15 Bayern Munich 1-1 Schalke

Post a Comment

 
Top