GuidePedia

0
យុវជន​ចំណូល​ថ្មី Martin Odegaard ​បាន​ចូល​ហ្វឹកហាត់​ជា​មួយ​​ក្រុម​ឈុត​ធំ Real Madrid ​ជា​លើក​ដំបូង ​កាល​ពី​ព្រឹក​ម្សិលមិញ​នេះ ប៉ុន្តែ​ការ​ហាត់​ជាមួយ​ឈុត​ធំ​នេះ​មិន​មែន​ដើម្បី​ត្រូវ​ចូល​ប្រកួត​នោះ​ទេ​ ពោល​គឺ​ហាត់​ជា​មួយ​ឈុត​ធំ​​ក៏​ពិត​មែន ​តែ​ត្រូវ​លេង​នៅ​ Real Madrid B (ឈុត​ទី​២) រហូត​ចប់​រដូវ​កាល​នេះ​សិន។ នេះ​បើ​តាម​សម្ដី​លោក Carlo Ancelotti ។


ក្រោយ​ពី​ចប់​ការ​ហ្វឹកហាត់​ Odegaard ​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ថា៖ “​ខ្ញុំ​មក​លេង​នៅ​ Real Madrid ​នេះ​គឺ​មិន​មែន​តែ​លុយ​មួយ​មុខ​នោះ​ទេ ព្រោះ​វា​មិន​អាច​ជំរុញ​ចិត្ត​ខ្ញុំ​បាន​ទាំង​អស់​ឡើយ។ ខ្ញុំ​ជ្រើស​រើស​ទី​នេះ​គឺ​មក​ពី​ខ្ញុំ​គិត​ថា​ក្លិប​មួយ​នេះ​ ជា​ទី​កន្លែង​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត។ ការ​ដែល​អាច​ចូល​លេង​ក្រោម​ការ​ដឹកនាំ​របស់​​ Zidane ជា​រឿង​ល្អ​បំផុត ព្រោះ​គាត់​ជា​កីឡាករ​បាល់ទាត់​កំពូល​ម្នាក់”។


យុវជន​វ័យ​១៦ឆ្នាំ​រូប​នេះ​មាន​តម្លៃ​ខ្លួន ២,៣លាន​ផោន (ជាង៣លាន​ដុល្លារ) ហើយទទួល​បាន​តម្លៃ​ខ្លួន​ប្រចាំ​សប្ដាហ៍​ប្រមាណ ​៤ម៉ឺន​ផោន (ជាង​៦ម៉ឺន​ដុល្លារ)។ គួរ​បញ្ជាក់​ថា មុន​មក​កាន់​ក្លិប Real Madrid យុវជន Odegaard​ បាន​ធ្វើ​ដំណើរ​ទេសចរណ៍ នឹង​ធ្វើ​ការ​ហ្វឹក​ហាត់​ជាមួយ​ក្លិប​ធំៗ​​ជា​ច្រើន​នៅ​អឺរ៉ុប​​ ដូច​ជា Liverpool, Arsenal, Manchester United, Manchester City, Bayern Munich និង​ Barcelona ជា​ដើម ប៉ុន្តែ​ចុង​ក្រោយ​មាន​តែ​​​ក្លិប Real Madrid ប៉ុណ្ណោះ​ ទើប​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​រូបគេ​។ Real Madrid ​នឹង​ត្រូវ​ប៉ះ Real Sociedad ​នៅ​ថ្ងៃ​សៅ​ចុង​សប្ដាហ៍​នេះ បើ​តើ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ Odeggard ​បង្ហាញ​ខ្លួន​ដំបូង​នៅ​ឈុត​ធំ​ឬ​យ៉ាង​ណា​ ព្រោះ​ក្នុង​ប្រកួត​នេះ Ronaldo ​មិន​អាច​ចូល​លេង​បាន​នោះ​ទេ ?

Post a Comment

 
Top