GuidePedia

0
បន្ទាប់​ពី​ក្ដី​សុបិន​លើក​ពាន​ World Cup ​ត្រូវ​បាន​រលាយ ដោយ​សារ​បញ្ហា​របួស​​រួច​មក កីឡាករ​ Neymar ​បាន​ប្រកាស​ប្រាប់​ថា រូបគេ​នឹង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​បាល់​ទាត់​ប្រេស៊ីល ទៅ​ចូល​រួម​​ប្រកួត​​​នៅ​អូឡាំពិក​ឆ្នាំ​២០១៦ នា​ទីក្រុង​ Rio ​បន្ត​ទៀត ដោយ​សង្ឃឹម​ថា​នឹង​យក​មេដាយ​មាស​ឲ្យ​បាន។


ជិត​កន្លះ​ឆ្នាំ​មក​ហើយ ដែល​ក្រុម​បាល់​ទាត់​​ប្រេស៊ីល ចាញ់​យ៉ាង​អាម៉ាស់ ៧-១ ក្នុង​ទឹក​ដី​ខ្លួន​ឯង ក្នុង​ការ​ប្រកួត World Cup ឆ្នាំ​២០១៤ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្រោម​​ស្នាដៃ​ក្រុម​អាល្លឺម៉ង់ ខណៈ​ដែល​ពេល​នោះ Neymar កំពុង​របួស​មិន​អាច​ចូល​លេង​បាន។ ប៉ុន្តែ​ពេល​នេះ កីឡាករ​ឆ្នើម​ប្រេស៊ីល​ រូប​នេះ ចង់​ស្តា​មុខមាត់​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ឡើង​វិញ នៅ​អូឡាំពិក​ឆ្នាំ​ក្រោយ។

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រុម Barcelona បាន​​ប្រាប់​ដល់​កាសែត Marca របស់​អេស្ប៉ាញ​ថា រូបគេ​មាន​សង្ឃឹម និង​ក្ដី​ស្រមៃ​ថា នឹង​ដឹក​នាំ​ក្រុម​ប្រេស៊ីល ឲ្យ​ទទួល​បាន​មេដាយ​មាស​នៅ​អូឡាំពិក​ជាក់​ជា​មិន​ខាន។

កីឡាករ​វ័យ​២២​ឆ្នាំ​ បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​គឺជា​ផ្នែក​មួយ​នៃ​ក្រុម ដែល​នឹង​អាច​ឈ្នះ​ពាន​រង្វាន់​សម្រាប់​ប្រជាជន​ប្រេស៊ីល ជា​ពិសេស​ព្រោះ​តែ​យើង​លេង​នៅ​ផ្ទះ​ខ្លួន​ឯង។ ជ័យជម្នះ​​​នៅ​ក្នុង​កីឡដ្ឋាន Maracana ពិត​ជា​អស្ចារ្យ មិន​អាច​បំភ្លេច​បាន ហើយ​យើង​ជឿ​ជាក់​ថា ​យើង​នឹង​លេង​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ទៅ​ដល់​ភាព​ជោគជ័យ​មួយ​នេះ»។


​​Neymar ក៏​ធ្លាប់​បាន​ដឹក​នាំ​ប្រេស៊ីល​​ទៅ​លេង​នៅ​អូឡាំពិក នា​ទីក្រុង​ឡុងដុង​​ម្ដង​ដែរ​ កាល​ពី​ឆ្នាំ​២០១២ ខណៈ​ដែល​ពេល​នោះ​ក្រុម​ប្រេស៊ីល​បាន​​ត្រឹម​ជ័យ​លាភី​មេដាយ​ប្រាក់ បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

Post a Comment

 
Top