ប្រិយមិត្តបានដឹងហើយថា នៅពេលបច្ចុប្បន្ននេះ ក្នុងវិស័យបាល់ទាត់មានតែកីឡាករ Lionel Messi និង Cristiano Ronaldo ទេ ដែលលេចធ្លោខ្លាំងជាងគេ និងជាទីចាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់ទាំងអស់។ ចុះបើនឹកទៅដល់ពេលអនាគតវិញ ប្រសិនបើអ្នកទាំងពីរនេះចូលនិវត្តន៍ទៅ តើមានកីឡាកររូបណាខ្លះ ដែលអាចមកស្នងតំណែងរបស់ពួកគេបាន? ឬនិយាយឱ្យខ្លីថា តើមានកីឡាករណា ដែលសក្តិសមនឹងមានសមត្ថភាពអាចលើកពាន FIFA Ballon d’Or បាន? ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ១០នាក់ដែលខាងគេហទំព័រ dailyentertainment បានជ្រើសរើស និងគិតទុកជាស្រេចថានឹងអាចជំនួសតំណែង Messi ឬ Ronaldo លើកពាន Ballon d’Or នៅពេលខាងមុខ៖១. ខ្សែប្រយុទ្ធ Neymar Jr Neymar បច្ចុប្បន្ននេះកំពុងបង្ហាញទម្រង់លេងល្អខ្លាំងណាស់នៅក្លិប Barcelona ក៏ដូចជានៅជម្រើសជាតិប្រេស៊ីលដែរ។ កីឡាករវ័យ២២ឆ្នាំរូបនេះលេងសហការគ្នាបានល្អណាស់ជាមួយ Messi និងសមាជិកនៅក្នុងក្រុម Barcelona ទាំងអស់។ រដូវកាលថ្មីនេះ រូបគេរកគ្រាប់បាល់បាន១៤គ្រាប់ហើយនៅ La Liga ឈរពីក្រោយ Messi (២១គ្រាប់) និង Ronaldo (២៨គ្រាប់)។ ២. ខ្សែបម្រើប្រយុទ្ធ Gareth Bale Gareth Bale ជាកីឡាករម្នាក់ដែលមានល្បឿនលឿនជាង Messi និង Ronaldo ទៅទៀត ត្បិតតែរូបគេមិនទាន់បានឈ្នះពាន Ballon d’Or ម្ដងណាក៏ដោយ។ នៅក្លិប Real Madrid កីឡាករសញ្ជាតិវែលរូបនេះ ជាមនុស្សសំខាន់ទី២បន្ទាប់ពី Cristiano Ronaldo ព្រោះកាលពី Real Madrid ប្រកួតជាមួយ Cordoba គឺ Bale នេះហើយដែលជាអ្នកជួយលោក Carlo Ancelotti រកបាន៣ពិន្ទុ។ ៣. ខ្សែបម្រើប្រយុទ្ធស្លាប Eden Hazard ប៉ុន្មានរដូវកាលមកនេះ Eden Hazard បានបង្ហាញសមត្ថភាពអស្ចារ្យមែនទែននៅក្រុម Chelsea ខណៈដែលរដូវកាលនេះ រូបគេក៏មានទម្រង់លេងកាន់តែល្អទៅៗដែរ។ កីឡាករវ័យ២៤ឆ្នាំរូបនេះ ត្រូវបានក្លិបធំៗជាច្រើនប្រជែងគ្នាចង់បាន ប៉ុន្តែសមីខ្លួនបាននិយាយហើយថានឹងនៅជាមួយ Chelsea បន្តទៀត ។ ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិករូបនេះ ត្រូវបានកីឡាករនៅ Chelsea គិតថាជា Messi ទី២ទៀតផង។ ៤. ខ្សែប្រយុទ្ធ Diego Costa Diego Costa ទើបតែបង្ហាញទម្រង់លេងល្អនៅក្លិប Atletico Madrid ក្រោយជួយលោក Simeone លើកពាន La Liga បានមួយរដូវកាលក៏ត្រូវលោក Jose Mourinho យកមកលេងនៅអង់គ្លេសម្ដង។ បន្ទាប់ពីមកដល់ Stamford Bridge មិនទាន់បានប៉ុន្មានផង ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ បានជួយក្រុម Chelsea បានជាច្រើន និងក្លាយជាខ្សែប្រយុទ្ធមុតស្រួចជាងគេទៅហើយនៅ English Premier League នាពេលបច្ចុប្បន្ននេះ ព្រោះរកគ្រាប់បាល់បាន១៧គ្រាប់មកហើយគិតត្រឹមពាក់កណ្ដាលរដូវកាល។ ៥. ខ្សែបម្រើប្រយុទ្ធស្លាប Thomas Muller Thomas Muller ជាកីឡាករម្នាក់ដែលអាចជួយជម្រើសជាតិអាល្លឺម៉ង់លើកពាន FIFA World Cup បាន ហើយពេលបច្ចុប្បន្ននេះ រូបគេក៏បានជួយក្រុម Bayern Munich ឈរនៅកំពូលតារាង Bundesliga ផងដែរ។ ក្នុងប្រវត្តិសាស្ត្រ World Cup កីឡាកររូបនេះជាប់លេខ៣ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ។ ៦. ខ្សែបម្រើប្រយុទ្ធស្លាប Marco Reus Marco Reus មានទម្រង់លេងល្អខ្លាំងណាស់នៅក្លិប Borrussia Dortmund ប៉ុន្តែដោយសារមានរបួសទើបរូបគេមិនបានជួយក្រុមបានច្រើននៅរដូវកាលនេះ។ ខណៈដែលពេលថ្មីៗនេះ មានក្លិបធំៗជាច្រើនបានដាក់តម្លៃខ្លួនកីឡាករវ័យ២៥ឆ្នាំរូបនេះ ដើម្បីយកទៅរួមក្រុម។ Real Madrid ជាក្រុមមានសង្ឃឹមខ្ពស់ជាងគេថានឹងបានខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់រូបនេះទៅរួមក្រុមនៅរដូវក្ដៅខាងមុខ។ ៧. ខ្សែបម្រើ Mario Gotze Mario Gotze ជាកីឡាករដែលជួយរកគ្រាប់បាល់ឱ្យអាល្លឺម៉ង់យកឈ្នះអាហ្សង់ទីននៅព្រឹត្តិការណ៍ World Cup វគ្គផ្ដាច់ព្រ័ត្រ។ ទន្ទឹមនឹងនេះដែរ កីឡាករវ័យ២២ឆ្នាំរូបនេះក៏បង្ហាញទម្រង់លេងល្អដែរទាំងកាលនៅ Dortmund និងពេលផ្លាស់មក Bayern Munich ។ ត្បិតតែជាកីឡាករលេងនៅតំបន់បម្រើ ប៉ុន្តែកីឡាករដែលជាប់ជម្រើសជាតិអាល្លឺម៉ង់តាំងពី U15 មកនេះមានសន្ទុះ និងក្បាច់ញាក់ល្អមិនចាញ់ខ្សែប្រយុទ្ធនោះទេ។ ៨. ខ្សែបម្រើប្រយុទ្ធ James Rodriguez James Rodriguez ជាតារាដែលទើបតែរះនៅអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំមុននោះ ហើយក៏ត្រូវក្រុម Real Madrid ទិញយកក្នុងតម្លៃខ្លួនខ្ពស់កប់ពពកតែម្ដង (ប្រមាណជា៨០លានអឺរ៉ូ)។ ទន្ទឹមនឹងតម្លៃខ្លួនខ្ពស់នេះដែរ រូបគេក៏បានជួយលោក Carlo Ancelotti បានច្រើនដែរ ដូចជាឈ្នះពាន UEFA Super Cup និង FIFA Club World Cup ។ ខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះគឺជាម្ចាស់ស្បែកជើងមាស FIFA World Cup Golden Boot 2014 ផងដែរ។ ៩. ខ្សែបម្រើប្រយុទ្ធស្លាប Raheem Sterling Raheem Sterling ជាយុវជនឆ្នើមម្នាក់របស់អង់គ្លេស និង Liverpool ។ ទោះជាទើបតែមានវ័យ២០ឆ្នាំមែន ប៉ុន្តែយុវជនរូបនេះបង្ហាញទម្រង់លេងមិនចាញ់កីឡាករជើងចាស់នោះទេ។ ខណៈដែលរដូវកាលនេះទៀតសោត រូបគេត្រូវបានលោក Rodgers ដាក់សំណើបន្តកុងត្រានៅហង្សក្រហម២ដងមកហើយ តែត្រូវបានបដិសេធទាំងពីរលើក។ ថ្មីៗនេះ មានកាសែតអេស្ប៉ាញបានចុះផ្សាយផងដែរថា កីឡាករជម្រើសជាតិអង់គ្លេសរូបនេះមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ និងក្រុម Real Madrid ។ ១០. ខ្សែបម្រើ Paul Pogba Pogba ជាខ្សែបម្រើកំពុងឡើងជើងបំផុតនៅអ៊ីតាលី ខណៈដែលពេលថ្មីៗនេះរូបគេក៏ចង់ចាកចេញពី Juventus ផងដែរ។ ទន្ទឹមនឹងសមត្ថភាពលេចធ្លោរបស់យុវជនវ័យ២១ឆ្នាំរូបនេះ មានក្លិបបាល់ទាត់ធំៗជាច្រើនចង់បានដែរ ដែលតម្លៃខ្លួនផ្ទេរចេញរបស់អតីតយុវជន Man Utd រូបនេះ ត្រូវបានក្លិបសេះបង្កង់បញ្ជាក់ថាអាចដល់ទៅ៧០លានផោនឯណោះ។ ក្នុងព្រឹតិ្តការណ៍ FIFA World Cup ឆ្នាំមុន រូបគេជាម្ចាស់ពានរង្វាន់ FIFA World Cup Best Young Player ផងដែរ ។ យ៉ាងណាដែរ បន្ទាប់ពីអានបញ្ជីឈ្មោះកីឡាករទាំង១០នាក់នេះរួច? បើតាមគំនិតមិត្តអ្នកអានវិញគិតថានរណាសាកសមនឹងអាចជំនួស Messi ឬ Ronaldo បានក្នុងការលើកពាន FIFA Ballon d’Or ទៅថ្ងៃអនាគត? ឬក៏មិនមែនជា១០នាក់នេះទេ?
Subscribe to:
Post Comments (Atom)
Post a Comment