Cristiano Ronaldo ជាកីឡាករល្បីម្នាក់នៅលើលោកនេះនាពេលបច្ចុប្បន្ន។ ខ្សែប្រយុទ្ធរូបនេះឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំ FIFA Ballon d’Or បាន៣សម័យកាលមកហើយ (២០០៨ , ២០១៣ , ២០១៤)។ ចំណែកឯរដូវកាលថ្មីនេះទៀតសោត រូបគេក៏បន្តទម្រង់លេងល្អដែរ ដោយរកគ្រាប់បាល់បាន៣៦គ្រាប់ហើយ (La Liga ២៨គ្រាប់ , Copa del Rey ១គ្រាប់ , Champions League ៥គ្រាប់និង Super Cup ២គ្រាប់) ។យ៉ាងណាមិញ កាលពីសប្ដាហ៍មុននោះ Ronaldo បានបញ្ចេញអាកប្បកិរិយាមិនសមរម្យមួយពេលប្រកួតជាមួយ Cordoba ដែលធ្វើឱ្យអាជ្ញាកណ្ដាលដកកាតក្រហមបណ្ដេញខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះចេញពីទីលាន។ រឿងរ៉ាវនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ ក៏ដូចជាកីឡាករបាល់ទាត់នានា។ កាតក្រហមនោះ មិនទាន់ដឹងច្បាស់ថា Ronaldo ត្រូវរងពិន័យប៉ុន្មានប្រកួតនៅឡើយនោះទេ។ ទន្ទឹមនឹងដែរ Sport-Khmer សូមណែនាំមិត្តអ្នកអានឱ្យដឹងពីអតីតកាលរបស់ខ្សែប្រយុទ្ធ Real Madrid រូបនេះបន្តិច ថាតើរូបគេធ្លាប់បានទទួលកាតក្រហមប៉ុន្មានមកហើយ ចាប់តាំងពីចូលលេងបាល់ទាត់មក៖លើកទី១. ពេល Manchester United ឈ្នះ Aston Villa ២-០ Ronaldo ទទួលបានកាតក្រហមដំបូងនៅ Manchester United ពេលទៅលេងនៅទឹកដី Aston Villa ក្រោយពីរូបគេរកគ្រាប់បាល់បាន២គ្រាប់។ នៅពេលនោះគឺរូបគេទទួលបានកាតក្រហមដោយសារបានកាតលឿង២ដង។ លើកទី២. ពេល Manchester United ចាញ់ Manchester City ៣-១ Ronaldo ទទួលបានកាតក្រហមជាលើកទី២នៅពេលដែលបិសាចក្រហមទៅប្រកួតនៅទឹកដី Manchester City ចាញ់ក្នុងលទ្ធផល ៣-១ ។ លើកទី៣. ពេល Manchester United ស្មើ Portsmouth ១-១ ពេល Ronaldo ទទួលបានកាតក្រហមនៅពេលនោះគឺដោយសារប៉ះគ្នាជាមួយ Matt Taylor ហើយក៏ត្រូវពិន័យ៣ប្រកួតដែរ។ លើកទី៤. ពេល Man Utd ឈ្នះ Man City ១-០ គ្រានោះ Ronaldo បានកាតក្រហមមកពីយកដៃទៅពាំងបាល់ ហើយអាជ្ញាកណ្ដាលនៅក្នុងប្រកួតនោះដែរគឺលោក Howard Webb ។ លើកទី៥. ពេល Real Madrid ឈ្នះ Almeria ៤-២ កាតក្រហមលើកនេះគឺកើតឡើងដោយសារ Cr7 យកជើងទៅប៉ះនឹងអ្នកចាំទីខាង Almeria បន្ទាប់ពីអ្នកចាំទីរូបនោះផ្ដួលខ្លួនចាប់បាល់។ ក្នុងប្រកួតនោះដែរ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះក៏ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលផងដែរ។ លើកទី៦. ពេល Real Madrid ឈ្នះ Malaga ២-០ ក្នុងប្រកួតនេះដែរ Ronaldo ជាអ្នករកគ្រាប់បាល់បានទាំង២គ្រាប់ ប៉ុន្តែក៏ទទួលបានកាតក្រហមដែរ បន្ទាប់ពីយកដៃទៅវាសចំមុខរបស់ខ្សែបម្រើ Patrick Mtiliga ។ លើកទី៧. ពេល Real Madrid ចាញ់ Atletico Madrid ២-១ កាតក្រហមលើកនេះគឺមិនខុសអីពីកាតក្រហមដែល Ronaldo ទាត់ខ្សែការពារ Edimar នោះទេ ពោលគឺរូបគេបានទាត់ជើងប្រធានក្រុម Atletico Madrid កីឡាករ Gabi ពីក្រោយ។ លើកទី៨. ពេល Real Madrid ស្មើ Athletic Club ១-១ កាតក្រហមលើកនេះដែរគឺបណ្ដាលមកពី Ronaldo ទៅបុកជាមួយខ្សែការពារ Carlos Gurpegi របស់ក្រុម Athletic Club ហើយគ្រានោះក៏ត្រូវពិន័យ៣ប្រកួតដែរ។ សរុបជារួមមក Cristiano Ronaldo ទទួលបានកាតក្រហម៩ដងមកហើយតាំងពីចូលលេងបាល់ទាត់មក ខណៈដែលចុងក្រោយពេលប៉ះជាមួយ Edimar របស់ Cordoba នេះ នៅមិនទាន់ដឹងច្បាស់ថាត្រូវបានសហព័ន្ធកីឡាអេស្ប៉ាញពិន័យប៉ុន្មានប្រកួតនៅឡើយនោះទេ ៕
Subscribe to:
Post Comments (Atom)
Post a Comment