សមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងប្រជុំសម្រេចពីទីកន្លែងប្រកួតពានរង្វាន់ Hun Sen Cup 2015 នៅវគ្គចែកពូលនៅថ្ងៃស្អែក ដោយក្នុងនោះមានជម្រើសចំនួន ២ គឺធ្វើនៅរាជធានីភ្នំពេញ និង ខេត្តស្វាយរៀង។
កីឡដ្ឋានខេត្តស្វាយរៀង ពេលសាកភ្លើងមួយចំហៀងពេលយប់
លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងនៅព្រឹកថ្ងៃពុធ ទី ១៤ មករា ក្នុងពិធីចែកពូលថា ដោយសារពហុកីឡដ្ឋានជាតិ កំពុងតែជួសជុលប្ដូរដាក់ស្មៅសិប្បនិមិត្ត ដូច្នេះសហព័ន្ធនឹងកោះប្រជុំថ្នាក់ដឹកនាំកំពូលសម្រេចពីការជ្រើសរើសទីលានសម្រាប់ប្រកួតជុំផ្ដាច់ព្រ័ត្រដែលមានក្រុមចំនួន ១៦ ចុងដោយបែងចែកជា ៤ ពូល។ ការប្រជុំសម្រេចរបស់ថ្នាក់ដឹកនាំនេះនឹងជ្រើសរើសថា តើការប្រកួតនេះធ្វើឡើងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងរាជធានីភ្នំពេញ បូកជាមួយទីលានទន្លេបាទី ឬ ទៅធ្វើនៅខេត្តស្វាយរៀង។ លោកអគ្គលេខាធិការរងបានលើកហេតុផលវិជ្ជមានមួយចំនួនដល់ ចំពោះទីលានខេត្តមួយនេះ ទាំងមានខ្យល់អាកាសក៏ល្អ មានអ្នកគាំទ្រដូចនៅភ្នំពេញដែរ ហើយថែមទាំងអាចប្រកួតពេលយប់បានថែមទៀតផង។ នេះជាលើកដំបូងហើយសហព័ន្ធមានគម្រោងរៀបចំការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅតាមខេត្ត ខណៈ ៨ លើកកន្លងមករៀបចំនៅតែរាជធានីភ្នំពេញ តែប៉ុណ្ណោះ។ សហព័ន្ធបានកំណត់រយៈពេល ១ ខែសម្រាប់យុទ្ធនាការប្រកួតពានរង្វាន់លំដាប់ទី២ ក្នុងប្រទេសកម្ពុជាមួយនេះ។ ពានរង្វាន់ដែលអនុញ្ញាតឱ្យតែកីឡាករខ្មែរចូលរួមប្រកួតនេះត្រៀមទឹកប្រាក់ចំនួន ៨០ លានរៀល ដល់ក្រុមជើងឯក ចំណែកជើងឯករកបានទឹកប្រាក់ ៤០ លានរៀល និង លេខ ៣ ចំនួន ២០ លានរៀល៕ សម្រាប់ព័ត៌មានលំអិតពីទីលានប្រកួត sport-khmer នឹងជម្រាបជូនក្រោយពេលគណៈកម្មាការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់ប្រជុំចប់នៅថ្ងៃស្អែក។


Post a Comment