ម្ដាយរបស់ក្មេងប្រុសសញ្ជាតិកូឡុំប៊ីម្នាក់ បានធ្វើការថ្លែងអំណរគុណយ៉ាងខ្លាំង ដល់កីឡាករ Radamel Falcao បន្ទាប់ពីខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះ គឺជាអ្នកជួយដល់ការស្វែងរកបេះដូង ដើម្បីយកទៅវះកាត់កូនប្រុសរបស់អ្នកស្រីឲ្យរស់រានមានជីវិតបន្តទៀត។កុមារា John Andres Uyaban វ័យ១៧ឆ្នាំ គឺជាអ្នកគាំទ្រខ្សែប្រយុទ្ធ Falcao ដ៏ងប់ងុលម្នាក់ ហើយរូបគេរង់ចាំអ្នកបរិច្ចាគបេះដូងដើម្បីវះកាត់ដោះដូរជំងឺរបស់គេអស់រយៈពេល២ឆ្នាំមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលទេ។ កាលពី២ខែមុន កីឡាករវ័យ២៨ឆ្នាំ បានសរសេរប្រកាសលើទំព័រ Facebook របស់គេថា៖ «ជួយពួកយើង ដើម្បីទទួលបានបេះដូងថ្មីមួយ សម្រាប់កុមារា John Andres ។ ក្មេងវ័យ១៧ឆ្នាំរូបនេះ ពិតជាត្រូវការមានជីវិតរស់នៅបន្តទៀត»។ ម្ដាយរបស់កុមារារូបនោះ បានឲ្យដឹងថា រយៈពេល១០ថ្ងៃ បន្ទាប់ពីសាររបស់ Falcao បានសរសេរបង្ហោះនោះ ក៏មានអ្នកបរិច្ចាគបេះដូងដល់កូនប្រុសអ្នកស្រីមែន។ ហើយមកទល់ពេលនេះ កូនរបស់អ្នកស្រីត្រូវបានក្រុមវេជ្ជបណ្ឌិតធ្វើការវះកាត់រួចរាល់អស់ហើយ ដោយរង់ចាំតែ ថ្ងៃចាកចេញពីមន្ទីរពេទ្យតែប៉ុណ្ណោះ។អ្នកស្រី Sara Fernandez បាននិយាយថា៖ «ខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់ និង Falcao ។ ខ្ញុំតែងសង្ឃឹមថា Falcao នឹងជួយដល់យើង ព្រោះគាត់ជាវីរបុរសរបស់ពួកយើង។ អ្នកគ្រប់គ្នាស្រលាញ់គាត់ព្រោះគាត់ចេះបន្ទាបខ្លួន និងចេះជួយទុក្ខធុរៈដល់ជនរួមជាតិទាំងមូល»៕
Post a Comment