ការប្រកួតពានរង្វាន់ FA Cup កាលពីយប់មិញនេះពិតជាធ្វើឱ្យក្រឡាប់ចាក់ក្នុងវិស័យបាល់ទាត់មែន ពោលគឺក្រុមខ្លាំងៗដូចជា Chelsea , Man City , Spurs និង Southampton សុទ្ធតែធ្លាក់ក្រោមថ្វីជើងក្រុមលេងនៅលីកលំដាប់ក្រោមទាំងអស់ ដែលនេះជាប្រវត្តិសាស្ត្រថ្មីមួយនៅប្រទេសអង់គ្លេសហើយ ។Chelsea ឈរនៅកំពូលតារាង Premier League ពេលប៉ះជាមួយ Bradford City ដែលជាក្រុមលេងនៅលំដាប់លីកទី៣ បែរជាធ្វើអីក្រុមនេះមិនកើតទៅវិញ ពោលគឺចាញ់ក្នុងលទ្ធផល ២-៤ ។ ក្រុមលោក Jose Mourinho រកគ្រាប់បាល់នាំមុខដល់ទៅ២គ្រាប់នៅតង់ទីមួយ ដោយកីឡាករ Cahill នាទី២១និង Ramires នាទី៣៨ ប៉ុន្តែបែរជាត្រូវក្រុម Bradford ដាក់៤គ្រាប់វិញដោយកីឡាករ Stead នាទី៤១ , Filipe Morais នាទី៧៥ , Halliday នាទី៨២និងគ្រាប់បាល់ចុងក្រោយ Yeates នាទី៩០+៤។ លទ្ធផលនេះដែរ បានធ្វើឱ្យលោក Mourinho ខឹងយ៉ាងខ្លាំង ដោយទៅចាប់ដៃលាជាមួយគ្រូបង្វឹកក្រុម Bradford មុនចប់ការប្រកួតនេះទៅទៀត ប៉ុន្តែបែរជាត្រូវលោក Phil Parkinson បដិសេធមិនព្រមចាប់ដៃទៅវិញ។ ចំណែកឯក្រុមខ្លាំង Manchester City វិញ យប់មិញយំមិនចេញនោះទេ ព្រោះត្រូវក្រុម Middlesbrough មកស៊ីដល់ផ្ទះ ២-០ ។ ត្បិតតែ Man City ជាក្រុមដែលវាយសម្រុកខ្លាំងទៅលើ Middlesbrough មែនប៉ុន្តែមិនអាចបំបែកពងមាន់បាននោះឡើយ តែបែរជាត្រូវក្រុមភ្ញៀវមួយនេះដាក់២គ្រាប់ទៅវិញនៅនាទី៥៣ដោយកីឡាករ Bamford និងនាទី ៩០+៣ដោយកីឡាករ Kike ។ មួយវិញទៀត ក្រុម Southampton និង Spurs វិញក៏មិនអាចបន្តដំណើរឡើងទៅវគ្គបន្ទាប់ទៀតបានដែរ ពោលគឺ Southampton ចាញ់ក្រោមថ្វីជើង Crystal Palace ៣-២និង Spurs ចាញ់ Leicester City ២-១។អ្វីដែលគេគិតថា៤ក្រុមខាងលើនេះចាញ់ដោយអាម៉ាស់បំផុតនោះគឺក្នុងប្រកួតយប់មិញនេះ ៤ក្រុមដែលធ្លាក់ខាងលើនេះគឺធ្វើជាម្ចាស់ផ្ទះទាំងអស់។
Post a Comment