GuidePedia

0
កីឡា​ការិនី​កម្ពុជា​២​រូប​ត្រូវ​បាន​ជាប់​ឈ្មោះ​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ឆ្នាំ​២០១៥​នៅ​ប្រទេស​សិង្ហបុរី​​នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ ខណៈ​កន្លង​មក​កម្ពុជា​មិន​ធ្លាប់​បាន​បញ្ជូន​កីឡា​ការិនី​ទៅ​ចូល​រួម​ឡើយ។

កីឡាការិនី វី ស្រីឆាយ (ស្តាំ)​កាល​ថ្លឹង​ទម្ងន់​ប្រកួត​នឹង​ សុំ ថារ័ត្ន


លោក វ៉េន សុផល គ្រូ​ជំនួយ​ប្រដាល់​សាកល​ជម្រើស​ជាតិ​បាន​ឲ្យ​ដឹង​ថា កីឡា​ការិនី​ទាំង​ពីរ​នាក់​នោះ​គឺ​ វី ស្រី​ឆាយ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ និង​ អេព្រីយ៉ានុត ភូថង (អេ យ៉ានុត)​ជា​​កូន​ស្រី​លោក​អេ ភូថង​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សហព័ន្ធ​បាន​ស្នើ​សុំ​ដល់​ប្រធាន​ឲ្យ​បញ្ជូន​កីឡា​ការិនី​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។

លោក​បាន​និយាយ​ថា ៖«​យើង​សង្កេត​ឃើញ​ថា បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​អាស៊ាន​បញ្ជូន​កីឡា​ការិនី​តូច​តូច ហើយ​ប្រទេស​ណា​មាន​កីឡា​ការិនី​ច្រើន​ងាយ​ស្រួល​ដណ្តើម​បាន​មេដាយ ​ព្រោះ​ពេល​មាន​កីឡា​ការិនី​តិច​ងាយ​ឡើង​ទៅ​វគ្គ​បន្ត បើ​គ្រាន់​តែ​ឈ្នះ​មួយ​ឬ​ពីរ​ប្រកួត»។

«យើង​មាន​មោទនភាព​ដែល​បាន​បញ្ជូន​កីឡា​ការិនី​ទៅ​ប្រកួត​នៅ​ឆ្នាំ​នេះ ពី​ព្រោះ​កន្លង​មក​មិន​ធ្លាប់​បាន​បញ្ជូន ខណៈ​ធន​ធាន​កីឡា​ការិនី​យើង​មាន​ស្រាប់​»។ ទោះ​បី​យ៉ាង​ណា​លោក​បាន​បញ្ជាក់​ថា តាម​ពិត​ទៅ​កីឡា​ការិនី​ទាំង​ពីរ​នាក់​នេះ​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ប្រដាល់​សាកល​ម្តង​ណា​ឡើយ ពួក​គេ​ធ្លាប់​តែ​ប្រដាល់​សេរី​តែ​ប៉ុណ្ណោះ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ លោក​គ្រូ​បង្វឹក​រូប​នេះ​បាន​ត្អូញត្អែរ​ពី​កង្វះ​ខាន​នៃ​ការ​ឡើង​ប្រកួត​របស់​កីឡាករ កីឡា​ការិនី​នៅ​តាម​សង្វៀន​ដើម្បី​បង្កើន​សមត្ថភាព​របស់​ពួក​គេ។ ប្រសិន​បើ​ពួក​គេ​មិន​បាន​ឡើង​អនុវត្ត​ផ្ទាល់​នៅ​លើ​សង្វៀន​ទេ ពួកគេ​នឹង​មិន​មាន​សមត្ថភាព​ពេញ​លេញ​នោះ​ទេ ពី​ព្រោះ​ការ​ហាត់​​រាល់​ថ្ងៃ​មិន​ដូច​ការ​អនុវត្ត​ផ្ទាល់។


លោក​បាន​និយាយ​ថា ៖«ក្រុម​ហ៊ុន​ឧបត្ថម្ភ​​មិន​ចង់​ដាក់​ឲ្យ​មាន​​កីឡា​ប្រដាល់​សាកល​ប្រកួត​ទេ​នៅ​កម្មវិធី​ដែល​គេ​ឧបត្ថម្ភ គេ​ចង់​បាន​តែ​ប្រដាល់​សេរី អីចឹង​យើង​បាន​ត្រឹម​ហ្វឹកហាត់ និង​សាក​កម្លាំង​គ្នា​​នៅ​កន្លែង​ហាត់​ប៉ុណ្តោះ។ ខ្ញុំ​សំណូម​ពរ​ឲ្យ​ម្ចាស់​កម្មវិធី​ប្រដាល់​ទូរទស្សន៍ ឬ​ម្ចាស់​ឧបត្ថម្ភ​មេត្តា​ជួយ​បង្កើន​ចំនួន​ប្រដាល់​សាកល​ផង ព្រោះ​យើង​ត្រូវ​ការ​សមត្ថភាព​កីឡាករ​ប្រដាល់​សាកល​ដើម្បី​ទៅ​ស៊ីហ្គេម​ដណ្តើម​មេដាយ​ជួន​ជាតិ»។

រាល់​ថ្ងៃ​កីឡា​ករ​៦​រូប កីឡា​ការិនី​២​រូប​និង​គ្រូ​បង្ហាត់​៣​រូប​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​នៅ​ដំបូល​ទូក​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​អូឡាំពិក។ កាល​ពី​ស៊ីហ្គេម​ឆ្នាំ​២០១៣​​កម្ពុជា​បាន​បញ្ជូន​កីឡាករ​៦​រូប​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ និង​មិន​ទទួល​​លទ្ធផល​អ្វី​សោះ​ពី​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ប៉ុន្តែ​ឆ្នាំ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​ត្រូវ​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ទៀត​ឬ​យ៉ាង​ណា​នោះ​ទេ៕

Post a Comment

 
Top