អូត ភូថង អ្នកប្រដាល់ជើងចាស់មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ មានគម្រោងលាឈប់ពីអាជីពជាអ្នកប្រដាល់ហើយនាពេលឆាប់ៗខាងមុខនេះ ។ បុ៉ន្តែត្រូវរង់ចាំមើលលើលទ្ធផលនៃការប្រកួតមួយលើកចុងក្រោយទៀត បើសិនជាចាញ់ លោកនឹងលាឈប់ពីអាជីពជាអ្នកប្រដាល់តែម្តង ។ នេះបើតាមការអះអាងរបស់លោកកាលពីពេលថ្មីៗកន្លងមកនេះ ។ក្នុងចំណោមអ្នកប្រដាល់ជើងចាស់ជាច្រើនរូប អូត ភូថង គឺជាកីឡាករប្រដាល់មួយរូបដែលបានសាងកេរ្តិ៍ឈ្មោះនៅលើសង្វៀនយ៉ាងល្បីរន្ទឺនៅក្នុងពិភពកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ មិនចាញ់កំពូលអ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង ដែលជាបងប្រុសរបស់លោកឡើយ ។ បុ៉ន្តែមួយរយៈចុងក្រោយនេះ រាល់ការប្រកួតរបស់លោកតែងជួបបរាជ័យជាបន្តបន្ទាប់ ជាពិសេសការប្រកួតនៅលើកចុងក្រោយជាមួយអ្នកប្រដាល់ជើងថ្មី ពេជ្រ ម៉ាប់ មកពីក្លិបសាលវ័ន្តកីឡានៅលើសង្វៀនទូរទស្សន៍ស៊ីធីអិន កាលពីថ្ងៃអាទិត្យមុននេះ ដោយត្រូវ ពេជ្រ ម៉ាប់ វាយឱ្យលើកទង់ជ័យស សុំចុះចាញ់នៅត្រឹមទឹកទី៤ បុ៉ណ្ណោះ ធ្វើឱ្យលោកមានគម្រោងឈប់ប្រដាល់ដើម្បីកុំឱ្យអាម៉ាស់ខ្លាំងពេក ។ គម្រោងលាឈប់នេះ ក៏មានការពាក់ព័ន្ធនឹងវ័យរបស់លោកដែលកាន់តែចាស់ កម្លាំងក៏កាន់តែចុះខ្សោយផងដែរ ។ អូត ភូថង បានប្រាប់ថា ដោយហេតុតែស្រឡាញ់ និងចូលចិត្តវិស័យកីឡាប្រដាល់ និងមានឈាមជ័រជាអ្នកប្រដាល់ស្រាប់ផងនោះ បានជំរុញឱ្យរូបលោកចូលហ្វឹកហាត់តាំងពីនៅអាយុ៧ឆ្នាំមកម្ល៉េះ ។ កាលណោះលោកត្រូវបានសិស្សច្បងបងបង្កើត គឺលោក អេ ភូថង ជាអ្នកជួយបង្ហាត់ដោយផ្ទាល់ទើបធ្វើឱ្យរូបលោកឆាប់ក្លាយជាកីឡាករល្បីមួយរូប ។ គ្រាន់តែឈានជើងឡើងសង្វៀនប្រកួតមិនបានបុ៉ន្មានផង នៅក្នុងឆ្នាំ១៩៩៨ រូបលោកមានឱកាសគ្រប់គ្រងតំណែងជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាមជាលើកដំបូង ដោយបានប្រកួតឈ្នះ វ៉ោយ ចាន់ដារ៉ា មកពីក្លិបខេត្តបន្ទាយមានជ័យ ។ រហូតមកដល់ក្នុងឆ្នាំ២០០០ លោកដណ្តើមបានខ្សែក្រវាត់មួយទៀតដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទបុ៉ស្តិ៍លេខ៥ ដែលកាលណោះលោកបានប្រកួតឈ្នះកីឡាករភិន សុផល មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ចាប់ពីពេលនោះមកកេរ្តិ៍ឈ្មោះលោកកាន់តែល្បីខ្លាំងឡើង និងមានឱកាសប្រកួតដណ្តើមបានខ្សែក្រវាត់មួយទៀត គឺខ្សែក្រវាត់របស់ក្រុមហ៊ុនខេស៊ីមេនក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម ដោយបានយកឈ្នះកំពូលអ្នកប្រដាល់កណ្តាប់ដៃដែក នួន សូរិយា មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃនៅក្នុងឆ្នាំ២០០៦ ។ នៅក្នុងឆ្នាំ២០០៨ លោកបានឈានទៅគ្រប់គ្រងតំណែងជាម្ចាស់ខ្សែក្រវាត់មួយទៀត គឺខ្សែក្រវាត់របស់ក្រុមហ៊ុនខារ៉ាបាវក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ដោយបានប្រកួតឈ្នះកំពូលអ្នកប្រដាល់ជើងខ្លាំង ជ័យ កុសល មកពីក្លិបកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ មិនតែបុ៉ណ្ណោះ លោកដណ្តើមបានខ្សែក្រវាត់មួយទៀតដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍បាយ័ន ដោយវាយឈ្នះកីឡាករបរទេស ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនៅក្នុងឆ្នាំ២០០៩ និងលើកចុងក្រោយដណ្តើមបានខ្សែក្រវាត់អាជ្ញាធរគ្រឿងញៀនក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែលកាលនោះប្រកួតឈ្នះ វ៉ែន សុវណ្ណ មកពីក្លិបកងកេងកីឡា ។ លោកអូត ភូថង បានឱ្យដឹងថា ទាំងអស់នេះគ្រាន់តែជាលទ្ធផលប្រកួតធំៗដែលលោកនៅចាំបានតែបុ៉ណ្ណោះ នៅមានលទ្ធផលជាច្រើនទៀតដែលលោកចាំមិនបាន ។ បើគិតរហូតមកទល់នឹងពេលនេះ លោកប្រកួតបានប្រហែលជា៤០០ដង បុ៉ន្តែលទ្ធផលចាញ់ឈ្នះបុ៉ន្មាននោះលោកចាំមិនអស់ទេ គ្រាន់តែលោកដឹងថា លោកធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់មិនតិចនាក់ឡើយ ។ នៅពេលនេះលោកគិតថា ចង់ផ្អាកឡើងសង្វៀនប្រកួតហើយ គឺសុំប្រកួតតែមួយលើកទៀតបុ៉ណ្ណោះ តែលោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាចង់ឱ្យលោកប្រកួត២ឆ្នាំទៀត តែរូបគិតថា ពេលនេះកម្លាំងរបស់លោកទៅលែងរួចហើយ ។ លោកអូត ភូថង សព្វថ្ងៃជាគ្រូជំនួយនៅក្នុងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ លោកមានស្រុកកំណើតនៅភូមិនាងកុក ឃុំចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានប្រពន្ធ និងកូន២នាក់ គឺប្រុស១ ស្រី១ ទៀតផង ៕
Subscribe to:
Post Comments (Atom)
Post a Comment