GuidePedia

0
អូត ភូ​ថង អ្នក​ប្រដាល់​ជើង​ចាស់​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ មាន​គម្រោង​លាឈប់​ពី​អាជីព​ជា​អ្នក​ប្រដាល់​ហើយ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ បុ​៉​ន្តែ​ត្រូវ​រង់ចាំ​មើល​លើ​លទ្ធ​ផល​​នៃ​ការ​ប្រកួត​មួយ​លើក​ចុង​ក្រោយ​ទៀត បើសិនជា​ចាញ់ លោក​នឹង​លាឈប់​ពី​អាជីព​ជា​អ្នក​ប្រដាល់​តែ​ម្តង ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។


ក្នុង​ចំណោម​អ្នក​ប្រដាល់​ជើង​ចាស់​ជា​ច្រើន​រូប អូត ភូ​ថង គឺជា​កីឡាករ​ប្រដាល់​មួយ​រូប​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​នៅ​លើ​សង្វៀន​យ៉ាង​ល្បី​រន្ទឺ​នៅ​ក្នុង​ពិភព​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ មិន​ចាញ់​កំពូល​អ្នក​ប្រដាល់​កែង​ឆេះ​ជង្គង់​ហោះ អេ ភូ​ថង ដែល​ជា​បងប្រុស​របស់​លោក​ឡើយ ។ បុ​៉​ន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ រាល់​ការ​ប្រកួត​របស់​លោក​តែង​ជួប​បរាជ័យ​ជា​បន្តបន្ទាប់ ជា​ពិសេស​ការ​ប្រកួត​នៅ​លើក​ចុង​ក្រោយ​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី ពេជ្រ ម៉ា​ប់ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន កាលពី​ថ្ងៃអាទិត្យ​មុន​នេះ ដោយ​ត្រូវ ពេជ្រ ម៉ា​ប់ វាយ​ឱ្យ​លើក​ទង់ជ័យ​ស សុំ​ចុះចាញ់​នៅ​ត្រឹម​ទឹក​ទី​៤ បុ​៉​ណ្ណោះ ធ្វើ​ឱ្យ​លោក​មាន​គម្រោង​ឈប់​ប្រដាល់​ដើម្បី​កុំឱ្យ​អាម៉ាស់​ខ្លាំង​ពេក ។ គម្រោង​លាឈប់​នេះ ក៏​មានការ​ពាក់ព័ន្ធ​នឹង​វ័យ​របស់​លោក​ដែល​កាន់តែ​ចាស់ កម្លាំង​ក៏​កាន់តែ​ចុះ​ខ្សោយ​ផង​ដែរ ។

អូត ភូ​ថង បាន​ប្រាប់​ថា ដោយ​ហេតុតែ​ស្រឡាញ់ និង​ចូល​ចិត្ត​វិស័យ​កីឡាប្រដាល់ និង​មាន​ឈាមជ័រ​ជា​អ្នក​ប្រដាល់​ស្រាប់​ផង​នោះ បាន​ជំរុញ​ឱ្យ​រូប​លោក​ចូល​ហ្វឹកហាត់​តាំងពី​នៅ​អាយុ​៧​ឆ្នាំ​មក​ម្ល៉េះ ។ កាល​ណោះ​លោក​ត្រូវ​បាន​សិស្ស​ច្បង​បង​បង្កើត គឺ​លោក អេ ភូ​ថង ជា​អ្នក​ជួយ​បង្ហាត់​ដោយ​ផ្ទាល់​ទើប​ធ្វើ​ឱ្យ​រូប​លោក​ឆាប់​ក្លាយជា​កីឡាករ​ល្បី​មួយ​រូប ។ គ្រាន់តែ​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​មិន​បាន​បុ​៉​ន្មា​ន​ផង នៅ​ក្នុង​ឆ្នាំ​១៩៩៨ រូប​លោក​មានឱកាស​គ្រប់គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ប្រភេទ​ទម្ងន់​៤៥​គីឡូក្រាម​ជា​លើក​ដំបូង ដោយ​បាន​ប្រកួត​ឈ្នះ វ៉ោ​យ ចាន់​ដា​រ៉ា មក​ពី​ក្លិប​ខេត្តបន្ទាយមានជ័យ ។ រហូត​មក​ដល់​ក្នុង​ឆ្នាំ​២០០០ លោក​ដណ្តើម​បាន​ខ្សែក្រវាត់​មួយទៀត​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​កង​យោធពលខេមរភូមិន្ទ​បុ​៉​ស្តិ៍​លេខ​៥ ដែល​កាល​ណោះ​លោក​បាន​ប្រកួត​ឈ្នះ​កីឡាករ​ភិន សុផល មក​ពី​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ចាប់ពី​ពេល​នោះ​មក​កេរ្តិ៍ឈ្មោះ​លោក​កាន់តែ​ល្បី​ខ្លាំង​ឡើង និង​មានឱកាស​ប្រកួត​ដណ្តើម​បាន​ខ្សែក្រវាត់​មួយទៀត គឺ​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​ខេ​ស៊ី​មេន​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ដោយ​បាន​យកឈ្នះ​កំពូល​អ្នក​ប្រដាល់​កណ្តាប់ដៃ​ដែក នួន សូ​រិ​យា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​នៅ​ក្នុង​ឆ្នាំ​២០០៦ ។ នៅ​ក្នុង​ឆ្នាំ​២០០៨ លោក​បាន​ឈាន​ទៅ​គ្រប់គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​មួយទៀត គឺ​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ដោយ​បាន​ប្រកួត​ឈ្នះ​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង ជ័យ កុសល មក​ពី​ក្លិប​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ មិន​តែ​បុ​៉​ណ្ណោះ លោក​ដណ្តើម​បាន​ខ្សែក្រវាត់​មួយទៀត​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​បាយ័ន ដោយ​វាយ​ឈ្នះ​កីឡាករ​បរទេស ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​ក្នុង​ឆ្នាំ​២០០៩ និង​លើក​ចុង​ក្រោយ​ដណ្តើម​បាន​ខ្សែក្រវាត់​អាជ្ញាធរ​គ្រឿងញៀន​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ដែល​កាលនោះ​ប្រកួត​ឈ្នះ វ៉ែន សុវណ្ណ មក​ពី​ក្លិប​កងកេង​កីឡា ។

លោក​អូត ភូ​ថង បានឱ្យ​ដឹង​ថា ទាំង​អស់នេះ​គ្រាន់តែ​ជា​លទ្ធផល​ប្រកួត​ធំ​ៗ​ដែល​លោក​នៅ​ចាំ​បាន​តែ​បុ​៉​ណ្ណោះ នៅ​មាន​លទ្ធផល​ជា​ច្រើន​ទៀត​ដែល​លោក​ចាំ​មិន​បាន ។ បើ​គិត​រហូត​មក​ទល់​នឹង​ពេល​នេះ លោក​ប្រកួត​បាន​ប្រហែលជា​៤០០​ដង បុ​៉​ន្តែ​លទ្ធផល​ចាញ់​ឈ្នះ​បុ​៉​ន្មា​ន​នោះ​លោក​ចាំ​មិន​អស់​ទេ គ្រាន់តែ​លោក​ដឹង​ថា លោក​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​មិន​តិច​នាក់​ឡើយ ។ នៅ​ពេល​នេះ​លោក​គិត​ថា ចង់​ផ្អាក​ឡើង​សង្វៀន​ប្រកួត​ហើយ គឺ​សុំ​ប្រកួត​តែ​មួយ​លើក​ទៀត​បុ​៉​ណ្ណោះ តែ​លោក​ឧត្តមសេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ចង់ឱ្យ​លោក​ប្រកួត​២​ឆ្នាំ​ទៀត តែ​រូប​គិត​ថា ពេល​នេះ​កម្លាំង​របស់​លោក​ទៅ​លែង​រួច​ហើយ ។

លោក​អូត ភូ​ថង សព្វ​ថ្ងៃជា​គ្រូ​ជំនួយ​នៅ​ក្នុង​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ លោក​មានស្រុក​កំណើត​នៅ​ភូមិ​នាង​កុក ឃុំ​ចាំ​យាម ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង មាន​ប្រពន្ធ និង​កូន​២​នាក់ គឺ​ប្រុស​១ ស្រី​១ ទៀត​ផង ៕

Post a Comment

 
Top