វិទ្យាល័យព្រែកលៀប នឹងធ្វើម្ចាស់ផ្ទះនៅប្រកួតបិទពូល D នៃពានរង្វាន់បាល់ទះ Western Cup 2015 នៅរសៀលថ្ងៃទី ៣១ មករា ឆ្នាំ ២០១៥ នេះរវាងក្រុម វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត ជួប វិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង និង វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ជួប វិទ្យាល័យទួលអំពិល ចាប់ពីម៉ោង ២ រសៀលតទៅ។
សកម្មភាពប្រកួតពានរង្វាន់ Western Cup នាពេលកន្លងមក
ក្រុមឈ្នះនៅថ្ងៃនេះនឹងទទួលបានកៅអីឡើងទៅលេងវគ្គ ៨ ក្រុមចុងក្រោយ ស្របពេលគណៈកម្មការរៀបចំការប្រកួតបានរកឃើញក្រុមចំនួន ៦ រួចហើយរួមមាន វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និង វិទ្យាល័យព្រែកឯង (ពូល A) វិទ្យាល័យព្រែកលៀប និង វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ពូល B) វិទ្យាល័យពងទឹក និង វិទ្យាល័យជាស៊ីម សាមគ្គី (ពូល C)។
បើតាមការឱ្យដឹងពីអ្នករៀបចំកម្មវិធី នៅថ្ងៃទី ២ ខែ កុម្ភៈ ខាងមុខវេលាម៉ោង ២ រសៀល នឹងមានការចាប់ឆ្នោតជ្រើសរើសគូនៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រ នៅសាកលវិទ្យាល័យវេស្ទើន។
ពានរង្វាន់សម្រាប់តែសិស្សវិទ្យាល័យនេះមានក្រុមចូលរួមចំនួន ៣២ ដោយបែងចែកទៅជា ៤ ពូល ក្រុមខ្លាំងតាមពូលនីមួយៗ ចំនួន២ ក្រុមមានកៅអីឡើងទៅលេងនៅវគ្គបន្ទាប់ ដើម្បីប្រជែងរង្វាន់ប្រាក់លាន។ ក្រុមជើងឯកនឹងទទួលទឹកប្រាក់ចំនួន ១០ លានរៀល ខណៈក្រុមជើងឯករកបាន ៦ លានរៀល ក្រុមលេខ ៣ នឹងទទួលបានទឹកប្រាក់ ៤ លានរៀល និងក្រុមលេខ ៤ ចំនួន ៣ លានរៀល។
Western Cup 2015 រៀបចំឡើងដោយសាកលវិទ្យាល័យវេស្ទើន ក្រោមការឧបត្តម្ភដោយក្រុមហ៊ុនដៃគូមួយចំនួនដូចជា ភេសជ្ជៈ M-150, រោងភាពយន្តលេជេន, ផ្សារទំនើប Cambodian Superstore, ភេសជ្ជៈ AQUARIUS, សាលាវេស្ទើនអន្តរជាតិ, មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay៕
Post a Comment