GuidePedia

0
Manchester City ដែល​កំពុង​នាំមុខ​លើតារាង Premier League នឹង​ធ្វើដំណើរ​ទៅ​ជួបក្រុម​ម្ចាស់ជើងឯក Europa League គឺ Sevilla នៅ​ថ្ងៃ​អង្គារ ដោយ​មានបំណងបង្ហាញ​ថា ពួក​គេ​នឹង​មិនភ្លាត់ស្នៀត​ក្នុង​ក្របខ័ណ្ឌ Champions League ម្ដងទៀត​នៅ​រដូវកាលនេះ​ឡើយ​។


គ្រាប់បាល់​ស៊ុត​បញ្ចូល​ទីនៅជិតបញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​បម្រើ Kevin de Bruyne បាន​ដណ្តើមជ័យជម្នះ ២-១ សម្រាប់ក្រុម Man City នៅពេល​ដែលក្រុមទាំង ពីរ​ជួប​គ្នា​កាលពី ២ សប្តាហ៍កន្លង​ទៅ​ក្នុង​ទីក្រុង Manchester ដើម្បីជួយឲ្យ​ក្រុម​របស់​លោក Manuel Pellegrini ស្ថិតក្នុង​ទីតាំង​រួមជា​មួយ​​ក្រុម Juventus ឈានទៅ​វគ្គ​បន្ដ​ពីពូល​ដ៏លំបាក​មួយ​ដែល​ក៏​មាន​ក្រុម Borussia Monchenglabach ផងដែរ។

បើ​ទោះ​បី​ចំណាយ​ប្រាក់​ជាច្រើន​ក៏​ដោយ ប៉ុន្តែ Man City មិន​បាន​ឆ្លងផុត​វគ្គ ​១៦ ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ឡើយ តាមរយៈ​ការធ្លាក់ ចេញក្រោម​ស្នា​ដៃ​ក្រុម Barcelona ក្នុងរយៈពេល ២ រដូវ​កាលជាប់ៗ​គ្នា។

ក្រោយពី​ការចាប់ផ្តើម​យ៉ាង​ខកចិត្ត​ក្នុង​យុទ្ធនា​ការ​នេះ​តាមរយៈការចាញ់ ២-១ ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោមស្នាដៃក្រុម Juventus ក្រុម Man City បាន​ផ្ដល់​ឲ្យ​ពួក​គេ​នូវ ឱកាសមួយ​នៃការ​ឡើងឈរ​នៅលើកំពូល​តារាងជាមួយ​នឹង​ការកត់​ត្រាជ័យ​ជម្នះ ២ លើកជាប់ៗ​គ្នាដើម្បី​ដេញ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់ជើង​ឯកអ៊ី​តាលី​មួយនេះ​ត្រឹមតែ ១ ពិន្ទុ។

ខ្សែ​បម្រើ Yaya Toure ដឹងយ៉ាង​​ច្បាស់​ថា Man City ត្រូវតែ​ចាប់​ផ្តើមបង្កើត​ឲ្យមាន​ឥទ្ធិពល​មួយ​ក្នុង​ក្របខ័ណ្ឌ Champions League ប្រសិនបើ​ពួក​គេចង់​ឲ្យពួក​គេ​ស្ថិត​ក្នុងចំណោមក្រុម​ជើង​ខ្លាំង​ប្រចាំ​ទ្វីបអឺរ៉ុប។

កីឡាករ​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «នៅ​ពេលដែល​ខ្ញុំបាន​មក​ក្លិប​នេះ ខ្ញុំ​មក​ដើម្បី​លើក​ពាន​។ យើងដឹងថា ក្នុង​ការ​ក្លាយ​ជាក្លិប​ដ៏​ធំ​មួយ យើង​ត្រូវ​តែ​បន្ដ​ការ​ឈ្នះ ពានសំខាន់​ៗ និង​បង្កើត​ប្រវត្តិសាស្រ្ដ​​របស់​យើងនៅអឺ​រ៉ុប​»​៕

Post a Comment

 
Top