GuidePedia

0
ជើងខ្លាំងប្រចាំតំបន់ទី២ ក្នុងការប្រកួតជ្រើសរើសជើងឯក កីឡាអេឡិចត្រូនិច ថ្នាក់ជាតិ (E-Sport) ឆ្នាំ២០១៥ នេះបានរកឃើញហើយ គឺមានក្រុម Tiger GNX និង Five Furious ដែលដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រក្នុងពិធីបុណ្យសមុទ្រ លើកទី៤ នៅខេត្តកំពត នាខែធ្នូខាងមុខនេះ ។


បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេលជិត១សប្ដាហ៍កន្លងទៅ ដែលមានការចូលរួមពីក្រុមកីឡា E-Sport មកពីខេត្ត រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្ត ក្រចេះ ។ ជាលទ្ធផលក្រុមជើងខ្លាំងទាំងពីរខាងលើ (Tiger GNX និង Five Furious) បានយកឈ្នះគូប្រជែងរបស់ខ្លួនជាបន្ដបន្ទាប់ ជាពិសេសក្នុងការប្រកួតចុង ក្រោយក្រុម Tiger GNX បានយកឈ្នះក្រុម GNX Killer ដោយលទ្ធផល ៥-២ ខណៈក្រុម Five Furious បានយកឈ្នះក្រុម First Blood ដោយលទ្ធ ផល ៥-០ ដើម្បីមានសិទ្ធិធ្វើដំណើរទៅកាន់ពិធីបុណ្យសមុទ្រចុងឆ្នាំនេះ ។

ចំពោះក្រុម Tiger GNX និង Five Furious ត្រូវប្រកួតគ្នានៅក្នុងកម្មវិធីបុណ្យសមុទ្រ ដើម្បីស្វែងក្រុមណាលេខ១ ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ និងលេខ២ ទទួលបានប្រាក់រង្វាន់ ១០០០ដុល្លារ មុនពេលក្រុមទាំងពីរចូលរួមប្រកួតវគ្គផ្តាច់ស្វែងជយលាភីទូទាំងប្រទេស ។ កាលប្រកួតនៅតំបន់ទី១ ក្រុម You Will Know និង OverCome ជាអ្នកមានសិទ្ធិទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅខេត្តកំពត ។


សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគាំទ្រដោយក្រសួងទេសចរណ៍ និង ICT Cambodia បាន ប្រកាស ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលមាន១៦ក្រុមពីតំបន់ទាំង៦ នឹងធ្វើឡើងនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៥ នៅពិធីបុណ្យសមុទ្រក្នុងខេត្តកំពត ។ ប្រាក់រង្វាន់ជយលាភីក្រុមលេខ១ ទទួលបាន ៣០០០ដុល្លារ លេខ២ ទទួលបាន ២០០០ដុល្លារ និងលេខ៣ ទទួលបាន ៥០០ដុល្លារ ៕

Post a Comment

 
Top