GuidePedia

0
ឡុង សុភី ម្ចាស់ខ្សែក្រវាត់ខារ៉ាបាវវគ្គ១ ទម្ងន់៦៩គីឡូក្រាម ក្លឹបសាលវ័ន្តកីឡា អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង ក្លឹបអារុណរះ និងអ្នកប្រដាល់ ហ៊ឹម សេរី ក្លឹបតាព្រហ្ម មានជ័យ ត្រូវអ្នករៀបចំកម្មវិធីប្រដាល់ SEA-TV ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃទាំង៣គូ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ សប្តាហ៍នេះ ។


ឡុង សុភី ប៉ះជាមួយអ្នកប្រដាល់ថៃ Tom Tam ប្រភេទទម្ងន់ ៦៩គ.ក្រ ។ អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅខ្មែរ ២ដងហើយ ជាមួយកីឡាករ ព្រំ សំណាង ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ទាំង២លើក ឈ្នះ និងស្មើ ។ Tom Tam នេះ មានកម្រិតសមត្ថភាព និងបច្ចេកទេសមិនអន់នោះទេ គឺគេជាជើងខ្លាំងម្នាក់ ដែរនៅស្រុកថៃ ។ ការប្រកួតលើ សង្វៀនរបស់គេ បានចំនួន៨៨លើក វាយឈ្នះ៧៣លើកទៅហើយ ដោយចាញ់១៥លើក និងមិនដែលស្មើ ហើយធ្លាប់ផ្ដួល ដៃគូឲ្យសន្លប់ ចំនួន២៣លើក ។

ចំពោះអ្នកប្រដាល់ ឡុង សុភី វិញគេធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃរាប់ភ្លេចហើយ បើគិតត្រួសៗប្រមាណ២១នាក់ ហើយប្រកួតនៅក្នុងស្រុក២១លើកនេះ គេវាយ ឈ្នះថៃ១៨នាក់ ស្មើ១នាក់ និងចាញ់១នាក់ ។ ប្រកួតជាមួយថៃលើក ចុងក្រោយគឺ សុភី វាយឈ្នះ Tilek Pithak Meungkam ក្នុងទឹកទី៣ ។

ដោយឡែកសម្រាប់អ្នកប្រដាល់កម្ពុជា ពេជ្រ ម្ទេសខ្មាំង ក្លឹបអារុណរះកីឡា ប្រកួតជាមួយអ្នកប្រដាល់ថៃ Deth Div ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ បើតាមលោក ញាន សុធី អ្នកផ្គូផ្គងប្រដាល់ប្រចាំ SEA-TV និយាយឲ្យដឹងនោះថា Deth Div ជាជើងខ្លាំងមួយរូបនៅប្រទេសថៃ ដោយមានប្រវត្តិប្រកួតចំនួន៥៨លើក ឈ្នះ៥៤លើក ចាញ់៤លើក មិនដែលស្មើទេ ។

រូបគេមានកម្ពស់ប្រហាក់ប្រហែលម្ទេសខ្មាំងដែរគឺ ១,៦៥ ម៉ែត្រ ក្នុងពេលដែលម្ទេសខ្មាំងមានកម្ពស់ ១,៦៤ ម៉ែត្រ ទោះជាយ៉ាងណា សម្រាប់ការជួបជាមួយម្ទេស ខ្មាំង ជើងខ្លាំងរបស់កម្ពុជាម្នាក់នេះ Deth Div មិនជាស្រួលខ្លួនប៉ុន្មានទេ ព្រោះ ម្ទេសខ្មាំង គេវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អ ហើយមួយទៀត គេដូចជា ថ្នឹកហើយ រឿងវាយលើសង្វៀនប្រដាល់នេះ ។ ខ្មាំង ឈ្នះថៃលើកចុងក្រោយនេះគឺផ្តួល Pep Sy ឲ្យសន្លប់ក្នុងទឹកទី២ ។

ចំណែកអ្នកប្រដាល់ ហ៊ឹម សេរី ក្លឹបតាព្រហ្មមានជ័យ ប៉ះអ្នកប្រដាល់ថៃ Phuo Loung ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់៥១គ.ក្រ នៅស្រុកថៃ ហើយអ្នកប្រដាល់ថៃរូប នេះ មាន ប្រវត្តិប្រកួត៧៩លើក ឈ្នះ៥៩លើក ចាញ់១៦លើក និងស្មើ២លើក ។


ហ៊ឹម សេរី ប្រកួតនៅក្នុងស្រុក សេរី វាយឈ្នះអ្នកប្រដាល់រួមជាតិ សឹងតែអស់ទៅហើយក្នុងប្រភេទទម្ងន់៥១គីឡូក្រាមនេះ ដែលការប្រកួតចុងក្រោយនេះ គេវាយឈ្នះ ឆន ចន្នី ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យដោយពិន្ទុ ចំពោះហ៊ឹម សេរី មានប្រវត្តិប្រកួត៦២លើក ក្នុងនោះវាយឈ្នះ៥៦លើក ចាញ់៦លើក មិនដែលស្មើ ៕

Post a Comment

 
Top