GuidePedia

0
ដោយសារសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មាន ផែនការច្បាស់លាស់លើគម្រោងអភិវឌ្ឍន៍កីឡាវាយ កូនបាល់រទេះរុញបានធ្វើឲ្យសហព័ន្ធកីឡាវាយកូនបាល់ រទេះរុញអន្ដរជាតិ (ITF) មានការចាប់អារម្មណ៍និងចូលរួមអភិវឌ្ឍន៍ជាបន្ដបន្ទាប់ដើម្បីលើកម្ពស់ប្រភេទកីឡានេះឆ្ពោះទៅរកភាពជោគជ័យ និងផ្ដល់ឱកាស ឲ្យជន ពិការបានចូលរួមលេង កីឡាវាយកូនបាល់រទេះរុញផងដែរ ។


នៅថ្ងៃទី៣០ ខែតុលានេះ ITF បានសហការជាមួយសហព័ន្ធកីឡាវាយកូនបាល់ទាត់កម្ពុជាបើកវគ្គបណ្ដុះបណ្ដាលមួយ នៅមជ្ឈមណ្ឌលកីឡា CCC ស្ដីពីកីឡា វាយកូនបាល់រទេះរុញ ។ លោក ម៉ម ផល្គុន តំណាងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះគឺជាវគ្គដ៏សំខាន់ នៅក្នុងការផ្ដល់ កម្លាំងចិត្ត ចំពោះជនពិការនៅកម្ពុជា ។

លោកស្រី Suzie Dyrbus សមាជិកក្រុមអភិវឌ្ឍន៍កីឡាវាយកូនបាល់រទេះរុញរបស់ ITF បានលើកឡើងថាកម្ពុជា គឺជាប្រទេសស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ សហព័ន្ធកីឡាវាយកូនបាល់រទេះរុញអន្ដរជាតិ ដែលនឹងទទួលបានការជួយជាបន្ដបន្ទាប់ តាមរយៈការទទួលបាននូវបទពិសោធន៍ថ្មីៗ ជាក់ស្ដែងថ្ងៃនេះ ក្រុម ការងារលោកស្រី បានធ្វើដំណើរទស្សនកិច្ចជាលើកទី៣ មកកម្ពុជា ដើម្បីធ្វើការវាយតម្លៃ និងផ្ដល់នូវការណែនាំរួមទាំងគាំទ្រលើកម្មវិធីហ្វឹកហាត់ផ្សេងៗដើម្បី ភាពរីកចម្រើននៃកីឡាវាយកូនបាល់រទេះរុញនៅកម្ពុជា ។

តំណាង ITF រូបនេះបានបន្ដថា ដំណើរទស្សនកិច្ចលើកនេះ ក្រុមការងាររបស់លោកស្រី នឹងប្រើរយៈពេល១សប្ដាហ៍ ដើម្បីបើកវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធ នឹង បច្ចេក ទេសនៃការលេងកីឡាវាយកូនបាល់រទេះរុញផងដែរ ។

ចំពោះកម្មវិធីហ្វឹកហាត់កីឡាវាយកូនបាល់រទេះរុញនេះ គឺមានច្រើន ហេតុនេះលោកស្រីទាមទារឲ្យអ្នកចូលរួមត្រូវយកចិត្តទុកដាក់ ទើបឆាប់ទទួលបានជំនាញ ពិតប្រាកដ ។

លោកស្រី Suzie Dyrbus បានអះអាងថា «នៅក្នុងផែនការអភិវឌ្ឍន៍កីឡាវាយកូនបាល់រទេះរុញនៅកម្ពុជានេះ សហព័ន្ធកីឡាវាយកូនបាល់រទេះរុញអន្ដរជាតិមាន គោលដៅសំខាន់ៗជាច្រើន ជាពិសេសគឺដើម្បីជំរុញលើកទឹកចិត្តជនពិការឲ្យមានឱកាសលេងកីឡាហើយក៏លើកទឹកចិត្តអ្នកមានសមត្ថភាព ដើម្បីបានចេញទៅ ចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាផងដែរ» ។

ជាមួយគ្នានោះដែរលោក Anthony Bonaccurso អតីតកីឡាករចំណាត់ថ្នាក់លេខ១៥ពិភពលោកដែលរួមដំណើរទស្សនកិច្ចមកកម្ពុជាដែរនោះ បានសម្ដែងការ កោតសរសើរជាខ្លាំង ចំពោះការខិតខំរបស់សហព័ន្ធកីឡាវាយកូនបាល់ទាត់កម្ពុជាដែលយកទុកដាក់អភិវឌ្ឍន៍កីឡាវាយកូនបាល់រទេះរុញនៅកម្ពុជាឲ្យមានភាព រីកចម្រើនច្រើន បើប្រៀបធៀបនឹងពីមុន ដែលលោកធ្លាប់មកទស្សនកិច្ចនៅកម្ពុជា ។


លោកមានជំនឿចិត្តថា ប្រសិនបើយើងសហការគ្នាល្អ នោះភាពជោគជ័យនឹងមាន ជាក់ស្ដែងលោកក៏ជាជនពិការម្នាក់ដែរ ប៉ុន្ដែដោយសារការតស៊ូ ទើប លោក បានក្លាយជាកីឡាករល្បីម្នាក់ នៅក្នុងចំណោមកីឡាករល្បីៗនៅលើពិភពលោក ។ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក៏ដូច្នេះដែរ ប្រសិនបើមានការព្យាយាម និងតស៊ូដូចរូបដែរនោះ ៕

Post a Comment

 
Top