GuidePedia

0
ព្រឹត្តិការណ៍​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាវបាវ​វគ្គ​II ទម្ងន់​៦៩​គីឡូក្រាម លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នា​យប់​ថ្ងៃអាទិត្យ​ទី​១៣ ខែកញ្ញា ឆ្នាំ២០១៥ នេះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​វង្ស ណ​យ អ្នក​ប្រដាល់​ក្លិប​ខេត្ត​ប៉ៃលិន និង​ឡៅ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ។


វង្ស ណ​យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Watcharalek Or. Kwanmueng។ នេះ​ជា​ការ​ប្រកួត​លើក​ចុងក្រោយ របស់​វង្ស ណ​យ​ហើយ។ តែ​សម្រាប់​Watcharalek Or. Kwanmueng គឺជា​ការប្រកួត​លើក​ទី​៣​របស់​គេ។

Watcharalek​គេ​ខ្លាំង​គួរសម​ដែរ តែ​កាលពី​ប្រកួត​លើក​ទី​១ គេ​វាយ​ឈ្នះ​ឡៅ ស៊ី​ណាត អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​យើង​ដោយ​ពិន្ទុ និង​ប្រកួត​លើក​ទី​២ គេ​វាយ​ឈ្នះ​ពេជ្រ សីហា ដោយ​ពិន្ទុ​ទៀត ។ ​អ្នក​ប្រដាល់​ថៃ​រូប​នេះ កំពុងតែ​មោទនភាព​ជាមួយនឹង​ជ័យជំនះ​របស់​គេ ប៉ុន្តែ​លើក​ទី​៣​នេះ មក​ប៉ះ​ជាមួយ​វង្ស ណ​យ ក៏​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ​វង្ស ណ​យ គេ​ខ្លាំង​និង​មាន​ផ្លែ​ល្អ​ជាង​ស៊ី​ណាត​និង​សីហា ។

យ៉ាងណា សម្រាប់​ការ​ជួប​វង្ស ណ​យ​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើអោយ វង្ស ណ​យ ពិបាក​សង្ឃឹម​ឈ្នះ​ដែរ។ Watcharalek​មាន​កំណត់ ត្រា​ប្រកួត​តែ​ចំនួន ១១១​លើក ឈ្នះ​៩៣​លើក ចាញ់​១៧​លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃ​គួរ​ឲ្យ​សន្លប់​១៨​លើក​ឯណោះ។

យ៉ាងណា​បើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​វង្ស ណ​យ គឹ​នៅតែ​តិច​ជាង​ដែរ ដោយ​វង្ស ណ​យ មានកំណត់​ត្រា​ប្រកួត​រហូតដល់​១២៩​លើក ឈ្នះ​៩៤​លើក ចាញ់​៣២​លើក និង​ស្មើ​៣​លើក ។​

​វង្ស ណ​យ កាលពី​ប្រកួត​លើក​ទី​១ គេ​ត្រូវ​អ្នក​ប្រដាល់​ថៃ​JongangFight វាយ​សន្លប់​ក្នុង​ទឹក​ទី​៤ តែ​នៅ​លើក​ទី​២ ណ​យ​វាយ​ឈ្នះ​PlangchorkOr.Yuthachai​ក្នុង​ទឹក​ទី​២​វិញ ហើយ​លើក​ទី​៣ ណ​យ​បាន​ផ្តួល​KlakhunserkChompeaTou​ក្នុង​ទឹក​ទី​៤​ទៀត។

ទោះជា​យ៉ាងនេះ​ក្តី វង្ស ណ​យ មិនអាច​មើលងាយ​Watcharalek​បាន​ឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិនទាន់​ដែល​ស្គាល់​ចាញ់​នៅឡើយ​ទេ ក្នុង​ពីរ​ប្រកួត​កន្លង មក​។ ចាំ​មើល វង្ស ណ​យ អាច​រកបាន​៣​ពិន្ទុ​ពី​ការប្រកួត​ជាមួយ​Watcharalek​នេះ​ដែរ​ឬ​អត់​។

​ឡៅ ស៊ី​ណាត អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា នៅ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង ៩១១ នឹង​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ JonganfightLuk. Champachai​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ កាលពី​លើក​ទី​១ គេ​បាន​វាយ​ឈ្នះ​វង្ស ណ​យ ក្នុង​ទឹក​ទី​៤ លើក​ទី​២​គេ​ចាញ់​បឺត ខាំ ក្នុង​ទឹក​ទី​២ ដោយសារតែ​វាយ​ត្រូវ​ពង​ធ្វើអោយ​បឺត ខាំ​ស៊ី​ឡាក​យកឈ្នះ​តែម្តង។

JonganfightLuk. Champachai ខ្ពស់​ជាង​ស៊ី​ណាត គឺមាន​កម្ពស់​១,៧៦​ម៉ែត្រ ក្នុង​ខណៈ​ស៊ី​ណាត​កម្ពស់​១,៦៨​ម៉ែត្រ គឺ​ខ្ពស់​ជិត​មួយ​តឹក។ ឯ​កំណត់ត្រា​ប្រកួត ថៃ​ចាញ់​ស៊ី​ណាត​ច្រើន​វិញ គឺ​គេ​ប្រកួត​បាន​៦៩​ដង ឈ្នះ​៤៨​ដង ចាញ់​១៦​ដង មិនដែល​ស្មើ​និង​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​បាន​០៥​ដង បើ​ប្រៀប​ជាមួយ​ស៊ី​ណាត ដែល​ប្រកួត​បាន​១១៥​ដង ឈ្នះ​១០៤​ដង និង​ស្មើ​១​ដងនោះ​Jonganfight​មិន​ប្រាកដ​ថា​អាច​ឈ្នះ​ស៊ី​ណាត​បាន​ឡើយ។

ឡៅ ស៊ី​ណាត គេ​ប្រកួត​ជាមួយ​ថៃ​ច្រើន​គួរសម​ដែរ។ គ្រាន់តែ​ជួប​ប្រកួត​ក្នុងស្រុក​ចំនួន​ចំនួន​១៧ នាក់ ដោយ​វាយ​ឈ្នះ​ថៃ​១២​នាក់ ចាញ់​០៥ និង​មិនដែល​ស្មើ។ ស៊ី​ណាត ខ្លាំង​កណ្តាប់ដៃ​និង​ជើង ហើយ​ប៉ិនប្រសប់​ប្រើ​ជង្គង់​ថែមទៀត ។ ជា​មួយនេះ គេ​ក៏មាន​ភាព​អំណត់​ខ្ពស់ និង​មាន​កម្លាំង​គ្រប់​សម្រាប់​តស៊ូ​បាន ៥ ទឹក ។​តែ​យ៉ាងណា ឡៅ ស៊ី​ណាត​មិនអាច​មើលស្រាល Jonganfight​បានទេ សម្រាប់​ការ​ជួប​ប្រកួត​គ្នា​នេះ។

ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​វគ្គ​២ ទម្ងន់​៦៩​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប ដើម្បី​វាយ​ដណ្ដើម​យក​ខ្សែក្រវាត់​របស់​ភេសជ្ជៈ​ខា​រា​បាវ​២០១៥ ដែល​មាន​ទឹកប្រាក់​រង្វាន់​អម​ចំនួន​៥.០០០​ដុល្លារ​សម្រាប់​អ្នកឈ្នះ​តំណែង​ជើងឯក ។​

​ ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូប​របស់​កម្ពុជា​នោះ គឺ​វង្ស ណ​យ ក្លិប​កីឡាប្រដាល់​ខេត្ត​ប៉ៃលិន – ឡៅ ស៊ី​ណាត ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ -​ពេជ្រ សីហា ក្លិប​ក្រសួងការពារជាតិ និង ពេជ្រ សីហា សមាគម​កីឡា​ក្រសួងការពារជាតិ​កីឡា។ ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ទាំង​៤​រូប​វិញ មាន Watcharalek Or. Kwanmoueng–– JonganfightLuk.Champachai- KlaKhunserk – KlaKhuserkChomoea​និង Plangchor Or.Yuchchai៕

Post a Comment

 
Top