GuidePedia

0
តោ​កំណាច​អង់គ្លេស​បាន​បំបាក់​ក្រុម​ខ្សោយ​សាន់ម៉ារីណូ​ដល់​ទឹក​ដី ៦-០ កាល​ពី​យប់មិញ ​​រក្សា​កំណត់ត្រា​មិន​ធ្លាប់​ចាញ់​​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Euro 2016 ​ពូល​ E។ ចំណែក​កំពូល​ខ្សែ​ប្រយុទ្ធ Wayne Rooney ​រក​គ្រាប់​បាល់​បន្ថែម​មួយ​គ្រាប់​ទៀត តាម​ស្មើ​​តារា​ជើង​ស៊ុត​អង់គ្លេស Bobby Charlton ដែល​កាន់​កាប់​កំណត់ត្រា ៤៩​គ្រាប់។


គ្រាប់​ទី​មួយ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រក​​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Wayne Rooney នៅ​នាទី​ទី​១៣ ដែល​ជា​បាល់​ពិន័យ ១១​ម៉ែត្រ។ ចំណែក​គ្រាប់​ទី​២ ជា​ការ​ភ្លាត់​ស្នៀត​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​​សាន់ម៉ារីណូ​នៅ​នាទី​ទី៣០។ ឯ ៤​គ្រាប់​ទៀត​រក​បាន​ដោយ Ross Barkley(នាទី​ទី៤៦), Theo Walcott(នាទី​ទី៦៨,៧៨) និង​​ខ្សែ​ប្រយុទ្ធ Harry Kane(នាទី​ទី៧៧)។

សរុប ៧​ប្រកួត​ក្នុង​វគ្គ​​ជម្រុះ​ពាន​រង្វាន់​ Euro 2016 ​ពូល​ E ក្រុម​របស់​លោក​ Roy Hodgson ​(អង់គ្លេស) មាន​២១​ពិន្ទុ​ពេញ​ក្នុង​ដៃ ហើយក៏ជាក្រុមដំបូងដែលឆ្លងទៅវគ្គបន្ត និង មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” ឬ “ស្មើ” ​នៅ​ឡើយ​ទេ។ ចំណែក​ក្រុម​សាន់ម៉ារីណូ មាន​តែ​១​ពិន្ទុ​គត់ ឈរ​នៅ​បាត​តារាង​​ពូល E ដោយ​ត្រូវ​គេ​ស៊ុត​ចូល​រហូត​ដល់​ទៅ ២៥​គ្រាប់។



Post a Comment

 
Top