GuidePedia

0
ក្ដី​សង្ឃឹម​របស់ក្រុមជម្រើសជាតិ​ហុល្លង់​ក្នុង​ការ​ឡើង​ទៅ Euro 2016 នៅ​ប្រទេស​បារាំង កាន់​តែ​សល់​ស្ដួច​ស្ដើងហើយ ក្រោយ​ពីចាញ់​ម្ចាស់​ផ្ទះ​ទួរគី​ធ្ងន់ក ៣-០ នា​វគ្គ​ជម្រុះ​ពូល A យប់មិញ។


ខ្សែ​បម្រើ Oguzhan Ozyakup បាន​ជួយ​ឲ្យ​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​ហ៊ោ​តាំង​ពី​៨នាទី​ដើម​តង់​ទី​១ ក្រោយ​ទទួល​បាន​យ៉ាង​ល្អ​ពី Arda Turan។ Turan ​ដែល​ទើប​ផ្លាស់​ពី Atletico Madrid ទៅ​កាន់ Barcelona បាន​រក​គ្រាប់​១គ្រាប់​ទៀត​​នៅ​នាទី​២៦ ក្រោយ​ឆក់​បាល់​ពី Daley Blind។ ចំណែក​ឯ Burak Yilmaz ជា​អ្នក​បង្រ្គប់​គ្រាប់​ទី​៣​ឲ្យ​ទួរគី​នៅ​៥នាទី​មុន​ចប់​ការ​ប្រកួត។

នៅ​ក្នុង​ពូល​នេះ​ ​អ៊ីស្លង់ និង​សាធារណរដ្ឋឆេក បាន​ជាប់​ជា​ស្វ័យប្រវត្តិ​ហើយ។ លទ្ធផល​ត្រឹម​ស្មើ ០-០ ទល់​នឹង​កាហ្សាក់ស្ថាន​យប់មិញ​នេះ ល្មម​គ្រប់គ្រាន់​ឲ្យ​អ៊ីស្លង់ ស្គាល់​ជាតិ​ពាន​អន្តរជាតិ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ខ្លួន ស្រប​ពេល​ដែល​ឆេក ក៏​បាន​ទៅ​ជាមួយ​ដែរ ក្រោយ​យក​ឈ្នះ​ឡាតវី ២-១។

ក្ដី​សង្ឃឹម​របស់​ហុល្លង់​នៅ​ពេល​នេះ គឺ​ធ្វើ​យ៉ាង​ណា​ត្រូវ​បញ្ចប់​ពូល​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដើម្បី​បាន​កៅអី​ទៅ​វគ្គ play-off ជា​មួយ​ក្រុម​លេខ​៣ ពូល​ផ្សេង​ទៀត។ ប៉ុន្តែ​ដើម្បី​បាន​ចំណាត់ថ្នាក់​នេះ ហុល្លង់​ដាច់​ខាត​ត្រូវ​ឈ្នះ​២ប្រកួត​ដែល​នៅ​សល់ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទួរគី​ភ្លាត់​ក្នុង​ប្រកួត​ណា​មួយ។ បើ​ទួរគី​អាច​ឈ្នះ​បាន​ទាំង​២ប្រកួត នោះ​ហុល្លង់​នឹង​ត្រូវ​ធ្លាក់​ជា​ស្វ័យប្រវត្តិ។

២ប្រកួត​ដែល​នៅ​សល់​របស់​ហុល្លង់ គឺ​ប៉ះ​កាហ្សាក់ស្ថាន និ​ងសារធារណរដ្ឋឆេក ចំណែក​២ប្រកួត​របស់​ទួរគី​ ត្រូវ​ប៉ះ​សាធារណរដ្ឋឆេក និង​អ៊ីស្លង់៕


Post a Comment

 
Top