GuidePedia

0
អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ៣រូបត្រូវប៉ះអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ ៣រូប ណាត់សាកស្នៀតគុនគ្នា នៅលើសង្វៀន SEA-TV នាថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខក្នុងកម្មពិធីប្រដាល់ក្បាច់គុនខ្មែរជា លក្ខណៈមិត្តភាពអន្តរជាតិ ។


អ្នកប្រដាល់កម្ពុជាទាំង៣រូបរួមមាន អ្នកប្រដាល់ ចាន់ ស៊ីណាត ក្លឹបរិទ្ធីពោធិសែនជ័យ អ្នកប្រដាល់ ម៉ន វិរៈ ក្លឹបការិយាល័យទី៥ ទ័ពជើងគោក និងអ្នកប្រដាល់ ចាន់ ស៊ីណាត ក្លឹប រិទ្ធីពោធិសែនជ័យ ប្រកួតជាមួយអ្នកប្រដាល់ថៃ Kham ក្នុងប្រភេទទម្ងន់៥៧គ.ក្រ ។

អ្នកប្រដាល់ ចាន់ ស៊ីណាត ជាជើងឯករងខ្សែក្រវាត់គូបូតា ទម្ងន់៥៧គីឡូក្រាម គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបរបស់លោក ឯម ចាន់សុផល ប៉ុន្តែអ្នកប្រដាល់ រូបនេះ ធ្លាប់បានឡើងប្រកួតជាលក្ខណៈអន្តរជាតិបាន៣លើក បើគិតមកដល់ ពេលនេះ ។

ចំពោះអ្នកប្រដាល់ ចាន់ ស៊ីណាត ធ្លាប់ប្រកួតបាន៦៥ដង ឈ្នះ៥៥ ចាញ់៨ ស្មើ២ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់២១ដង ចំណែកអ្នកប្រដាល់ Kham ធ្លាប់មក ប្រកួត នៅកម្ពុជា ជាច្រើនលើកមកហើយ ក៏ធ្លាប់ចាញ់ និងឈ្នះអ្នក ប្រដាល់កម្ពុជាច្រើនគួរសមដែរ ដោយ Kham ធ្លាប់ប្រកួតបាន៥៩ដង ឈ្នះ៥៤ ចាញ់៤ដង និងស្មើ១ដង ។

រីឯអ្នកប្រដាល់ ម៉ន វិរៈ ក្លឹបការិយាល័យទី៥ ទ័ពជើងគោក ប្រកួតជាមួយអ្នកប្រដាល់ Mavin ក្នុងប្រភេទទម្ងន់ ៥៤គ.ក្រ ។ ម៉ន វិរៈ និង Mavin វិញនោះក៏ពិបាក វាយតម្លៃបន្តិចដែរ ដោយសារពួកគេទាំង២មានល្បិចប្រយុទ្ធនៅលើសង្វៀនប្រហាក់ប្រហែលគ្នាអាចស៊ីសងគ្នាបាន ។

តាមអ្នកចាប់គូប្រកួតកន្លងមកថា ម៉ន វិរៈ មានចរិតឆាប់ឆេវឆាវបន្តិច ចូលចិត្តវាយអាងកម្លាំងបាយ ច្រើនជាងការប្រើបច្ចេកទេសដោយសារគេមានកម្លាំង ខ្លាំង អាចប្រើការបាន៥ទឹកពេញ មិនលំបាកឡើយ ។ ចំពោះ Mavin ផ្លែកែង និងជង្គង់របស់គេពិតជាល្អខ្លាំងណាស់ រាល់ពេលវាយចេញម្តងៗមិនសូវជាខុសគោល ដៅនោះឡើយ ។

បើនិយាយពីស្នៀតកែងវិញកាន់តែសាហាវថែមទៀត ដែលអាចវាយចេញបានរហ័ស និងមិនសូវខុសគោលដៅដូចគ្នា សម្រាប់គូនេះមុននឹងរកឃើញ ចាញ់ឈ្នះ ច្បាស់ ជាមានការតតាំងគ្នាស្វិតស្វាញមិនខាន ។ ម៉ន វិរៈ មានកម្ពស់ ១,៦៤ម៉ែត្រ ប្រវត្តិប្រកួតបានចំនួន១២៩លើក ឈ្នះ ១១៧លើក ចាញ់១១លើក និងស្មើ ១លើក ចំណែកដៃគូ Mavin មានកម្ពស់ ១,៦៥ ម៉ែត្រ មានប្រវត្តិប្រកួតបានចំនួន១០៩លើក ឈ្នះ៩៧លើក ចាញ់១០ និងស្មើ២លើក ។

ចំណែកអ្នកប្រដដាល់ ព្រំ សំណាង ក្លឹបកងពលតូចឆ័ត្រយោងលេខ៩១១ ប៉ះអ្នកប្រដាល់ថៃ Entrey Thong ក្នុងប្រភេទទម្ងន់ ៧៥ គ.ក្រ ។ ព្រំ សំណាង ចាត់ទុក ថា ជាអ្នក ប្រដាល់មានថ្លើមធំបន្តិចហើយ ដែលមានបំណងចង់សាកកម្លាំងជាមួយ Entrey Thong ។

សំណាង តាមពិតទៅទើបតែលេចមុខលេចមាត់នៅលើសង្វៀនមិនយូរប៉ុន្មានទេ តែភាពល្បីល្បាញរបស់គេមានការរីក ចម្រើនខ្លាំងណាស់ ដោយសារគេមានក្បាច់ ប្រយុទ្ធនៅលើសង្វៀនល្អ ចលនាវាយលុករហ័សរហួន ហើយបើនិយាយពីស្នៀតកែង និងជង្គង់របស់គេវិញ ក៏សាហាវណាស់ដែរ ។

អ្នកប្រដាល់ Entrey Thong មានស្នៀតជង្គង់ល្អ និងមាន ល្បិចប្រយុទ្ធនៅលើសង្វៀន ហើយស្នៀតកែង និងជង្គង់របស់គេមានប្រសិទ្ធភាពខ្លាំងជាងមុនទៅទៀត ប៉ុន្តែទោះជាយ៉ាងណាក្តី សំណាង បើចង់សាកជាមួយ Entrey Thong ក៏មិនមែនជារឿងដែលងាយស្រួលប៉ុន្មានទេ ៕

Post a Comment

 
Top