GuidePedia

0
អ្នកចាត់ការ​ Jose Mourinho ​​រហស្សនាម “Special One” ​របស់​ក្រុម​ Chelsea បាន​​ជាប់​កំណត់ត្រា​ពិភពលោក​ (Guinness World Records) ​៤​​ប្រភេទ​​​​ផ្សេងៗ​គ្នា​​​ម្នាក់​ឯង​​ កាល​ពី​ម្សិល​មិញ។


​​​​ក្រុម​ការងារ​​សៀវភៅ​កំណត់ត្រា​ពិភពលោក​ ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ នៅ​ទីលាន​ហ្វឹកហាត់​ Cobham ​តែ​ម្ដង ដើម្បី​ប្រគល់​រង្វាន់​ទាំង​៤​ប្រភេទ​ជូន​ ដែល​រួម​មាន​​កំណត់ត្រា​ល្អៗ​ដូច​ជា៖ ដឹក​នាំ​ក្រុម​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​នៅ​ Premier League (៩៥ពិន្ទុ), ឈ្នះ​ពាន​រង្វាន់ UEFA Champions League ច្រើន​ជាង​គេ​នៅ​ក្លិប​ផ្សេង​គ្នា (២​ដង), អ្នកចាត់ការ​​ក្មេង​បំផុត​ ដែល​ដឹក​នាំ​ក្រុម​ប្រកួត​នៅ​ UEFA Champions League បាន​១០០​ប្រកួត (៤៩​ឆ្នាំ ១២​ថ្ងៃ), និង​​ដឹក​នាំ​ក្រុម​មិន​ចាញ់​ក្នុង​ដី ច្រើន​ប្រកួត​ជាង​គេ​នៅ​ Premier League (៧៧ដង) ​ថែម​ទៀត។

​ក្រោយ​ជាប់​កំណត់ត្រា​ពិភពលោក​ដ៏​​សន្ធឹកសន្ធាប់​​នេះ​ បុរស​វ័យ​៥២​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “ការ​ពិត​ ពេល​ខ្ញុំ​បាន​ទទួល​រង្វាន់​ទាំង​អស់​នេះ ពិត​ជា​ល្អ​ខ្លាំង​ណាស់។ កាល​ពី​នៅ​ក្មេង​ ខ្ញុំ​មិន​ដែល​ស្រមៃ​ថា នឹង​អាច​ជាប់​​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​ឡើយ។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រកួត ជា​ជាង​គិត​លើ​អ្វី ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ នូវ​រយៈពេល​១០ ឬ​១៥​ឆ្នាំ​ចុង​ក្រោយ”។

​អតីត​អ្នកចាត់ការ​ក្រុម​ Real Madrid ដែល​ត្រឡប់​ទៅ​ដឹក​នាំ​តោ​ខៀវ​លើក​ទី​២ កាល​ឆ្នាំ​២០១៣​រូប​នេះ បាន​ជួយ​ឲ្យ​ Chelsea លើក​ពាន​២​រដូវ​កាល​មុន ពោល​គឺ​ឈ្នះ​ពាន​ Premier League និង​ League Cup ប៉ុន្តែ​សម្រាប់​រដូវ​កាល​ថ្មី ​ក្រុម​របស់​លោក​ហាក់​មិន​សូវ​ល្អ​ឡើយ ដោយ​ប្រកួត​៤​លើក​ ទទួល​បាន​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ៕

Post a Comment

 
Top