GuidePedia

0
អ្នក​ប្រដាល់​កម្ពុជា​៣​រូប ត្រៀម​ជួប​ស្វាគមន៍​ជាមួយ​អ្នក​ប្រដាល់​ថៃ​បី​នាក់​ដែល​ឆ្លងដែន​មក​ជួប​ប្រកួត​នៅ​លើ​សង្វៀន​Ganzberg របស់​SEA-TV នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០ ខែកញ្ញា ឆ្នាំ២០១៥នេះ​។ ​


ក្នុង​នោះ​ព្រំ សំណាង​អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ គេ​នឹង​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Entrey Thong ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧៥​គីឡូក្រាម​។ ព្រំ សំណាង​ជា​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ម្នា​ក់​នៅ​កម្ពុជា ហើយ​គេ​ក៏​ធ្លាប់​ប្រកួត​ជាមួយ​បរទេស​ច្រើនដង​ហើយ​ដែរ ដោយ​ឈ្នះ​ច្រើនជាង​ចាញ់ ។​​

Entrey Thong នេះ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​អ៊ុង វិ​រះ មិត្ត​រួម​គ្រូ​ជាម​យ​យ​ព្រំ សំណាង​នេះ​ម្តង​ហើយ កាលពី​ថ្ងៃទី​០៧ ខែមិថុនា​កន្លងមក ដោយ​ប្រកួត​ចាញ់​អ៊ុង វិ​រះ ដោយ​ពិន្ទុ​។ បើ​តាម​ប្រវត្តិ​ប្រកួត​របស់​គេ​មិនជា​អន់​ទេ​ ដោយ​ធ្លាប់​ឆ្លងកាត់​ប្រកួត​ចំនួន​៩៩​លើក ក្នុង​នោះ​វាយ​ឈ្នះ​៨៤​លើក​ទៅ​ហើយ​ចាញ់​១៣​លើក និង​ស្មើ​០២​លើក​។ ​​

ចំពោះ​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ខ្លាំង ​និង​កែង​ឆេះ​ព្រំ សំណាង​វិញ​គេ​ប្រកួត​បាន​៧៥​លើក តិច​ជាង Entrey Thong ២៤​លើក ក្នុង​នោះ​វាយ​ឈ្នះ​៦៥​លើក ចាញ់​០៨​លើក និង​ស្មើ​០២​លើក​។ គេ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើក​ចុង​ក្រោយ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់ Toum Tam​ក្នុង​ទឹក​ទី​៤ ។​​

​ចាំ​មើល ឡើង​ប្រកួត​លើក​នេះ​ព្រំ សំណាង អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Entrey Thongបាន​ឬ​អត់ ? ។​ ​​

ម៉ន វិ​រះ​ជើង​ខ្លាំង​របស់​កម្ពុជា​ក្នុង​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Mavin ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤ គីឡូក្រាម​។​ ​ ​​

លោក​ញាណ សុធី​អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​នៅ​SEA-TV បាន​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​របស់​លោក​នោះ​ទេ​។​លោក​ថា Mavin គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​ថៃ ដែល​មាន​ថ្វី​កែង​ល្អ និង​កណ្ដាប់ដៃ​ខ្លាំង រហ័ស ហើយ​លឿន ដូច្នេះហើយ​ទើប​លោក​ជ្រើស​រើស​យក​មក​ឲ្យ​សាក​ជាមួយ​ម៉ន វិ​រះ។​ ​​

ទោះជា​យ៉ាងនេះ​ក្តី​ម៉ន វិ​រះ ដែល​នឹង​ត្រូវ​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​មិន​មាន​ការ​ព្រួយបារម្ភ​ ឬក៏​ភ័យខ្លាច​ចំពោះ Mavin នោះ​ដែរ ទោះបីជា​គេ​ដឹង​ថា​ អ្នក​ប្រដាល់​ថៃ​នេះ ខ្លាំង​ក៏ដោយ ។​​

​ ​វិ​រះ ធ្លាប់​ប្រកួត​ប៉ះ​អ្នក​ប្រដាល់​ថៃ​៦​នាក់​មក​ហើយ ដោយ​ឈ្នះ​៤ ចាញ់​២​នាក់​។ សម្រាប់​ការ​ប៉ះ​ជាមួយ Mavin លើក​នេះ​មិន​ដឹង​ថា វិ​រះ អាច​បំបាក់​បាន​ ឬ​អត់​នោះ​ទេ ?​។ តែបើ​តាម​ក្រុម​អ្នក​តាមដាន​ប្រដាល់ ដែល​ពួកគេ​បានឃើញ​ការប្រកួត​របស់​ម៉ន វិ​រះ​កន្លងមក​នោះ ពួកគេ​អះអាង​ថា ម៉ន វិ​រះ​ប្រហែលជា​អាច​ទៅរួច ព្រោះ​អ្នក​ប្រដាល់​វិ​រះ ក៏​មាន​ស្នៀត​ប្រដាល់​ដ៏​អស្ចារ្យ​ដែរ។​ ​ ​​

បើតាម​ប្រវត្តិ​ប្រកួត​របស់​ម៉ន វិ​រះ គឺ​មិន​ចាញ់​មែន ព្រោះ​វិ​រះ​ប្រកួត​ចាញ់​តែ​១១​លើក​ប៉ុណ្ណោះ ក្នុង​កំណត់ត្រា​ប្រកួត​ចំនួន​១២៩​ដងនោះ គឺ​ឈ្នះ​១១៧​លើក និង ស្មើ​០១ ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ច្រើន​រាប់មិនអស់​។ ចំណែក Mavin វិញ គេ​ប្រកួត​បាន​១០៩​លើក ដោយ​ឈ្នះ​៩៧​លើក ចាញ់​១០​លើក​និង​ស្មើ​០២​លើក។​ ​

Mavin មាន​កម្ពស់​១,៦៥​ម៉ែត្រ ឯ​ម៉ន វិ​រះ​១,៦៤​ម៉ែត្រ និង​មាន​ទម្ងន់​៥៤​គីឡូក្រាម​ដូចគ្នា គឺថា​អាច​ស៊ីសង​ជាមួយគ្នា​បាន​។ ចាំ​មើល​ម៉ន វិ​រះ​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​រូប​នេះ បាន​ឬ​អត់​នៅក្នុង​ការ​ជួប​គ្នា​នេះ ? ។​ វិ​រះ គេ​ទើប​វាយ​ឈ្នះ​បាន​ខ្សែក្រវាត់​CBF​ទម្ងន់​៥៤​គីឡូក្រាម​កាលពី​ថ្ងៃទី​២៨ ខែ​មីនា​ឆ្នាំ២០១៥​នេះ​ទេ​។​ ​​

ចាន់ ស៊ី​ណាត​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៥៧​គីឡូក្រាម នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Kham ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។​ ​​

នេះ​ជា​ឱកាស​ល្អ​ដែល​ចាន់ ស៊ី​ណាត ត្រូវ​បញ្ចេញ​សមត្ថភាព ដើម្បី​ផ្ដួល​ថៃ​ម្តង​ទៀតហើយ ព្រោះ​ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ គេ​ផ្ដួល​អស់​៥​នាក់​ហើយ​កន្លងមក ដោយ​លើក​ទី​១​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Supermac Lukmatulee​ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​២៨​ ខែធ្នូ ​ឆ្នាំ​២០១៤ និង​លើក​ទី​២​ជួប​Plaikeaw keaj Yongyuth​នេះឯង ហើយ​បាន​បំបាក់​អ្នក​ប្រដាល់​ថៃ​រូប​នេះ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ លើក​ទី​៣ គេ​ក៏បាន​ផ្ដួល​Plaikeaw keaj Yongyuth ដែល​មក​សងសឹក​អោយ​សន្លប់​ក្នុង​ទឹក​ទី​៣​ទៀត​ដែរ ​លើក​ទី​៤ ស៊ី​ណាត​វាយ​ឈ្នះ Thungmon Sor.Petch Udorn​ដោយ​ពិន្ទុ និង​លើក​ទី​៥ គេ​វាយ​ឈ្នះ​The Lek Lukchampachai​ក្នុង​ទឹក​ទី​៥​នា​ថ្ងៃទី​៣០ ខែ​សីហា​ ខែ២០១៥ ។​ ​​

ក្នុង​ស្ថិតិ​ប្រកួត​៦៥​ដង ស៊ី​ណាត​វាយ​ឈ្នះ​៥៥​លើក ចាញ់​០៨​លើក ស្មើ​០២​លើក និង​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៣​លើក។ ឯ​ប្រវត្តិ​ប្រកួត Kham វិញ គឺ​ប្រកួត​បាន​៥៩​លើក ក្នុង​នោះ​ចាញ់​តែ​០៤​លើក​និង​ស្មើ​០១​លើក​ប៉ុណ្ណោះ។​ ​

Kham គេ​ធ្លាប់​មក​ប្រកួត​នៅ​SEA-TV​នេះ​ម្តង​ហើយ កាលពី​ថ្ងៃទី​០៧​ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​វាយ​ស្មើ​ជាមួយ​ឯម សុធី អ្នក​ប្រដាល់​ក្លិប​ឫទ្ធិ​ពោធិ៍​សែនជ័យ។ ចាំ​មើល តើ​គេ​អាច​យកឈ្នះ​ចាន់ ស៊ី​ណាត​បាន​ឬ​អត់​សម្រាប់​ជំនួប​លើក​នេះ?៕ ​

Post a Comment

 
Top