GuidePedia

0
Danny Blind គ្រូ​បង្វឹក​ថ្មី​​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ ​បាន​លើក​ឡើង​ថា ​លោក​នឹង​មិន​លាលែង​ពី​តំណែង​​ឡើយ​ ទោះ​ជា​ក្រុម​បាន​បរាជ័យ​ ៣-០ ​ក្រោម​ថ្វី​ជើង​ក្រុម​ទួរគី​យប់​មិញ និង​ធ្វើ​ឲ្យ​ឱកាស​ជាប់​ទៅ​លេង​ Euro 2016 របស់​ក្រុម​ហុល្លង់ នៅ​សល់​ស្ដួចស្ដើង​បំផុត​ក៏​ដោយ។


បរាជ័យ​យប់​មិញ​ទៀត​ ​បាន​ធ្វើ​ឲ្យ​​ហុល្លង់​​ស្ថិត​នៅ​លេខ​៤ ក្នុង​​តារាង​ពូល​ A ​ដោយ​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ ប៉ុន្តែ​ដោយសារ​ឆេក​ឈ្នះ​​ឡាតវី ២-១ ​មាន​ន័យ​ថា​ក្ដី​សង្ឃឹម​ហុល្លង់ គឺ​ត្រូវ​តែ​ឈ្នះ​​ទាំង​២​ប្រកួត​ដែល​នៅ​សល់ និង​សង្ឃឹម​ថា​ទួរគី​អាច​ភ្លាត់​១​ប្រកួត​ណា​មួយ ដើម្បី​មាន​ឱកាស​យក​លេខ​៣ លេង​ Play-off។

​នៅ​ពេល​អ្នកសារព័ត៌មាន​សួរ​ថា តើ​លោក​មាន​គម្រោង​នឹង​លាលែង​ពី​តំណែង​ដែរ​ទេ? គ្រូ​បង្វឹក​វ័យ​៥៤​ឆ្នាំ ដែល​ជា​ឪពុក​បង្កើត​​ខ្សែ​ការពារ Daley Blind ​ក្រុម​ Manchester United រូប​នេះ បាន​ឆ្លើយ​តប​ថា៖ “គំនិត​នេះ ខ្ញុំ​មិន​ដែល​​​គិត​ឡើយ។ យើង​បាន​បង្កើត​កំហុស​តាំង​ពី​ដើម​តង់។ យើង​​​មាន​ឱកាស​ច្រើន​ ច្រើន​​ជាង​ទួរគី​ទៀត​ផង​ តែ​គ្មាន​សំណាង”។

Blind ​បាន​ឡើង​កាន់​តំណែង​​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ កាល​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា ជំនួស​តំណែង​គ្រូ​បង្វឹក​ចាស់​ Guus Hiddink ​ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​ឲ្យ​​ហុល្លង់​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​២​ប្រកួត​ដំបូង​របស់​លោក បែរ​ជា​ចាញ់​​ទាំង​២​ប្រកួត​ជាប់ៗ​គ្នា ​ដោយ​​ចាញ់​អ៊ីស្លង់ ១-០ កាល​ពី​យប់​ថ្ងៃ​សុក្រ និង​ចាញ់​ទួរគី​ធ្ងន់​ក​​យប់​មិញ​ទៀត៕

Post a Comment

 
Top