GuidePedia

0
អ្នក​ប្រដាល់​ថៃ រិទ្ធី របស់ក្លិប​នាគរាជ​គុន​ខ្មែរ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ មៀ​ច សុខ​រ៉ា អ្នក​ប្រដាល់​របស់ក្លិប​តា​ព្រហ្ម​មានជ័យ នា​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​SEA-TV។


មៀ​ច សុខ​រ៉ា គេ​បាន​បាត់​មុខ​ច្រើន​ឆ្នាំ​ហើយ ពេលនេះ​លេច​មុខ​មកវិញ ​មិន​ដឹង​ថា​គេ​ប្រកួត​កើត​ ឬ​អត់​នោះ​ទេ? មុន​ពេល​បាត់​មុខ សុខ​រ៉ា ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​មាន​ថ្វីដៃ​ល្អ វាយ​ខ្លាំង ពិសេស​កណ្ដាប់ដៃ ​និង​កែង​របស់​គេ។ ជាមួយ​នឹង​មាន​ថ្វីដៃ​ល្អ សុខ​រ៉ា មានចិត្ត​ប្រដាល់​ធំ​ថែមទៀត ។

ទោះជា​យ៉ាងណា​ជួប​ប្រកួត​ជាមួយ​ ថៃ រិទ្ធី​នោះ សុខ​រ៉ា​ មិន​ជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះ រិទ្ធី ថ្វីបើ​ទើបនឹង​លេច​មុខ​មក​ប្រកួត​នៅ​ភ្នំពេញ​បាន​ប៉ុន្មាន​ដង​ក្តី តែ​គេ​វាយ​មាន​ផ្លែ​ល្អ​ និង​មាន​តិចនិក​ប្រកួត​ខ្ពស់​គួរសម​ដែរ។

ការ​ប្រកួត​ចុងក្រោយ​នេះ ថៃ រិទ្ធី វាយ​ចាញ់​ ឡេះ តើក អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ក្នុង​ទឹក​ទី​២ ដោយសារតែ​គេ​ព្រហើន​ពេក។ រីឯ​ការប្រកួត​ចុងក្រោយ​របស់ មៀច សុខ​រ៉ា វិញ គឺ​វាយ​ចាញ់​ឡុង សុវណ្ណ​ឌឿ​ន អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ។ សម្រាប់​ការ​ជួប​គ្នា​រវាង ​ថៃ រិទ្ធី និង​មៀ​ច សុខ​រ៉ា​នេះ គេ​មិន​ហ៊ាន​ទាយ​ថា​នរណា​ឈ្នះ នរណា​ចាញ់​នោះ​ឡើយ។

វ៉ែន សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​សំអាត ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ដែល​ជួប​គ្នា​ដែរ​កន្លងមក។

សំអាត ចាន់​រាជ ជា​អ្នក​ប្រដាល់​ដែល​ធ្លាប់​វាយ​ក្នុង​ទ្រុង មាន​កណ្ដាប់​ដៃ​ខ្លាំង និង​មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ។ គេ​ប្រកួត​ចុងក្រោយ​នេះ​វាយ​ស្មើ​ជាមួយ​ សោម វិឆ័យ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា។

វ៉ែន សុ​ភ័​ក្រ គេ​ប្រកួត​ចុងក្រោយ វាយ​ឈ្នះ ស៊ូ ពី អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​ក្នុង​ទឹក​ទី​៣ ។ សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ ​សំអាត ចាន់​រាជ លើក​នេះ ពុំ​ដឹង​ថា​ សុ​ភ័​ក្រ អាច​វាយ​ឈ្នះ​សំអាត ចាន់​រាជ បាន​ឬ​អត់​នោះ​ទេ​?

កំពែង ខ្មៅ អ្នក​ប្រដាល់​ក្លិប​អប្សរា​គុន​ខ្មែរ ជួប​ប្រកួត​ជាមួយ​ ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃ​ទទឹង​ខេត្ត​បាត់ដំបង ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ អ្នក​ប្រដាល់​ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​ពី​មុន​មក។​

ស៊ឹម ប៊ុនឆៃ ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ហើយ គេ​ទើបតែ​ផ្ដួល ​ឆេង ពន្លក​ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា​ កន្លង​មក​នេះ។ ចំណែក កំពែង​ខ្មៅ ​គេ​ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែរ។ ជា​អ្នក​ប្រដាល់​ដែល​មិន​ងាយ​នឹង​បង្ក្រាប​នោះ​ទេ។​ គេ​ធ្លាប់​ឡើង​ប្រកួត​ជា​មួយ​ថៃ​ច្រើន​លើក​ហើយ។

កំពែង​ខ្មៅ គេ​វាយ​ខ្លាំង​មិន​ចេះ​ញញើត​អ្នកណា​នោះ​ឡើយ បើសិនជា​ជួប​ដៃគូ​ខ្លាំង​នោះ កំពែង​ខ្មៅ ​នឹង​ហ៊ាន​ប្ដូរ​មិន​ខាន។ ចាំ​មើល​រវាង​ កំពែង ខ្មៅ និង ស៊ឹម ប៊ុនឆៃ នេះ តើ​ន​រណា​ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ។

យឺន រតនា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៤១ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ​អ៊ុ​ល រាត្រី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។ ​ពួកគេ​ទាំងពីរ​នេះ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ។​ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​នេះ មិន​ដឹង​ថា​នរណា​ឈ្នះ​នោះ​ទេ?៕

Post a Comment

 
Top