GuidePedia

0
ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ សេង ស្រឿ​ន​ អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​សុក្រ​ ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥​នេះ។​


អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ស៊ូ វ​ណ្ណះ ជា​អ្នក​ប្រដាល់​ចាស់​វស្សា ប៉ុន្តែ​គេ​មិន​មាន​ឈ្មោះ​ល្បី​នោះ​ទេ ដោយសារ​ប្រកួត​ចាញ់​ច្រើនជាង​ឈ្នះ។ ទោះជា​យ៉ាង ការ​ជួប​ជាមួយ​ សេង ស្រឿ​ន​ នេះ ក្រុម​អ្នក​វិភាគ​ប្រដាល់​ក្នុងស្រុក​បាន​អះអាង​ថា ជំនួប​នេះ​ជា​ជំនួប​តឹង​តែង ព្រោះ ​វ​ណ្ណះ ​និង សេង ស្រឿ​ន មិន​ជា​លើ​គ្នា​ប៉ុន្មាន​ឡើយ។

សេង ស្រឿ​ន គេ​ជា​ជើងចាស់​មួយ​រូប ដែល​មាន​របៀប​វាយ​ល្អ រហ័ស ប៉ុន្តែ​មិន​សូវ​មាន​កល​ល្បិច​នោះ​ទេ។ ដោយសារតែ​បែប​នេះ​ហើយ ទើប​ឡើង​ប្រកួត​៤​ប្រកួត​ជាប់ៗ​គ្នា​ក្នុង​ការប្រកួត​ចុង​ក្រោយ​នេះ គេ​ចាញ់​ទាំង​៤​ប្រកួត។ ឯ ស៊ូ វ​ណ្ណះ​ វិញ គេ​ក៏​ចាញ់​ភាគច្រើន​ដែរ ដោយ​៤​ប្រកួត​ដូចគ្នា គេ​មិនដែល​ឈ្នះ បាន​ត្រឹម​ស្មើ​១​ប្រកួត និង​ចាញ់​៣​ប្រកួត។

សម្រាប់​ការ​ជួប​គ្នា​រវាង​ ស៊ូ វ​ណ្ណះ និង សេង ស្រឿ​ន​ នេះ គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា វណ្ណះ​ ឈ្នះ ឬ​ សេង ស្រឿ​ន ​ឈ្នះ​នោះ​ទេ ព្រោះ​ពួកគេ​ទាំងពីរ​មាន​កម្រិត​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា។ ស៊ូ វ​ណ្ណះ ប្រកួត​ចុងក្រោយ​វាយ​ចាញ់ ​តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ ក្នុង​ទឹក​ទី​២ ឯ សេង ស្រឿ​ន ​ប្រកួត​ចុងក្រោយ​វាយ​ចាញ់​អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៣១ ដោយ​ពិន្ទុ។​

អ្នក​ប្រដាល់​ ឯម សាវឿន ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ​ ជ័យ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់។ សាវឿន មិន​ធ្លាប់​ដែល​ជួប វ​ណ្ណះ ​នោះ​ឡើយ កន្លង​មក។

ពីរ​នាក់​នេះ​មាន​សមត្ថភាព​ និង​បច្ចេកទេស​ប្រហាក់ប្រហែល​គ្នា​ទេ គ្រាន់ ​ឯម​ សាវឿន ​គេ​ពូកែ​ប្រើ​កណ្ដាប់ដៃ ​និង​ជង្គង់​ហើយ​ខ្ពស់​ថែមទៀត ឯ ជ័យ វ​ណ្ណះ គេ​ប្រសប់​ខាង​ប្រើ​ជង្គង់ ​និង​ជើង តែ​ក៏​ពិបាកធ្វើ​ឲ្យ ​សាវឿន​ ដែរ ព្រោះ​គេ​ទាប​ជាង​ សាវឿន។ ជាមួយ​ស្នៀត​ប្រដាល់​ប្រដំប្រសងគ្នា ពួកគេ​ក៏​មាន​ចិត្ត​ប្រដាល់​តូច​ដូចគ្នា​ផង​ដែរ។​ សាវឿន មាន​កាយសម្បទា​រឹងមាំ និង​ស្នៀត​ប្រដាល់​មិន​ជា​អន់​ទេ ប៉ុន្តែ​គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ចិត្ត​តូច​ពេក ឲ្យ​តែ​ត្រូវ​ដៃគូ​វាយ​ត្រូវ​បន្តិច គេ​ចាប់ផ្ដើម​ញញើត​ហើយ ហើយ​លែង​ហ៊ាន​តែម្ដង។​

ពីរ ឬ បី​ទឹក​ដំបូង សាវឿន​ បញ្ចេញ​ស្នៀត ​និង​វាយ​ខ្លាំង​ណាស់ តែ​ក្រោយ​៣​ទឹក​ដែល​គេ ធ្វើ​អ្វី​ដៃគូ​ប្រកួត​មិនបាន​ទេ​នោះ សាវឿន ​ចាប់ផ្ដើម​ថមថយ​កម្លាំង និង​លែង​សូវ​ហ៊ាន​ចូល​តែម្ដង។ ការ​ប្រកួត​ចុងក្រោយ​នេះ សាវឿន​ វាយ​ចាញ់ ​សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ​ក្នុង​ទឹក​ទី​៤។​

សម្រាប់​ការ​ជួប​លើក​នេះ តាម​ក្រុម​អ្នក​វិភាគ​ប្រដាល់​ក្នុងស្រុក​ទាយ​នោះ គឺ ​ឯម សាវឿន ទំនង​ជា​អ្នកមាន​ប្រៀប​ច្រើនជាង ជ័យ វ​ណ្ណះ។​ ស៊ូ ពី​អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា នឹង​ឡើង​សងសឹក ឌុន ប៊ុនធឿន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា។ ពីរ​នាក់​នេះ​ជួប​គ្នា​ម្តង​កាលពី​ថ្ងៃ​១០ ខែ​កក្កដា ឆ្នាំ​២០១៥ លើ​សង្វៀន​ស្ទឹងមានជ័យ​នេះ ដោយ​ស៊ូ ពី ចាញ់​ពិន្ទុ ​ប៊ុនធឿន។​

ពួកគេ​ពីរ​នាក់​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ពួកគេ​វាយ​ខ្លាំង​ដូចគ្នា គ្រាន់តែ​ប៊ុនធឿន គេ​វាយ​មាន​ផ្លែ​ល្អ​ជាង។ ប៊ុន​ឌឿ​ន ​រាង​មានប្រៀប​លើ​ស៊ូ ពី​លើ​កម្លាំង​កាយសម្បទា និង​បច្ចេកទេស​ប្រកួត។ ប៉ុន្តែ​បើ​និយាយ​ពី​ចិត្ត​ប្រដាល់​វិញ​នោះ ឌុន ប៊ុនធឿន ​មានចិត្ត​ធំ មើល​តែ​ពិបាក​ស៊ី​ដៃគូ​នោះ គេ​នឹង​វាយ​ប្ដូរ​កែង​តែម្ដង។​ ស៊ូ ពី គេ​មានចិត្ត​ប្រដាល់​មិនសូវ​ធំ​ដូច ​ប៊ុនធឿន ​នោះ​ទេ ពោល​គឺ​គេ​មិនសូវ​ស៊ូ​ចំពោះ​ការ​ប្រកួត។ សម្រាប់​ការ​ជួប​សងសឹក​នេះ ស៊ូ ពី ប្រហែលជា​មិន​អាច​ធ្វើ​បាន​សម្រេច​នោះ​ឡើយ។​

ការប្រកួត​ចុងក្រោយ​របស់​ ស៊ូ ពី គឺ​វាយ​ចាញ់​ វ៉ែន សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ទឹក​ទី​៣។ ចំណែក ឌុន ប៊ុនធឿន ប្រកួត​ចុងក្រោយ​វាយ​ឈ្នះ​ ថៃ សាក់​សារៈ ក្លិប​កង​ទ័ព​ជើង​ទឹក​ដោយ​ពិន្ទុ។ ចាំ​មើល តើ​ ស៊ូ ពី អាច​សងសឹក ឌុន ប៊ុនធឿន បានសម្រេច​ឬ​អត់?​


អ្នក​ប្រដាល់​ជើង​ថ្មី ចាន់ សាន់ ក្លិប​និរោធ​មានជ័យ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ គួ​ន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ។ ពួកគេ​ទាំងពីរ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។ អ្នក​ទាំងពីរ​មិន​ធ្លាប់​ដែល​ជួប​គ្នា​ទេ​កន្លងមក៕

Post a Comment

 
Top