GuidePedia

0
អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ​កែវ រំ​ចង់ ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨ ​ភ្នំ​ទ្រព្យ បន្ទាប់ពី​ស្តារ​មុខមាត់​តាមរយៈ​ការ​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​Lomisan Sor .Tawan Rung ក្នុង​ទឹក​ទី​២​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​កន្លង​មក​នេះ ពេលនេះ​គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​មួយ​រូប​ទៀត គឺ​Orono Tor . Taw នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី​០៧ ខែ​សីហា​ខាងមុខនេះ លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។


នេះ​ជា​ការ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។ Orono Tor.Taw នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។ ហើយ​គេ​ក៏​ពុំ​ដឹង​ថា​ អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​ប្រវត្តិ​ប្រកួត​កម្រិត​ណា និង​កំណត់ត្រា​ប្រកួត​ប៉ុន្មាន​លើក​នោះ​ដែរ។​

តែ​បើ​តាម​អ្នក​ផ្គូផ្គង​ថា Orono Tor.Taw នេះ បើ​ប្រៀបធៀប​ជាមួយ​Lomisan Sor.Tawan អ្នក​ប្រដាល់​ថៃ​លើក​មុន​នោះ គឺ​មាន​កម្រិត​អន់​ជាង​ទេ ទាំង​កម្ពស់ ទាំង​ប្រវត្តិ​ប្រកួត ក៏ដូចជា​ផ្លែ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ដែរ។​

ទោះជា​យ៉ាងណា Lomisan Sor.Tawan មក​ជួប​ប្រកួត​ជាមួយ ​រំ​ចង់ ដែល​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៦​ដង ឈ្នះ​១០២​ចាញ់​១០​ដង​ និង​ស្មើ​៤​ដង ហើយ រំ​ចង់​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​៤១​ដង​នោះ អ្នក​ប្រដាល់​ថៃ​Lomisan Sor.Tawan មិន​ដឹង​ថា​គេ​ជួប​សំណាងល្អ ឬ​សំណាងអាក្រក់​នោះ​ទេ?​

អៀង ចាន់​ល័​ក្ខ អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងគោក នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ ឯម លី​ថូ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ។ ពីរ​នាក់​នេះ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​

ចាន់​ល័​ក្ខ​ នេះ ជា​អ្នក​ប្រដាល់​ដែល​មិនសូវ​ប្រសប់​ក្បាច់​បុរាណ​ខ្មែរ​ប៉ុន្មាន​ទេ គឺ​គេ​មាន​ជំនាញ​ខាង​វាយ​ក្នុង​ទ្រុង គេ​មាន​ក្បាច់​បោក ក្លេ​ដៃជើង ប៉ុន្តែ​ដល់​មក​ប្រកួត​ក្បាច់​បុរាណ​ខ្មែរ ដែល​ហាម​ឃាត់​នោះ ចាន់​ល័​ក្ខ ​រក​ចេញ​ស្នៀត​ និង​ក្បាច់​មិន​ឃើញ​ទេ។​

ដូច្នេះ​ជួប​ប្រកួត​ជាមួយ ​ឯម លី​ថូ លើក​នេះ ប្រហែលជា​មិន​ឈ្នះ​នោះ​ទេ។ ចាន់​ល័​ក្ខ ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​ ភុ​ន សោ​ភ័​ណ្ឌ ក្លិប​នាគរាជ​មានជ័យ ក្នុង​ទឹក​ទី​៣។​ ចំពោះ​ ឯម លី​ថូ ការប្រកួត​ចុងក្រោយ ក៏​ប្រកួត​ចាញ់​ សល់ ពិសិដ្ឋ ក្លិប​កុសល​កីឡា​ក្នុង​ទឹក​ទី​៣​ដែរ។ ដូច្នេះ​ការ​ជួប​ជាមួយ ​អៀង ចាន់​ល័​ក្ខ​ នេះ ក៏​មិន​ប្រាកដ​ថា​ឈ្នះ​១០០​ភាគរយ​ដែរ។​

ឃីម សា​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ និង ញ៉េ សិទ្ធ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា នឹង​ជួប​គ្នា​ជម្រះ​បញ្ជី បន្ទាប់ពី​ការ​ជួប​គ្នា​លើក​មុន​(០៩​ឧសភា​២០១៥) ពួកគេ​ប្រកួត​ស្មើ​ពិន្ទុ​គ្នា​នោះ។ ញ៉េ សិទ្ធ គេ​ក៏​មិន​ជា​អន់​ប៉ុន្មាន​ដែរ ទោះបីជា​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ ឃីម សា​វ៉េ​ត​ក្តី។ គេ​ប្រកួត​ចុង​ក្រោយ​នេះ ឈ្នះ​ ផាន់ សា​រ៉ែ​ម ក្លិប​គុជ​សា​កីឡា​ក្នុង​ទឹក​ទី​៤។ ឯ ឃីម សា​វ៉េ​ត ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​ ថន វាសនា ក្លិប​នាគរាជ​មានជ័យ​ដោយ​ពិន្ទុ។ ចាំ​មើល​ជួប​គ្នា​ជម្រះ​បញ្ជី​លើក​នេះ តើ​នរណា​ជា​អ្នកឈ្នះ ឬក៏​ស្មើគ្នា​ទៀត?

ឡៅ ផា​នាថ អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារ​កំព្រា នឹង​ឡើង​ប្រកួត​សងសឹក ​នូវ ស៊ីថា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ។ ជួប​គ្នា​លើក​មុន ផា​នាថ ​វាយ​ចាញ់​ ស៊ីថា ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មាន​ស្នៀត​ប្រដាល់ និង​ល្បិចកល​ប្រកួត​ប្រហាក់ប្រហែល​គ្នា​ទេ ហើយ​កម្លាំង​កាយសម្បទា ក៏​មិន​ជាជាង​គ្នា​ដែរ។ ដូច្នេះ​ចាំ​មើល ការ​ជួបគ្នា​លើក​នេះ តើ​ ផា​នាថ​ អាច​សងសឹក​យកឈ្នះ​ នូវ ស៊ីថា បាន​វិញ​ឬ​អត់?

ឯម ម៉ូ​លី អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ជាមួយ​ វុត្ថា រ៉ាវី អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ពួកគេ​ពុំ​ធ្លាប់​ដែល​ជួប​គ្នា​ទេ​កន្លង​មក។​

ប៉ុន្តែ​យ៉ាងណា វុត្ថា រ៉ាវី ប្រហែលជា​មិន​ឈ្នះ​ ឯម ម៉ូ​លី ទេ ព្រោះ ​រ៉ាវី​ ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ គឺ​វាយ​ចាញ់​គេ​រហូត។ រ៉ាវី ប្រកួត​លើក​ចុង​ក្រោយ​នេះ វាយ​ចាញ់​ ធន់ ចាន់​តាក់ ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម ក្នុង​ទឹក​ទី​៣ ខណៈ​ដែល​ ឯម ម៉ូ​លី ប្រកួត​ចុងក្រោយ វាយ​ឈ្នះ ឌី​ម សារិទ្ធ ក្លិប​មជ្ឈ​មណ្ឌល​កីឡា​ខ​.​ភ​.​ម ក្នុង​ទឹក​ទី​២៕

Post a Comment

 
Top