GuidePedia

0
ក្លិប​ភ្នំពេញ​ក្រោន​បាន​សម្រេច​នាំ​ចូល​សមាជិក​ថ្មី​មក​ពី​កូរ៉េ​ខាង​ត្បូង​ម្នាក់​ទៀត​ដើម្បី​ជួយ​ពង្រឹង​ក្រុម​សម្រាប់​​ការពារ​ជើង​ឯក​លីក​បាល់ទាត់​កម្ពុជា​​ បន្ទាប់​ពី​បាត់​បង់​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ។

លោក Schweingruber និង កីឡាករ Yongsun ចុះ​ហត្ថលេខា (រូបថត៖ PPC)

មន្ត្រី​ព័ត៌មាន​របស់​ភ្នំពេញ​ក្រោន​ លោក​ Andy បាន​ឲ្យ​ដឹង​ថា កីឡាករ​ថ្មី​មក​ពី​រ៉េ​ខាង​ត្បូង​ឈ្មោះ​ Yongsun Baek អាយុ​២៨​ឆ្នាំ​​បាន​សម្រេច​ចុះ​កុងត្រា​ជា​មួយ​ភ្នំពេញ​ក្រោន​រហូត​ដាច់​ឆ្នាំ​២០១៥។ កីឡាករ​រូប​នេះ​ត្រូវ​​ពាក់​លេខ​៥​ក្នុង​តំណែង​ជា​ខ្សែ​ការពារ​។

មុន​ពេល​មក​ភ្នំពេញ​ក្រោន កីឡាករ​រូប​នេះ​​ធ្លាប់​លេង​​ពីរ​ឆ្នាំ​កន្លះ​នៅ​ប្រទេស​ថៃ​​ជា​មួយ​ក្លិប​ Trat, Saraburi និង​ Sukhothai និង​ធ្លាប់​បាន​លេង​នៅ​​លីក​កំពូល​​កូរ៉េ​១​​​ឆ្នាំ​ជា​មួយ​ក្លិប​ Gangwon ព្រម​ទាំង​​លេង​នៅ​ក្រុម​សាកលវិទ្យាល័​នៅ​កូរ៉េ​ និង​យុវជន​ជម្រើស​ជាតិ​កូរ៉េ​ផង​ដែរ។

ការ​នាំ​ចូល​សមាជិក​ថ្មី​​របស់​ភ្នំពេញ​ក្រោន​នៅ​ពេល​នេះ​ដូច​នឹង​រដូវ​កាល​ឆ្នាំ​២០១៤​ដែរ​ដែល​ពេល​នោះ​ចប់​ជើង​ទី​១​នៃ​លីក​កម្ពុជា ភ្នំពេញ​ក្រោន​បាន​នាំ​ចូល​សមាជិក​ថ្មី​មក​ពី​ប្រទេស​អូស្ត្រាលី​ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​ដែល​បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើង​ឯក។​


ថ្មី​ៗ​នេះ​សមាជិក​ភ្នំពេញ​ក្រោន​មួយ​ចំនួន​បាន​អវត្តមាន​ និង​ចាក​ចេញ​ពី​ក្លិប​ជា​បន្ត​បន្ទាប់​ដូច​ជា​ អ៊ុក សុធី​ និង​ ង៊យ ស៊្រីន​របួស​ ហើយ​ វ៉ា សុខថន​ និង​សមាជិក​មក​ពី​កូរ៉េ​ម្នាក់​ទៀត​ក៏​បាន​ចាក​ចេញ​ពី​ក្លិប​ ដូច្នេះ​ជា​កង្វល់​សម្រាប់​លោក​គ្រូ​ Sam Schweingruber សម្រាប់​ការពារ​តំណែង​ជើង​ឯក​លីក​បាល់ទាត់​កម្ពុជា​រដូវ​កាល​នេះ៕

Post a Comment

 
Top