GuidePedia

0
កីឡាករ​ប្រដាល់​កំពុង​មាន​ប្រជា​ប្រិយ សែន​ រ៉ាដេត (ឈ្មោះ​ក្នុង​បញ្ជី​ជាតិ ទិន ​ឌិន)​ ប្អូន​បង្កើត​របស់​សែន រ៉ាឌី​ (ទិន ​ភាព​)​ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ជំនួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់ថៃ សេន ថាណុង ក្នុង​ទម្ងន់ ៥១ កីឡូក្រាម ខណៈអ្នកលេង​កណ្តាប់​ដៃ និង​កែង​មុត​ស្រួច ផល ​សោភ័ណ្ឌ​ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ ពឿន ​យ៉ៃ​ ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃ​អាទិត្យ ទី ៩ ខែ​សីហា​ ឆ្នាំ ២០១៥​។​

សែន រ៉ាដេត (ឆ្វេង) នឹង​ត្រូវ​ប៉ះ​ជាមួយ សេន ថាណុង ក្នុង​ការប្រកួត​នា​ថ្ងៃ​អាទិត្យ​នេះ

កីឡាករ​ប្រដាល់​ទម្ងន់​ស្រាល​សែន រ៉ាដេត​ នេះ​មាន​ស្នៀតកែង និង​ជង្គង់​យ៉ាង​ល្អ និង​ទើប​តែ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ CBF ទម្ងន់ ៥១ គីឡូក្រាម​ថ្មីៗនេះ​នៅ​សង្វៀន​អប្សរា​។​

រូបគេ​មាន​កម្បស់ ១,៦៥ ម៉ែត្រ​ និង​ធ្លាប់​ប្រ​កួត​បាន​ចំនួន ២៥ ដង ឈ្នះ ១៨ ដង ចាញ់ ៧ ដង ហើយ​ប្រកួត​តំណាង​ឲ្យ​ក្លិប​អប្សរាគុនខ្មែរ​។​ លោក​ឆ្លាម​ សរ ​បង បង្កើត និង​ជា​គ្រូ​បង្វឹក​ផ្ទាល់​របស់​រ៉ាដេត បាន​និយាយ​ថា​៖ «​រាល់​ថ្ងៃ រូប​គេ​ហ្វឹកហាត់​នៅ​ក្នុង​វត្ត​ស្វាយពពែ ហើយ​ត្រៀម​ខ្លួន​ប្រ​កួត​បាន​ល្អ​ ទាំង​សុខភាព ​ទាំងក្បាច់ គុន​។​ សម្រាប់​ប្រកួត​ជាមួយ​ថៃ​នេះ ខ្ញុំ​ព្រួយ​បារម្ភ​តែ​ផ្នែក​កម្លាំង​ប៉ុណ្ណោះ​ ចំ​ណែក​ឯ​បច្ចេកទេស​ក្បាច់គុន​ ខ្ញុំ​សង្ឃឹម​ឈ្នះ ៦០ ភាគរយ​»​។

ដៃ​គូ​របស់​សែន ​រ៉ាដេត​ ធ្លាប់​ប្រកួត​នៅ​កម្ពុជា​ច្រើន​លើក ដោយ​ចាញ់​អាំង​ សំអាត ​ម្តង​ ស្មើ​ម្តង​ និង​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​វ័យ​ក្មេង​ហុន ឈុនហេង​ ម្តង​។​ សេន ​ថាណុង ​មាន​កម្ពស់ ១,៦២ ម៉ែត្រ ​ទម្ងន់ ៥១ គីឡូក្រាម​ ឆ្លង​កាត់​ការ​ប្រកួត​បាន​ចំនួន ៦៧ ដង​ ឈ្នះ ៥៧ ដង ​ចាញ់ ៨ ដង​ និង​ស្មើ ២ ដង​។ ​

លោក​ថៃ ​អ៊ូ​ អ្នកនាំ​កីឡាករ​មក​ប្រកួត បាន​និយាយ​ថា​៖​ «សែន ​រ៉ាដេត លំបាក​ឈ្នះ​សេន​ ថាណុង ​ណាស់​ ពី​ព្រោះ​រូបគេ​ជា​កំពូល​ជើង​ខ្លាំង​របស់​ថៃ​ក្នុង​ទម្ងន់​ស្រាល​ ប៉ុន្តែ​ ការ​ចាញ់​ប្រៀប​របស់​កីឡាករ​ថៃ​គឺ​លើ​បញ្ហា​ក្បាច់កែង​នេះ​តែ​ម្តង​ ដោយ​សារ​សែន ​រ៉ាដេត ​មាន​ស្នៀត​កែង​រហ័ស ​និង​ច្បាស់​ ហើយ​ធ្ងន់​។ ​ខ្ញុំ​សង្ឃឹម​លើ​ថៃ ៧០ ភាគរយ​»​​។

ចំណែក​ផល ​សោភ័ណ្ឌ ​ដែល​ទើប​តែ​ធ្លាក់​ពី​ប្រកួត​ខ្សែ​ក្រវាត់​គោជល់ និង​ទទួល​បាន​លំដាប់លេខ ៣ នៅ​ស៊ី​ធីអិន​នោះ​ នឹង​មក​ប្រកួត​តតាំង​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ​ ​ពឿន ​យ៉ៃ​ ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​។​

ពឿន​ យ៉ៃ​ នេះ​ ធ្លាប់ផ្គូផ្គង​មក​ប្រកួត​កន្លង​មក​ ប៉ុន្តែ​ ត្រូវ​អាក់​ខាន​វិញ​ដោយ​បញ្ហា​សុខភាព​ ហើយ​លើក​នេះ​ ការ​ជួប​ជា​មួយ​នឹង​ផល សោភ័ណ្ឌ​ អាច​នឹង​ផ្តល់​នូវ​ការ​ចាប់​អារម្មណ៍​។

ពឿន ​យ៉ៃ​ ប្រកួត​បាន​ចំនួន ៦៣ ដង​ ឈ្នះ ៥៣ ដង ​ចាញ់ ១០ លើក និង​ជាម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ផង​ដែរ​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​។​

ផល​ សោភ័ណ្ឌ ​របស់​កម្ពុជា​មាន​កម្ពស់ ១,៦៧ ម៉ែត្រ​ទាប​ជា​ពឿន​ យ៉ៃ ២ ​សង់ទី​ម៉ែត្រ​ និង​ធ្លាប់​ប្រកួត​បាន​ចំនួន ៧៩ ដង ឈ្នះ ៦៨ ដង​ ចាញ់ ១១ ដង​។​ ការ​ប្រកួត​ចុង​ក្រោយ​ រូបគេ​ចាញ់​កីឡាករ​ថៃ​ឈូក ​ឆៃ ​ដោយ​ការ​វាយ​ខុស​លក្ខខណ្ឌ​នៅ​ស៊ីធីអិន​។​

លោក​ញាន​ សុធី​ នាយក​គ្រប់គ្រង​កម្ម​វិធី​ប្រ​ដាល់​ប្រចាំ​សង្វៀន​ បាន​ឲ្យ​ដឹង​ថា​៖​ «រឿង​ចាញ់ ​ឬ​ឈ្នះ​ខ្ញុំ​មិន​ហ៊ាន​ទស្សន៍​ទាយ​ទេ ​ប៉ុន្តែ​ខាង​ខ្ញុំ​ ខិត​ខំ​ផ្គូផ្គង​ឲ្យ​អ្នកមាន​មាន​សមត្ថភាព​ក្បាច់​គុន​ប្រហាក់​ប្រហែល​គ្នា​ទើប​មាន​អ្នកគាំទ្រ​កម្មវិធី​របស់​យើង​។ សង្វៀន​របស់​យើង​គ្មាន​គោលការណ៍​កាន់​ជើង​ ឬ​លម្អៀង​ជាតិ​សាសន៍​ទេ​ ​ពោល​គឺ​កីឡាករ​ប្រដាល់​ណា​មាន​វិជ្ជាគុន​ល្អ​ នឹង​ទទួល​ជ័យ​ជម្នះ​​ ផ្អែក​លើ​ការ​កាត់ក្តី​ពី​សំណាក់​ចៅក្រម ​នឹង​គណៈកម្មការ​ប្រ​កួតដោយ​ភាព​សុក្រឹតជានិច្ច​»​៕

Post a Comment

 
Top