GuidePedia

0
ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ១៥ ឆ្នាំ​របស់​កម្ពុជា (U-15) បានធ្វើ​ដំណើរ​ត្រឡប់​មកពី​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​វិញ​ហើយ ក្រោយ​សំងំ​ហ្វឹកហាត់​នៅ​ទីនោះ​អស់​ជាង ២ សប្ដាហ៍ ដើម្បី​តៀម​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​យុវជន​ក្រោម​អាយុ១៦ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន (2015 AFF U-16 Youth Championship) ចុងខែ​កក្កដា នេះ។


ក្រុម U15 របស់​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Iki Yusuke បានធ្វើ​ដំណើរ​មកដល់​មាតុប្រទេស​វិញ នៅ​ម៉ោង ៤:៥០ នាទី​ថ្ងៃទី ២០ ខែ កក្កដា ម្សិលមិញ​តាម​ជើងហោះហើរ​លេខ VN920 នៅ​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)។

តាមពិត​ក្រុម​ជម្រើសជាតិ​ឈុត​យុវជន​នេះ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​តាំងពី​ចុងខែ មិថុនា មកម្ល៉េះ ដោយ​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Japan-Mekong U15 Football Exchange Program 2015

ជាមួយ​ក្រុម ៧ ផ្សេងទៀត​ដែល​រៀបចំ​នៅ​ទីលាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន SAKAI J-GREEN ក្នុង​ទីក្រុង Osaka។ ពានរង្វាន់​ដែល​បង្កើតឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន (JFA) សហការ​ជាមួយ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​នេះ ក្រុម​កម្ពុជា​ស្ថិតក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ជប៉ុន,វៀតណាម និង​ក្លិប Vissel Kobe ហើយ​ពូ​ល B មាន ថៃ មី​យ៉ាន់​ម៉ា ឡាវ និង ក្លិប Sanfrecce Hiroshima FC ដោយ​ចាប់​ប្រកួត​ពីថ្ងៃ​ទី ១ ដល់ទី៣ ខែ កក្កដា ឆ្នាំ ២០១។ ជា​លទ្ធផល​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ៨ ប្រចាំ​ពានរង្វាន់។

ចេញពី​ទីក្រុង Osaka ក្រុម U-15 កម្ពុជា ត្រូវ​ទៅ​ចូលរួម​បោះ​ជម្រុះ​ហ្វឹកហាត់​នៅ​ទីក្រុង Sendia វិញ​ម្ដង​ដែលជា​ស្រុកកំណើត​របស់លោក​គ្រូបង្វឹក Iki ផ្ទាល់។ ក្រៅពី​ហ្វឹកហាត់​នៅ​ទីនោះ ក្រុម​កម្ពុជា ក៏បាន​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​ជប៉ុន​មួយចំនួន​ផងដែរ។

ក្រុម U-16 កម្ពុជា ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ពានរង្វាន់ 2015 AFF U-16 Youth Championship ចាប់​រៀបចំ​ពីថ្ងៃ​ទី ២៧ ខែ កក្កដា ដល់ ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៥ នៅ​ទីលាន​សិប្ប​និមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។ ពាន​ប្រចាំ​តំបន់​អា​ស៊ន​នេះ​ចែកជា ២ ពូ​ល​ដោយ​ពូ​ល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទី​ម័​រ​ខាងកើត, ប្រ៊ុយណេ និង ថៃ ហើយ​ពូ​ល B មាន អូស្ត្រាលី, សិង្ហ​បុរី, ហ្វីលីពីន, មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា។

យោងតាម​ព័ត៌មាន​ដែល​ទទួល​បានមក​ពីស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ក្រុម​ដែល​ចូលរួម​ក្នុង​ពានរង្វាន់​នេះ​ទាំងអស់​នឹង​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៥ ហើយ​មួយថ្ងៃ​បន្ទាប់​ត្រូវ​ប្រជុំ​ក្រុម​មុន​ការប្រកួត​មកដល់។

សម្រាប់​ក្រុម U-16 ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​បើកឆាក​នៃ​វគ្គ​ជម្រុះ​ពូ​ល B ប៉ះ​ក្រុម​ហ្វីលីពីន នៅ​ថ្ងៃទី ២៨ ខែ កក្កដា វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ត្រូវ​បន្ត​ជួប​ក្រុម​អូស្ត្រាលី នៅ​ថ្ងៃទី ៣០ ខែកក្កដា វេលា​ម៉ោង ៦:៣០ នាទី នៅ​ពហុ កីឡដ្ឋាន​ជាតិ​ដដែល។ ចូលដល់​ថ្ងៃទី ៣ សីហា កម្ពុជា ត្រូវ​ជួប​ជាមួយ​ក្រុម​សិង្ហ​បុរី វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច និង ត្រូវ​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ ៥ ខែ សីហា នៅ​ម៉ោង ៦:៣០ នាទី ក្នុង​ទីលាន​ពហុ​កីឡដ្ឋាន​ដូចគ្នា។


លោក Yusuke Iki គ្រូបង្វឹក​ប្រចាំ​សាលា​បាល់ទាត់​ជាតិ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតាំង​ឱ្យធ្វើជា​គ្រូ​បង្គោល​សម្រាប់​ដឹកនាំ​ក្រុម​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់ ហើយ​លោក គឹម ភក្ដី និង លោក ជឿន សុ​ភី ជា​គ្រូ​ជំនួយ ហើយ​លោក ប្រាក់ វណ្ណ​នី ជា​គ្រូ​អ្នកចាំទី និង លោក ស្រ៊ុន សីហា ជា​អ្នកបកប្រែ៕

Post a Comment

 
Top