GuidePedia

0
ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ខ្សែក្រវាត់​TIFFY ​ទម្ងន់​៦០​គ​.​ក្រ ឆ្នាំ ២០១៥ នៅ​លើ​សង្វៀន​TV5 Arena នឹង​ចាប់​ផ្ដើម​វាយ​ជម្រុះ​លើក​ទី​២ ជុំ​ទី​១ នៅ​ថ្ងៃអាទិត្យ​ ទី​០២ ខែ​សីហា​ខាងមុខនេះ។


សម្រាប់​ការប្រកួត​លើក​ទី​២​នេះ មាន​អ្នក​ប្រដាល់​ចំនួន​៤​នាក់ ដូច​កាលពី​លើក​ទី​១​ដែរ ដោយ​ត្រូវ​ប្រកួត​គ្នា នរណា​ចាញ់​ គឺ​ហាលអាវ នរណា​ឈ្នះ​ឈរ​ចាំ​ទៅ​ប្រកួត​ក្នុង​ជុំ​ទី​២​បន្ត​ទៀត។ ការប្រកួត​គឺ​វាយ​តែ​៣​ទឹក​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី។

អ្នក​ប្រដាល់​ទាំង​៤​នាក់ ដែល​ត្រូវ​ប្រកួត​ក្នុង​ទី​២​ជុំ​ទី​១​នេះ រួមមាន ឈាន រស្មី ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ត្រូវ​ជួប​ជាមួយ ផៃ គឹម​ហឿ​ត ក្លិប​គី​សែ​មាន​រិ​ទ្ធ។ ចំណែក​មួយ​គូ​ទៀត គឺ​អ៊ី វ៉ាន់​ស័​ក្ត ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ ជួប​ជាមួយ​ សេក គឹម​សៀង ក្លិប​អង្គរ​មានជ័យ។

ក្នុង​ចំណោម​ពួកគេ​ទាំង​៤​នាក់​នេះ មាន​គូ​ខ្លះ​ធ្លាប់​ប៉ះ​គ្នា​កន្លងមក តែ​ភាគច្រើន​ពួកគេ​មិនដែល​ជួប​គ្នា​ទេ ដោយសារ​ភាគច្រើន​ជា​អ្នក​ប្រដាល់​ថ្មី។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្នុងចំណោម​៤​នាក់​នេះ មាន​២​នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នក​ប្រដាល់​ស្រករ​មុន គឺ​ ឈាន រស្មី និង ផៃ គឹម​ហឿ​ត។​

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ TIFFY ទម្ងន់​៦០​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ចំនួន​៣២​នាក់​ចូលរួម ហើយ​ចែកចេញជា​៤​ដំណាក់កាល និង​មាន​រូបមន្ត​ប្រកួត គឺ​ដំណាក់​ទី​១​ ជា​ការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់ ដែល​ការប្រកួត ​គឺ​ចាញ់​ធ្លាក់ ឯ​អ្នកឈ្នះ​ឈរ​ចាំ។ ហើយ​ការប្រកួត​មាន​រយៈពេល​តែ​៣​ទឹក​ប៉ុណ្ណោះ ក្នុង​មួយ​ទឹក​មាន​៣​នាទី។ ចំពោះ​តម្លៃ​ខ្លួន​ក្នុង​ដំណាក់កាល​ទី​១​នេះ គឺ​ឈ្នះ​ទទួល​បាន​១៥០​ដុល្លារ ចាញ់​១០០​ដុល្លារ។​

សម្រាប់​ការប្រកួត​ដំណាក់កាល​ទី​២ ជា​ការ​ចម្រាញ់​ក្នុងចំណោម​អ្នក​ប្រដាល់​១៦​រូប ជម្រុះ​នៅ​សល់​៨​រូប ដែល​រូបមន្ត​ការប្រកួត​ដូច​ដំណាក់កាល​ទី​១​ដែរ ចាញ់​ធ្លាក់ ឈ្នះ​ឈរ​ចាំ ឯ​ការប្រកួត​ក៏​តែ​៣​ទឹក ១​ទឹក​មាន​៣​នាទី​ដែរ។ ចំពោះ​តម្លៃ​ខ្លួន​ក្នុង​ដំណាក់កាល​ទី​២​នេះ អ្នកឈ្នះ​២០០​ដុល្លារ អ្នក​ចាញ់​១៥០​ដុល្លារ។​

សម្រាប់​ការប្រកួត​នៅ​ក្នុង​ដំណាក់កាល​ទី​៣ ​និង​ទី​៤ ដែល​ជា​ការប្រកួត​វគ្គ​៨​នាក់ និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្ដាច់ព្រ័ត្រ​នោះ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ដូច​ធម្មតា គឺ​ប្រកួត​៥​ទឹក ក្នុង​១​ទឹក​មាន​៣​នាទី សម្រាក​២​នាទី។ សម្រាប់​ការប្រកួត​ដំណាក់កាល​ទី​៣​វគ្គ​៨​នាក់​ចុង​ក្រោយនេះ តម្លៃ​ខ្លួន​អ្នក​ឈ្នះ​បាន​២៥០​ដុល្លារ អ្នក​ចាញ់​២០០​ដុល្លារ។

ការ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ អ្នកឈ្នះ​បាន​៣០០​ដុល្លារ អ្នក​ចាញ់​បាន​២៥០​ដុល្លារ ហើយ​សម្រាប់​ជ័យ​លាភី​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​មាន​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៤​នោះ អ្នក​ជាប់​លេខ​៤​បាន​៥០០​ដុល្លារ លេខ​៣ បាន​៧៥០​ដុល្លារ លេខ​២ បាន​២.០០០​ដុល្លារ និង​លេខ​១​តំណែង​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​នោះ ទទួល​បាន​ខ្សែក្រវាត់​១ ពាន​១ និង​រង្វាន់​អម​៤.០០០​ដុល្លារ៕

Post a Comment

 
Top