GuidePedia

0
នៅ​លើ​សង្វៀន​SEA-TV នា​យប់​ថ្ងៃអាទិត្យ ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៥​ចុង​សប្ដាហ៍​នេះ អ្នក​ប្រដាល់​ជើង​ខ្លាំង ឈាន ហុង សមាគម​កីឡា​ក្រសួងការពារជាតិ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​A Noukvath។​


ឈាន ហុង ដែល​ត្រូវ​ជួប​ជាមួយ A Noukvath អ្នក​ប្រដាល់​ថៃ ប្រហែលជា​អាច​ជួប​ការ​លំបាក​ហើយ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូប​នេះ ជា​ជើង​ខ្លាំង​នៅ​ប្រទេស​ថៃ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ថែមទៀត។ នេះ​បើ​តាម​លោក​ ញាណ សុធី ​អ្នក​ផ្គូផ្គង​ប្រដាល់​ប្រចាំ​សង្វៀន​SEA-TV​ប្រាប់​ឲ្យ​ដឹង។ អ្នក​ប្រដាល់​ថៃ​នេះ មិន​ធ្លាប់​មក​ស្រុក​ខ្មែរ​ឡើយ។​

ទោះជា​យ៉ាងណា ឈាន ហុង គេ​បាន​អះអាង​ថា គ្មាន​បញ្ហា​អ្វី​ឡើយ តែ​ឡើង​សង្វៀន​ហើយ​ គឺ​វ៉ៃ​ទាំងអស់ ឲ្យ​តែ​ទម្ងន់​ស្មើគ្នា​គ្មាន​បញ្ហា​អ្វី​ឡើយ។ ពួកគេ​ទាំងពីរ​នឹង​ប្រកួត​ក្នុង​ទម្ងន់​៦២​គ​.​ក្រ។​

ឈាន ហុង មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ក្នុង​នោះ​ឈ្នះ​៥៧​ដង ចាញ់​១០​ដង និង​ស្មើ​០២​ដង ។ ចំណែក A Noukvath​វិញ គេ​មាន​កំណត់ត្រា​ប្រវត្តិ​រហូតដល់​៩៩​ដង​ឯណោះ ដោយ​វាយ​ឈ្នះ​៨០​ដង ចាញ់​១៥​ដង និង​ស្មើ​០៤​ដង។​

ចាំ​មើល ឈាន ហុង ជួប​សំណាងល្អ​ឈ្នះ​Nvachayan Khamon នេះ​ឬ​អត់? ការប្រកួត​ជាមួយ​បរទេស​លើក​ចុង​ក្រោយ​របស់​ ឈាន ហុង គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Sett Sorplam​ ក្នុង​ទឹក​ទី​២ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៥​កន្លងមក។​

ចំពោះ ហុន ឈុន​ហេង ជើង​ខ្លាំង​របស់​កម្ពុជា​នៅ​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Sen Thanong ក្នុង​ទម្ងន់​៥១​គ​.​ក្រ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ គឺ​ធ្លាប់​ផ្ដួល ហុន ឈុន​ហេង ក្នុង​ទឹក​ទី​៤​ម្ដង​ហើយ កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៤​កន្លងមក។ Sen Thanong គេ​មាន​ប្រវត្តិ​ប្រកួត​៦៥​ដង ឈ្នះ​៥៧​ដង ចាញ់​០៧​ដង និង​ស្មើ​០១​ដង។​

ឈុន ហេង ជា​អ្នក​ប្រដាល់​ដែល​មានការ​វ័យ​ឆ្លាត​ក្នុង​ការ​ប្រកួត ពោល​គឺ​គេ​វាយ​មិន​ចេះតែ​ប្រើ​កម្លាំង​ទាំងអស់​នោះ​ទេ គឺ​គេ​ប្រើ​កលល្បិច និង​បច្ចេកទេស។ កណ្ដាប់ដៃ​របស់​គេ​វាយ​ចេញ​រហ័ស​ណាស់ ហើយ​ជង្គង់​គេ​ក៏​មាន​ផ្លែ​ល្អ​ដែរ។ គេ​ធ្លាប់​ជួប​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​ហើយ ដោយ​វាយ​ឈ្នះ​និង​ចាញ់។ ហុន ឈុន​ហេង គេ​ប្រកួត​បាន​៥៩​ដង ដែល​ក្នុង​នោះ​គេ​វាយ​ឈ្នះ​ចំនួន​៥៤​ដង ចាញ់​៥​ដង មិនដែល​ស្មើ​ទេ។​

ឈុន ហេង ធ្លាប់តែ​ស៊ី​ថៃ​ផុយ តែ​មក​ប៉ះ​ជាមួយ​Sen Thanong រាង​ពិបាក​តែម្ដង ដោយសារ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ជា​ម្ចាស់​ខ្សែក្រវាត់​ហើយ​វាយ​ចេញចូល​រហ័ស​លឿន ព្រមទាំង​មាន​ផ្លែ​ល្អ​ជាង​ឈុន ហេង ទៅទៀត ទើប​គេ​អាច​យកឈ្នះ​ ឈុន​ ហេង ​ដោយ​ផុយ​នោះ។

ដូច្នេះ ការ​ជួប​ប្រកួត​ជាមួយ​Sen Thanong អ្នក​ប្រដាល់​ថៃ​លើក​នេះ ឈុន​ ហេង ​គឺ​រាង​យ៉ាប់​បន្តិច​ហើយ មិន​ដឹង​ថា​គេ​អាច​សងសឹក​Sen Thanong​បាន​វិញ​ឬ​អត់​នោះ​ទេ។ ចាំ​មើល រវាង ​ហុន ឈុន​ហេង និង Sen Thanong តើន​រណា​ឈ្នះ​លើក​នេះ? ​អ្នក​ប្រដាល់​ ថៃ ប៊ុន​ហាន ក្លិប​ពោធិ​សែន​ជ័យ នឹង​ជួប​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា។​

ថៃ ប៊ុន​ហាន ពេលនេះ មិន​ដូច​ពីមុន​នោះ​ដែល​ប្រកួត​មាន​លក្ខណៈ​ហើមស្រក​នោះ​ឡើយ។ ជា​មួយ​នឹង​ការ​វាយ​ខ្លាំង វាយ​មិន​ចេះ​ញញើត​ហើយ គេ​ថែមទាំង​ជា​ម្ចាស់​ខ្សែក្រវាត់​ថែមទៀត។ ហាន ជា​អ្នក​ប្រដាល់​ម្នាក់ ដែល​ប្រកួត​ និង​ផ្ដួល​គូប្រកួត​ដោយសារ​កម្លាំងបាយ​សុទ្ធសាធ។ គេ​អាង​មានមុខ​វាយ​មិនសូវ​ឈឺ ប៊ុន​ ហាន​ ដើរចូល​វាយ​ទៅលើ​គូប្រកួត​ជានិច្ច ។ កណ្ដាប់ដៃ និង​កែង​រាង​គ្រាន់បើ​បន្តិច តែ​បើ​ស្នៀត​ជង្គង់​ឬ​ល្បិចកល​ប្រកួត​មិន​ជា​ប៉ុន្មាន​ឡើយ។​

ប៉ះ​ជាមួយ​ ពុទ្ធ ឆាយ​រិទ្ធី ដែល​មាន​កណ្ដាប់ដៃ​ខ្លាំង​ដែរ​នោះ ប៊ុន ​ហាន ​អាច​រាង​យ៉ាប់​ដែរ ព្រោះ​ ឆាយ​រិទ្ធី ​មាន​សកម្មភាព​លឿន និង​បន្លាស់​ទី​រហ័ស មិន​អាច​ឲ្យ​ ប៊ុន​ ហាន ​វាយ​ត្រូវ​ងាយៗ​នោះ​ទេ។

ពុទ្ធ ឆាយ​រិទ្ធី គេ​មាន​ផ្លែ​សម្លាប់ ​ប៊ុន​ ហាន​ ត្រង់​ទាត់ និង​កណ្ដាប់ដៃ ឲ្យ​តែ​ ប៊ុន​ហាន ​ព្រហើន​ដើរចូល​ដោយ​គឃ្លើន​នោះ ច្បាស់​ជា​ត្រូវ​នឹង​ប្រអប់ជើង​របស់​ ឆាយ ​រិទ្ធី ​មិន​ខាន។ ចាំ​មើល ប៊ុន​ហាន​អាច​យកឈ្នះ​ ឆាយ​ រិទ្ធី​ បាន​ឬ​អត់ សម្រាប់​ជំនួប​គ្នា​លើក​នេះ?

ប៊ុន​ហាន ប្រកួត​ចុងក្រោយ គេ​ផ្ដួល នូវ ស៊ីថា ​អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ក្នុង​ទឹក​ទី​៤ ខណៈ​ដែល​ការប្រកួត​ចុងក្រោយ​របស់ ​ពុទ្ធ ឆាយ​រិទ្ធី វាយ​ឈ្នះ​ វ៉ែន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ៕

Post a Comment

 
Top