GuidePedia

0
តម្លៃ​​សំបុត្រ​ ក្នុង​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជើង​ឯក​រង​ English Premier League មេឃ​ខៀវ​ Manchester City ​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​វៀតណាម នៅ​ចុង​ខែ​នេះ​​ បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ ដោយ​តម្លៃ​កៅអី​ល្អ​បំផុត​គឺ ៨៥​ដុល្លារ​ ដែល​ជា​តម្លៃ​មួយ​ខ្ពស់​ដាច់​គេ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​វៀតណាម។


​អ្នក​តំណាង​ធនាគារ SHB Bank ​និង​សហព័ន្ធ​បាល់ទាត់​វៀតណាម ​បាន​ប្រជុំ​គ្នា​សម្រេច​ កាល​ពី​ថ្ងៃ​​អង្គារ​ ដោយ​ក្នុង​នោះ​បាន​សម្រេច​លក់​សំបុត្រ​​ថ្លៃ​បំផុត​គឺ ៨៥​ដុល្លារ បន្ទាប់​មក​មាន​ដូច​ជា ៧០​ដុល្លារ, ៥០​ដុល្លារ និង​២៨​ដុល្លារ ទៅ​តាម​ប្រភេទ​កៅអី​ខុស​ៗគ្នា។

​ចំណែក​ឯ​កាល​ពី​២​ឆ្នាំ​មុន ដែល​ Arsenal មក​លេង​នៅ​វៀតណាម​ដែរ​នោះ គឺ​សំបុត្រ​ថ្លៃ​បំផុត​ ៧០​ដុល្លារ បន្ទាប់​មក​មាន​ ៥០ដុល្លារ, ៣០​ដុល្លារ និង​២០​ដុល្លារ ខណៈ​ដែល​ពេល​នោះ​កាំភ្លើង​ធំ​ បាន​លត់​ជម្រើស​ជាតិ​វៀតណាម ​ដល់​ទៅ​ ៧-១។

តាម​គម្រោង​​ ក្រុម​ Man City ​នឹង​ត្រូវ​មក​ដល់​ប្រទេស​វៀតណាម​ នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា​នេះ ហើយ​ពួកគេ​នឹង​នៅ​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ រយៈពេល​៣​ថ្ងៃ ដើម្បី​ចូល​រួម​សកម្មភាព​សង្គម​មួយ​ចំនួន​ទៀត ហើយ​ក្លិប​អង់គ្លេស បាន​សន្យា​ថា​ នឹង​នាំ​តារា​ឆ្នើមៗ​របស់​ក្លិប​មក​ចូល​រួម​ផង​ដែរ ដូច​ជា Sergio Aguero, Vincent Kompany, Yaya Toure និង​ David Silva ​ជា​ដើម។


​​រីឯ​ការ​ប្រកួត​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា នៅ​កីឡដ្ឋាន​ជាតិ​វៀតណាម My Dinh National Stadium ​នា​ទីក្រុង​ហាណូយ ដែល​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន​ ៤​ម៉ឺន​នាក់៕

Post a Comment

 
Top