GuidePedia

0
Guangzhou Evergrande បាន​ប្រកាស​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​អន្តរ​ជាតិ​​ប្រេស៊ីល Robinho នឹង​ចូល​រួម​ជា​មួយ​នឹង​ម្ចាស់​ជើង​ឯក​ចិន​របស់​លោក​​គ្រូ​បង្វឹក Luiz Felipe Scolari​ មួយ​នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ធ្វើ​ការ​ជា​មួយ​គ្នា​ម្តង​ទៀត ក្រោយ​ពី​អតីត​កីឡាករ​របស់​ក្លិប Real Madrid រូប​នេះ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​ក្រុម World Cup របស់​លោក Scolari​។


ក្រោយ​ពី​ការ​លើក​​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​ទាក់​ទង​នឹង​ការ​ផ្ទេរ​នេះ ក្លិប Guangzhou បាន​ឲ្យ​ដឹង​នៅ​លើ​គេហ​ទំ​ព័រ​របស់​ខ្លួន​ថា លោក Scolari បាន​​លួង​លោម​ឲ្យ Robinho វ័យ​៣១​ឆ្នាំ ផ្ទេរ​ទៅ​កាន់​ប្រទេស​ចិន​សម្រាប់​កិច្ច​សន្យា​​មួយ​ដែល​មាន​រយៈ​ពេល​៦​ខែ​។

សេច​ក្តី​ប្រកាស​មួយ​នេះ មិន​បាន​បញ្ជាក់​ពី​ប្រាក់​ខែ​របស់ Robinho ឡើយ ប៉ុន្តែ វា​​ប្រហែល​ជា​ការ​ចុះ​ហត្ថ​លេខា​​មួយ​ដែល​ផ្តល់​ចំណូល​ជា​ច្រើន​ ក្រោយ​ពី​លោក Scolari បាន​ទិញ​ចូល​ខ្សែ​បម្រើ​អន្តរ​ជាតិ​ប្រេស៊ីល Paulinho កាល​ពី​ខែ​មុន​ក្នុង​តម្លៃ​ខ្លួន​១៤​លាន​ផោន (ស្មើ​នឹង​១៥,៧​លាន​ដុល្លារ​អាមេ​រិក​)​។​

Robinho ធ្លាប់​ជា​កីឡាករ​​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏​ល្បី​ល្បាញ​ម្នាក់​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្រុម​របស់​លោក Scolari សម្រាប់​យុទ្ធ​នា​ការ World Cup​ ឆ្នាំ​២០១៤ នៅ​ប្រទេស​ប្រេស៊ីល បើ​ទោះ​បី​​បាន​ចូល​លេង​ក្នុង​ពេល​ប្រកួត​​មិត្ត​ភាព​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ីល ត្រឹម​តែ​រយៈ​ពេល​២​ខែ នៅ​មុន​ពេល​សមា​ជិក​ចុង​ក្រោយ​របស់​ក្រុម​ប្រេស៊ីល ត្រូវ​បាន​ប្រកាស​ឡើង​ក៏​ដោយ​។

ក្រោយ​មក រូប​គេ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ទៅ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​វិញ​ដោយ​លោក Dunga ដែល​ជា​អ្នក​ជំនួស​កន្លែង​របស់​លោក Scolari និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​កាល​ពី​ខែ​មុន​ក្នុង​ការ​ប្រកួត​​ចុង​ក្រោយ​របស់​ប្រេស៊ីល​ក្នុង​ព្រឹត្តិ​ការណ៍ Copa America ក្នុង​ពេល​ដែល​ពួក​គេ​បាន​ធ្លាក់​ចេញ​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​យ៉ាង​​ខក​ចិត្ត​ក្រោម​​ស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​​​ប៉ា​រ៉ា​ហ្គាយ​។​

Robinho នឹង​ផ្ទេរ​ទៅ​កាន់​ប្រទេស​ចិន ក្រោយ​ពី​​ចាក​ចេញ​ពី​ក្លិប Santos របស់​ប្រេស៊ីល ដែល​ជា​កន្លែង​រូប​គេ​បាន​ចំណាយ​ពេល​កាល​ពី​រដូវ​កាល​មុន​ក្នុង​នាម​ជា​កីឡាករ​កម្ចី​ពី​ក្លិប​យក្ស​​អ៊ី​តាលី AC Milan​៕

Post a Comment

 
Top