GuidePedia

0
លោក Arsene Wenger ​អ្នក​ចាត់​ការ​ក្រុម Arsenal ​ធ្លាប់​បាន​ពិពណ៌នា Lionel Messi ​ថា​ដូច​ទៅ​នឹង​កីឡាករ​ម្នាក់​នៅ​ក្នុង​ហ្គេម​ (PlayStation ) អីចឹង​ដែល​គេ​អាច​បញ្ជា​ឱ្យ​ទៅ​ណា ធ្វើ​អ្វី​បាន​តាម​ចិត្ត​ដោយ​គ្មាន​នរណា​អាច​មក​ឃាត់ឃាំង​បាន។ (ត្រង់​នេះ​មាន​ន័យ​ថា​ Messi ​គឺ​ដូច​កីឡាករ​ក្នុង​ហ្គេម​ដែល​គេ​ដាក់​កូដ​រួច​ជា​ស្រេច)។


ចំណែក​ឯ​លោក Jorge Sampaoli ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឈីលី ​និង​មាន​ភារកិច្ច​ដឹក​នាំ​ក្រុម​នេះ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់ Copa America ​ជាមួយ​អាហ្សង់ទីន​នៅ​យប់​នេះ​ក៏​មាន​គំនិត​ដូច​ទៅ​នឹង​លោក Arsene Wenger ​ដែរ ពោល​គឺ Messi ​ជា​កីឡាករ​ដូច​នៅ​ក្នុង​ហ្គេម​អីចឹង។

ចំពោះ​គំនិត​នេះ លោក Jorge ​បាន​ប្រាប់​ពី​យុទ្ធសាស្ត្រ​បិទ​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ​ ដល់​កូន​ក្រុម​របស់​លោក​រួច​ជា​ស្រេច​ហើយ ដោយ​ឱ្យ​ពួកគេ​ចំណាយ​ពេល​២​ទៅ​៣​ម៉ោង​មុន​ប្រកួត​ដើម្បី​លេង​ហ្គេម PlayStation ហើយ​លោក​នឹង​ឈរ​ប្រាប់​ពី​ក្រោយ។

“យើង​បាន​រៀប​ប្រព័ន្ធ​បិទ​ Messi ​រួច​ហើយ ដោយ​បិទ​រូបគេ​ដូច​បិទ​កីឡាករ​នៅ​ក្នុង​ហ្គេម​អីចឹង។ កីឡាករ​ក្រុម​យើង​ទាំង​អស់​នឹង​ចំណាយ​ពេល​មើល​ការ​លេង​ហ្គេម PlayStation ។ ហើយ​យើង​នឹង​រៀប​ក្បួន ៤-៤-២ ​លេង​ជាមួយ​ក្រុម​ម្ខាង​ទៀត។ ពេល​នោះ software នឹង​បង្ហាញ​យើង​ពី​របៀប​បិទ​កីឡាករ​សំខាន់ ដែល​យើង​ត្រូវ​យក​មក​អនុវត្ត​​​ឱ្យ​បាន​ជាមួយ Messi ”។ គ្រូ​បង្វឹក​ឈីលី​បាន​បញ្ជាក់​បន្ថែម។

នៅ​ម៉ោង​៣​ទៀប​ភ្លឺ​យប់​នេះ ម្ចាស់​ផ្ទះ​ឈីលី​ដែល​មាន​មហិច្ឆតា​លើក​ពាន​ Copa America ​ក្នុង​ដី​ខ្លួន​ឯង​នឹង​ត្រូវ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ជាមួយ​ក្រុម​អាហ្សង់ទីន​ដែល​ពោរពេញ​ទៅ​ដោយ​កំពូល​កីឡាករ។ ចាំ​មើល​តើ​យុទ្ធសាស្ត្រ PlayStation ​របស់​ក្រុម​ឈីលី​អាច​មាន​ប្រសិទ្ធភាព​យក​ឈ្នះ​ក្រុម​ម្ចាស់​ជើង​ឯក​១៤​សម័យ​បាន​ដែរ​ឬ​ទេ?

Post a Comment

 
Top