GuidePedia

0
ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក Christian Benteke ​របស់​ក្លិប​ Aston Villa ​នឹង​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​ក្លិប​ Liverpool នៅ​ថ្ងៃ​ច័ន្ទ​នេះ​ហើយ បន្ទាប់​ពី​ក្លិប​ទាំង​២ បាន​ព្រមព្រៀង​តម្លៃ​គ្នា ៣២,៥​លាន​ផោន (ជាង​៥០​​លាន​ដុល្លារ)។


​ក្រុម​គ្រូ​ពេទ្យ​របស់​ក្លិប​ហង្ស​ក្រហម ​បាន​ត្រឡប់​ពី​ដំណើរ​ប្រកួត​ទេសចរណ៍​​ជាមួយ​ក្រុម​នៅ​អូស្ត្រាលី ​​ទៅ​កាន់​ប្រទេស​អង់គ្លេស​វិញ ​ដើម្បី​ពិនិត្យ​សុខភាព​ខ្សែ​ប្រយុទ្ធ Benteke ឲ្យ​ចប់​រួច​រាល់​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​តែ​ម្ដង។

​យ៉ាងណាក្ដី កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ​នឹង​មិន​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ក្នុង​ការ​ប្រកួត​មិត្តភាព​ទេ ដោយ​នឹង​​​នៅ​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​មួយ​ចំនួន​ទៀត​ នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​ Melwood​ ជាមួយ​នឹង​មិត្ត​រួម​ក្រុម​ថ្មី Roberto Firmino និង​ Philippe Coutinho ​ដែល​នឹង​​ត្រឡប់​ពី​ការ​​សម្រាក ក្រោយ​ប្រកួត​ Copa America ​បូក​រួម​ទាំង​ខ្សែ​ប្រយុទ្ធ Mario Balotelli ​ផង​ដែរ។

​Liverpool បាន​​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​រូប​នេះ បន្ទាប់​ពី​ទទួល​បាន​លុយ​ប្រមាណ​ ៤៩​លាន​ផោន ពី​ការ​លក់​ខ្សែ​បម្រើ​ Raheem Sterling ទៅ​ឲ្យ​ក្រុម​គូ​ប្រជែង​ Manchester City។

រដូវ​ក្ដៅ​នេះ Liverpool ចុះ​កិច្ចសន្យា​យក​​កីឡាករ​ថ្មី​បាន​៦​​នាក់​ហើយ ដែល​រួម​មាន Nathaniel Clyne, James Milner, Danny Ings, Adam Bogdan, Joe Gomez និង​ Roberto Firmino ដូច្នេះ​ Benteke នឹង​ក្លាយ​ជា​សមាជិក​ថ្មី​ទី​៧ របស់​ក្រុម​ហង្ស​ក្រហម។


Benteke ​បាន​ផ្ទេរ​ពី​ក្លិប​ Genk ​ទៅ​កាន់​ Aston កាល​ឆ្នាំ​២០១២ តម្លៃ​៧​លាន​ផោន​ និង​ស៊ុត​បាន​ ៤៩​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ១០១​ប្រកួត ប៉ុន្តែ​១២​ប្រកួត​ចុង​ក្រោយ​​រដូវ​កាល​មុន ខ្សែ​ប្រយុទ្ធ​រូប​នេះ ស៊ុត​បាន​ ១២​គ្រាប់៕

​ចង់​ដឹង Benteke ល្អ ឬ​អត់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

Post a Comment

 
Top